រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនឃើញមានសញ្ញាណាមួយដែលថា ក្រុមហាម៉ាស់នឹងធ្វើការវាយប្រហារទៅលើកងយោធាអាមេរិក ដែលកំពុងសាងសង់កំពង់ផែនៅក្បែរឆ្នេរសមុទ្រ Gaza ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌តាមនាវាមកកាន់តំបន់ហ្កាហ្សានោះឡើយ។
លោក Austin បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកថា៖ «ខ្ញុំមិនឃើញមានសញ្ញាណាមួយនាពេលថ្មីៗនេះដែលថាមានចេតនាណាមួយដើម្បីធ្វើការវាយប្រហារឡើយ»។
លោក Austin បានគូសបញ្ជាក់ថា មេបញ្ជាការកំពូលកងកម្លាំងសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោកឧត្តមសេនីយ៍ Erik Kurilla ដែលជាប្រធានទីបញ្ជាការដ្ឋាន CENTCOM របស់អាមេរិក បានដាក់ចេញនូវវិធានការអនុវត្តមួយចំនួនដល់កងកម្លាំងយោធាអាមេរិកដែលកំពុងសាងសង់កំពង់ផែនៅទីនោះ និងកំពុងជួយផ្តល់សុវត្ថិភាពដល់ការដឹកជញ្ជូនជំនួយផងដែរ។
លោក Austin បន្តទៀតថា៖ «សម្ព័ន្ធមិត្តរបស់យើងក៏កំពុងផ្តល់សន្តិសុខនៅក្នុងតំបន់នេះផងដែរ ហើយវាតម្រូវឱ្យយើងត្រូវតែបន្តការសហការជាមួយពួកគេយ៉ាងជិតស្និទ្ធ ដើម្បីធានាថាប្រសិនបើមានរឿងអ្វីមួយកើតឡើង កងយោធារបស់យើងនឹងត្រូវទទួលបានការការពារ»។
កំពង់ផែថ្មីដែលកំពុងសាងសង់នេះស្ថិតនៅភាគនិរតីក្បែរទីក្រុងហ្កាហ្សា។ កាលពីសប្តាហ៍មុនមានការវាយប្រហារដោយគ្រាប់ផ្លោងមួយ សំដៅទៅជិតទីតាំងនៃកំពង់ផែនោះ ប៉ុន្តែក្រុមមន្ត្រីនិយាយថា មិនបង្ករបួសស្នាមដល់នរណាម្នាក់ឡើយ។
លោក Bradley Bowman នាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលយោធានិងអំណាចនយោ បាយ នៅមូលនិធិការពារប្រជាធិបតេយ្យបានប្រាប់វីអូអេថា៖ «នេះជាឧប្បតិ្តហេតុមួយដែលរង់ចាំនឹងកើតឡើង»។
លោក Bowman ដែលជាអតីតទាហានជើងចាស់អាមេរិកមួយរូបផងដែរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់អ្នកដែលកំពុងត្រូវការជាខ្លាំងនោះ កំពុងទទួលបានការអបអរសារទរ ប៉ុន្តែការបារម្ភពីបញ្ហាសុន្តិសុខហាក់នៅតែជាកត្តាចម្បង ចាប់តាំងពីការចាប់ផ្តើមនៃបេសកកម្មសាងសង់កំពង់ផែរបស់អាមេរិកនេះមក ខណៈដែលផែនការមួយចំនួនទៀតកំពុងស្ថិតក្នុងការគិតគូរនៅឡើយ៕
វេទិកាបញ្ចេញមតិ