រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបង្ហាញនូវការតាំងចិត្តនៅថ្ងៃពុធនេះក្នុងការសម្រេចឱ្យបាននូវបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) ដែលក្នុងនោះរួមទាំងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា (Gaza) ផងដែរ និងបាននិយាយថា ហេតុផលតែមួយគត់ដែលគោលបំណងនេះមិនអាចសម្រេចបាន «គឺដោយសារតែក្រុមហាម៉ាស់»។
លោក Blinken បាននិយាយនៅពេលលោកជួបជាមួយនឹងប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog នៅក្នុងទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែលថា៖ «មានសំណើនៅលើតុ និងដូចដែលយើងបាននិយាយដូច្នេះដែរ គឺគ្មានការពន្យារពេល គ្មានការដោះសារនោះទេ។ ឥឡូវនេះគឺជាពេលដែលត្រូវធ្វើ»។
លោក Blinken បានបញ្ជាក់ថា ជំនួបនេះក៏នឹងរួមមានផងដែរនូវការពិភាក្សាអំពីជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា។
មន្ត្រីការទូតកំពូលអាមេរិករូបនេះបានអំពាវនាវម្ដងទៀតឱ្យក្រុមហាម៉ាស់ទទួលយកសំណើបទឈប់បាញ់ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលនៅក្នុងដំណើរទស្សនកិច្ចនោះ លោកបានឈប់សំចតផងដែរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសហ្ស៊កដានី។
លោក Herzog បាននិយាយថា ការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ឃុំ «គឺនិងគួរតែជាអាទិភាពកំពូលរបស់សហគមន៍អន្តរជាតិ»។
បន្ទាប់ពីជំនួបនោះ លោក Blinken បាននិយាយជាមួយនឹងក្រុមបាតុករនៅខាងក្រៅដែលកាន់បដានិងស្រែកបន្ទរពាក្យស្លោកអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា។
លោក Blinken បានប្រាប់ក្រុមបាតុករថា លោកបានជួបជាមួយនឹងក្រុមគ្រួសារចំណាប់ខ្មាំងនិងបានប្រាប់ពួកគេថា៖ «ការនាំមនុស្សជាទីស្រឡាញ់របស់ពួកគេត្រឡប់មកផ្ទះវិញគឺជាចំណុចស្នូលនៃអ្វីៗទាំងអស់ដែលយើងកំពុងព្យាយាមធ្វើ»។
គេជឿថា ក្រុមហាម៉ាស់នៅឃុំឃាំងចំណាប់ខ្មាំងប្រហែល ១០០ នាក់និងសាកសពចំណាប់ខ្មាំងប្រហែល ៣០ នាក់ទៀត បន្ទាប់ពីបានចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ដែលនៅក្នុងការវាយប្រហារនោះក្រុមនេះបានសម្លាប់មនុស្ស ១.២០០ នាក់។
ការវាយប្រហារតបតទៅវិញរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាបានសម្លាប់មនុស្សជាង ៣៤.៥០០ នាក់ ដែលពីរភាគបីក្នុងចំណោមនោះគឺជាស្ត្រីនិងកុមារ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា៕
អ្នកស្រី Cindy Saine អ្នករាយការណ៍ព័ត៌មានVOA រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
វេទិកាបញ្ចេញមតិ