ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ដាក់​ពង្រាយ​កងពល​តូច​បម្រុង​ទៅ​តំបន់​ហ្កាហ្សា


យោធា​អ៊ីស្រាអែលឈរក្បែរ​ព្រំដែន​ហ្កាហ្សា​និង​អុីស្រាអែល​នៅ​ភាគខាងត្បូង​អុីស្រាអែលកាលពី​ថ្ងៃទី១៥ មេសា ឆ្នាំ២០២៤។ (AP Photo/Ohad Zwigenberg)
យោធា​អ៊ីស្រាអែលឈរក្បែរ​ព្រំដែន​ហ្កាហ្សា​និង​អុីស្រាអែល​នៅ​ភាគខាងត្បូង​អុីស្រាអែលកាលពី​ថ្ងៃទី១៥ មេសា ឆ្នាំ២០២៤។ (AP Photo/Ohad Zwigenberg)

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​ទាហាន​កងពល​តូច​បម្រុង​ពីរ​កង​ទៅកាន់​តំបន់​ហ្កាហ្សា (Gaza)។ នេះ​គឺជា​វិធានការ​មួយ​ដែល​ធ្វើឡើង​នៅ​ចំ​ពេល​ដែល​អ៊ីស្រាអែល​ត្រៀម​លក្ខណៈ​វាយលុក​តាម​ផ្លូវគោក​ចូល​ក្នុង​ទីក្រុង Rafah នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា។

យោធា​អ៊ីស្រាអែល​បាន​បន្ថែម​ដោយ​មិន​ផ្ដល់​សេចក្ដី​លម្អិត​អំពី​ផែនការ​នេះ​ថា កងពលតូច​ទាំងនេះ​នឹង​អនុវត្ត «បេសកកម្ម​ការពារ​និង​កលយុទ្ធ»។
មន្ត្រី​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ការ​លុកលុយ​ចូល​ក្នុង​ទីក្រុង Rafah គឺ​ចាំបាច់​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោល​បំណង​នៃ​ការ​កម្ចាត់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas)។

សហរដ្ឋ​អាមេរិក អង្គការ​សហប្រជាជាតិ និង​ភាគី​ផ្សេង​ទៀត​បាន​បង្ហាញក្ដី​បារម្ភ​អំពី​ការ​លុកលុយ​តាម​ផ្លូវគោក​នេះ ដោយ​បាន​បញ្ជាក់​ថា​វា​អាច​ធ្វើឱ្យ​ទីក្រុង Rafah មាន​មហន្តរាយ​មនុស្សធម៌។ ប្រជាជន​ជាង​ពាក់​កណ្ដាល​នៃ​តំបន់​ហ្កាហ្សា​កំពុង​ជ្រកកោន​នៅ​ក្នុង​តំបន់​ទីក្រុង​នេះ ដោយ​ភាគច្រើន​នៃ​អ្នក​ទាំងនេះ​បាន​ភៀសខ្លួន​មកពី​ផ្នែក​ផ្សេងៗ​នៃ​តំបន់​ហ្កាហ្សា​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​និង​បទបញ្ជា​របស់​អ៊ីស្រាអែល​ឱ្យ​មាន​ការ​ជម្លៀស​ចេញ។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​លើ​គោលដៅ​ជាង ៥០ កន្លែង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ក្នុង​ពេល​មួយ​ថ្ងៃ​កន្លង​មក។

គេ​ក៏​ឃើញ​មាន​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ផងដែរ​លើ​ទីតាំង​របស់​ក្រុម​ហេសបូឡា (Hezbollah) នៅ​ភាគ​ខាងត្បូង​ប្រទេស​លីបង់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ឆ្លើយតប​ទៅ​នឹង​រលក​នៃ​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​របស់​ក្រុម​នេះ​ផងដែរ។ ក្រុម​ហេសបូឡា​នេះ​បាន​អះអាង​ថា​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​របស់​ខ្លួន​នេះ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ដែល​បាន​សម្លាប់​ជន​ស៊ីវិល​មួយ​ចំនួន​កាលពី​លើក​មុន។

សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ក្រុម​ហាម៉ាស់​និង​ក្រុម​ហេសបូឡា​នេះ​ថា​ជា​អង្គការ​ភេរវកម្ម៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG