លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃចន្ទនេះ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការពង្រឹងការទូត រវាងប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN)។
លោកស្រី ស៊ូជី ដែលបានក្លាយជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាតាំងពីឆ្នាំ ២០១៦ មកនោះ បានមកដល់រាជធានីភ្នំពេញនារសៀលថ្ងៃចន្ទនេះ និងគ្រោងចូលគាល់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី និងក្រុមមេដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា នៅថ្ងៃអង្គារសែ្អកនេះ។
ការមកបំពេញទស្សនកិច្ចនៅកម្ពុជារបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ កើតមានឡើងបន្ទាប់ពីលោកស្រីបានបញ្ចប់ទស្សនកិច្ច នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលមានការរៀបចំវេទិកាលើកទីពីរស្តីពី «ក្រវាត់ផ្លូវពាណិជ្ជកម្មចិន» ហៅកាត់ថា BRI។
លោកស្រីបានចូលរួមវេទិកាក្រវាត់ផ្លូវពាណិជ្ជកម្មចិននោះ និងបានជួបពិភាក្សាជាមួយក្រុមមេដឹកនាំបក្សកុម្មុយនីស្តីចិន និងលោកលី ខឺឈាង (Li Keqiang) នាយរដ្ឋមន្ត្រីប្រទេសចិនផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយរដ្ឋចិន Xinhua និងកាសែត Myanmar Times ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា។
តាមរបៀបវារៈដែល VOA បានទទួលនៅថ្ងៃចន្ទនេះ លោកស្រី ស៊ូជី គ្រោងជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាលោក សាយ ឈុំ លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជា។ លោកស្រីក៏គ្រោងទៅទស្សនាសួនឧទ្យានប្រាង្គប្រសាទដ៏ល្បីល្បាញរបស់កម្ពុជា នៅឯខេត្តសៀមរាប ដែលនៅគៀកនឹងប្រទេសថៃ។
តាមរបៀបវារៈដដែល គឺលោកស្រី ស៊ូជី គ្រោងទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ននៅថ្ងៃពុធ។ លោកស្រីនឹងធ្វើមាតុភូមិនិវត្តន៍ពីខេត្តសៀមរាប នៅថ្ងៃពុធដដែលនោះ។
ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា លោកស្រី អង់សាន ស៊ូជី នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌលព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រខ្មែរ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ បានសរសេរក្នុងន័យដើមថា៖
«ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ អង់សាន ស៊ូជី នៅព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខណ្ឌអាស៊ាន និងពហុភាគី»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទេ មកដល់ល្ងាចថ្ងៃចន្ទនេះ។
ក្រោយការឡើងកាន់អំណាចរបស់លោកស្រី ស៊ូជី បន្ទាប់ពីការបោះឆ្នោតជាតិនៅឆ្នាំ២០១៥ ភាពស្រងាកចិត្ត បានកើតមាននៅប្រទេសដែលមានភូមិផងរបងជាមួយចិន ដោយសារតែការព្រងើយកន្តើយរបស់លោកស្រីស៊ូជី ទៅនឹងអ្វីដែលគេចោទប្រកាន់ថា ជាការរើសអើងពូជសាសន៍ ផងដែរ។
អ្នកស្រីដែលត្រូវបានគេចាត់ទុកថា ជាភ្លើងបំភ្លឺផ្នែកសិទ្ធិមនុស្សក្នុងប្រទេសនេះ ហើយត្រូវបានគេផ្តល់តួនាទីឲ្យក្នុងជួររដ្ឋាភិបាលកាលពីឆ្នាំ២០១៦ ក្រោយពេលគណបក្សអ្នកស្រីបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនោះ អ្នកស្រីបន្តមិនមាត់មិនកអំពីប្រធានបទរឿងជនអំបូររ៉ូហ៊ីងយ៉ាទេ។ អ្នកស្រីបានថ្លែងការពារក្នុងបទសម្ភាសន៍កាលពីមុនមក ដោយបានច្រានចោលការចោទប្រកាន់ទាំងឡាយអំពីការបោសសម្អាតអំបូរជាតិសាសន៍៕