តុលាការកំពូលប្រទេសមីយ៉ាន់ម៉ាបានបដិសេធបណ្តឹងឧទ្ធរណ៍របស់អ្នកកាសែត Reuters ពីរនាក់ដែលត្រូវបានតុលាការកាត់ទោសក្រោមបទចោទថាបានរំលោភច្បាប់សម្ងាត់របស់ប្រទេស។
លោក Wa Lone និងលោក Kyaw Soe Oo បានចុះទៅយកព័ត៌មានអំពីយុទ្ធនាការឃោរឃៅរបស់ពួកយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhineដែលបានបណ្តាលឲ្យជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជិត៧សែននាក់រត់ភៀសខ្លួនឆ្លងព្រំដែនទៅប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាងកាលពីខែសីហាឆ្នាំ២០១៧។
ពួកគេទាំងពីរនាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែធ្នូឆ្នាំ២០១៧ បន្ទាប់ពីជួបជាមួយនឹងមន្ត្រីប៉ូលិសពីរនាក់នៅឯភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងរ៉ង់ហ្គូន និងត្រូវបានផ្តល់ឲ្យនូវឯកសារមួយចំនួនក្រោមការរៀបចំរបស់ប៉ូលិស។
អ្នកកាសែតទាំងពីរនាក់នេះបានស៊ើបអង្កេតអំពីការសម្លាប់រង្គាលលើជនជាតិរ៉ូហ៊ីងយ៉ា១០នាក់ដោយពួកប៉ូលិស និងទាហាននៅក្នុងភូមិ Inn Din។ កាលពីខែកញ្ញា ឆ្នាំមុនពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ។
តុលាការកំពូលមិនបានផ្តល់មូលហេតុលម្អិតនៃការបដិសេធលើបណ្តឹងឧទ្ធរណ៍របស់អ្នកកាសែតទាំងពីរនាក់នេះទេ។ មេធាវីរបស់អ្នកកាសែតទាំងពីរបាននិយាយថា ពួកគេត្រូវបានចាប់ខ្លួនក្រោមការរៀបចំរបស់ប៉ូលិស។
លោក Wa Lone និងលោក Kyaw Soe Oo បានទទួលពានរង្វាន់ Pulitzer Prize សម្រាប់ការរាយការណ៍អន្តរជាតិអំពីការសម្លាប់រង្គាលទៅលើជនជាតិរ៉ូហ៊ីងយ៉ា៕