ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប តែងតាំង​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​ ECCC ​ជា​ប្រធាន​​យន្តការ​ស៊ើបអង្កេត​ឯករាជ្យ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោក Nicholas Koumjian គឺជាសហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (Extraordinary Chambers in the Courts of Cambodia ឬ ​ECCC)។
រូបឯកសារ៖ លោក Nicholas Koumjian គឺជាសហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (Extraordinary Chambers in the Courts of Cambodia ឬ ​ECCC)។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Guterres ​កាល​ពី​សប្ដាហ៍​មុន បាន​ប្រកាស​តែង​តាំង​លោក នីកូឡាស កូមជាន (Nicholas Koumjian) សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​មាន​សញ្ជាតិ​អាមេរិកាំង ឱ្យ​ធ្វើ​ជា​ប្រធានយន្តការ​ស៊ើបអង្កេត​ឯករាជ្យ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២ ​ខែ​មេសា​ឆ្នាំ ​២០១៩។

យន្តការ​ស៊ើបអង្កេត​ឯករាជ្យ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​កញ្ញា​ ឆ្នាំ​ ២០១៨ និង​ត្រូវ​បាន​ស្វាគមន៍​ដោយ​មហាសន្និបាត​សហប្រជាជាតិ​នៅ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​ដដែល​នោះ។

សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ចំនួន​ឱ្យ​ដឹង​ថា យន្តការ​មួយ​នេះ​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ទៅ​លើ​អំពើ​ឃោរឃៅ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​ទៅ​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ និង​ជនជាតិ​អម្បូរ​ភាគតិច​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក នីកូឡាស កូមជាន នឹង​កាន់​តំណែង​ជា​ប្រធាន​ដំបូង​គេ​នៃ​បេសកកម្ម​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​នេះ។

លោក នីកូឡាស កូមជាន ដែល​មាន​បទពិសោធន៍​ជាង​ ៣៥ ​ឆ្នាំ​ ក្នុង​មុខ​តំណែង​ជា​រដ្ឋ​អាជ្ញា​ បាន​បំពេញ​តួនាទី​ជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (Extraordinary Chambers in the Courts of Cambodia ឬ ​ECCC)​ ​ដែល​គេ​ហៅ​ជា​ទូទៅ​ថា​សាលា​ក្ដី​ខ្មែរ​ក្រហម តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៣ ​មក។

ដោយ​មាន​បទពិសោធន៍​ជិត​ ២០ ​ឆ្នាំ ​ក្នុង​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ លោក នីកូឡាស កូមជាន​ ធ្លាប់​ធ្វើ​ជា​មេធាវី​កាត់​ក្ដី​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី ​និង​តុលាការ​រដ្ឋ​នៃ​ប្រទេស​បូស្នៀ​ (Bosnia) និង​ហឺហ្សឺហ្គោវីណា ​(Herzegovina)​ ផង​ដែរ។​ នេះ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

លោក កូមជាន មាន​សញ្ញាប័ត្រ​ច្បាប់(Juris Doctorate) ​ពី​សាកលវិទ្យាល័យ North Carolina និង​សញ្ញាប័ត្រ​ MBA ពី​សកលវិទ្យាល័យ California ក្នុង​ក្រុង​ Los Angeles សហរដ្ឋ​អាមេរិក ជា​ទីក្រុង​ដែល​លោក​ធ្លាប់​ធ្វើ​ការ​ជា​រដ្ឋអាជ្ញា​នៅ​ទី​នោះ​អស់​រយៈពេល ២០​ ឆ្នាំ មុន​ពេល​លោក​ចូល​ប្រឡូក​ក្នុង​ឆាក​អន្តរជាតិ។ នេះ​បើ​ផ្អែក​តាម​សាលាក្ដី​ខ្មែរ​ក្រហម៕

XS
SM
MD
LG