អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានទាមទារថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវចាត់វិធានការដើម្បីដាក់ទោសនិងទប់ស្កាត់សកម្មភាពរបស់អ៊ីរ៉ង់ ក្រោយពីប្រទេសនេះបានវាយប្រហារដែលមិនធ្លាប់មានក្នុងពេលកន្លង ទៅលើប្រទេសខ្លួនដែលអ៊ីរ៉ង់និយាយថា ជាការសងសឹក ទៅលើការវាយប្រហារដ៏សង្ស័យមួយរបស់អ៊ីស្រាអែលទៅលើស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីកាលដើមខែមេសាកន្លងទៅ។
អ៊ីស្រាអែលបានស្នើសុំឱ្យកោះប្រជុំជាបន្ទាន់មួយ ក្រោយពីមានការវាយប្រហារដោយផ្ទាល់មួយមកលើទឹកដីខ្លួនពីសំណាក់អ៊ីរ៉ង ដែលខ្លួននិយាយថារួមមានដ្រូនបំពាក់អាវុធចំនួន ១៧០គ្រឿង មីស៊ីលបាល្លីស្ទិក ១២០គ្រាប់ និងមីស៊ីលស្វ័យនាំផ្លូវ ៣០គ្រាប់។ អ៊ីស្រាអែលនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន រួមជាមួយប្រព័ន្ធការពារអាកាសរបស់អាមេរិកនិងសម្ព័ន្ធផ្សេងទៀតបានបាញ់ទម្លាក់ដ្រូននិងគ្រាប់មីស៊ីលរបស់អ៊ីរ៉ងទាំងនោះចំនួន ៩៩ភាគរយ។
បេសកជនអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ លោក Gilad Erdan បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមិនស្តាប់តាមការព្រមានរបស់ខ្លួនលើប្រទេសអ៊ីរ៉ង់អស់ពេលជាច្រើនឆ្នាំមកហើយ។ លោកនិយាយថា សហគមន៍អន្តរជាតិធ្វើមិនដឹងមិនឮពីការរីកចម្រើនទៅមុខនៃរបប «Shiite Islamist Reich» ក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែនៅពេលមានការវាយប្រហារដោយផ្ទាល់របស់របបអ៊ីរ៉ង់លើអ៊ីស្រាអែលនៅពេលនេះ ទើបដឹងថាវាជាការពិតដែលបង្ហាញឱ្យឃើញមែន។
បេសកជនអ៊ីរ៉ង់និយាយនៅអង្គការសហប្រជាជាតិនិយាយថា គេគ្មានជម្រើសណាផ្សេងក្រៅពីការប្រើសិទ្ធិដើម្បីការពារខ្លួននោះឡើយ ក្រោយពីមានការវាយប្រហារលើស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសាកន្លងទៅ ហើយក្រុមប្រឹក្សាសន្តិសុខមិនបានថ្កោលទោសការវាយប្រហារនោះជាផ្លូវការឡើយ។
អ្នកការទូតមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និយាយថា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានរាំងខ្ទប់ការថ្កោលទោសក្នុងការវាយប្រហារកាលពីថ្ងៃទី១មេសានោះ ពីព្រោះគេនៅមានចម្ងល់អំពីថា តើបរិវេណស្ថានទូតរបស់អ៊ីរ៉ង់នោះត្រូវបានប្រើប្រាស់ធ្វើជាកន្លែងវាយប្រហារជាសម្ងាត់ឬយ៉ាងណានោះ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាបានធ្វើការវាយប្រហារមួយចំនួន ការលបធ្វើឃាត និងការវាយប្រហារលើប្រព័ន្ធអ៊ីនធឺណិតលើប្រទេសអ៊ីរ៉ង់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ ដែលភាគច្រើនសំដៅលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រទេសអ៊ីស្រាអែលមិនដែលបញ្ជាក់ជាសាធារណៈពីសកម្មភាពរបស់ខ្លួនទាំងនោះឡើយ៕
វេទិកាបញ្ចេញមតិ