ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បញ្ជាក់​ជាថ្មី​អំពី​ការ​គាំទ្រ​អ៊ីស្រាអែល ក្រោយ​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់


ប្រធានាធិបតី​អាមេរិក​លោក Joe Biden ទើបមកដល់​មូលដ្ឋានទ័ពអាកាសជាតិ Delaware នៅទីក្រុង New Castle រដ្ឋ Delaware កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ (រូបថត AP)
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ទើបមកដល់​មូលដ្ឋានទ័ពអាកាសជាតិ Delaware នៅទីក្រុង New Castle រដ្ឋ Delaware កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ (រូបថត AP)

ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​សៅរ៍​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីរ៉ង់​លើ​អ៊ីស្រាអែល និង​បាន​និយាយ​ថា សព្វាវុធ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​បាន​ជួយ​បាញ់​ទម្លាក់ «ដ្រូន​និង​មីស៊ីល​ស្ទើរតែ​ទាំងអស់​ដែល​បាញ់​ចូល​មក» សំដៅ​លើ​អ៊ីស្រាអែល។ នេះ​គឺជា​ការ​វាយ​ប្រហារ​ដែល​គំរាម​បង្ក​ឱ្យ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​រយៈពេល ៦ ខែ​កន្លង​មក​កាន់តែ​រីក​ធំ​ឡើង​បន្ថែម​ទៀត។

លោក Biden បាន​បញ្ជាក់​ថា លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ដើម្បី «បញ្ជាក់​ជាថ្មី​អំពី​ការ​តាំងចិត្ត​ដ៏​មុតមាំ​របស់​អាមេរិក​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល»។

លោក Biden បាន​បន្ថែម​ថា លោក​នឹង​កោះ​ប្រជុំ​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 ដើម្បី «សម្របសម្រួល​នូវ​ការ​ឆ្លើយតប​បែប​ការទូត​រួមគ្នា​ចំពោះ​ការ​វាយប្រហារ​ដ៏​គឃ្លើន​ឥត​អៀនខ្មាស់​របស់​អ៊ីរ៉ង់»។

លោក​បាន​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ក្រុម​របស់​ខ្ញុំ​នឹង​ធ្វើការ​ជាមួយ​សមភាគី​របស់​ខ្លួន​នៅ​ទូទាំង​តំបន់។ យើង​នឹង​ទាក់ទង​ជាប់លាប់​ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល។ ហើយ​បើ​ទោះបីជា​យើង​មិន​បាន​ឃើញ​មាន​ការ​វាយប្រហារ​ណាមួយ​លើ​កងកម្លាំង​ឬ​ទីតាំង​នានា​របស់​យើង​នៅ​ថ្ងៃនេះ​ក៏ដោយ ក៏​យើង​នឹង​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​សញ្ញាណ​គ្រោះថ្នាក់​ទាំងឡាយ ហើយ​ក៏​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ប្រើ​គ្រប់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​ពលរដ្ឋ​របស់​យើង​ដែរ»។

លោក Biden បាន​ប្រញាប់​ត្រឡប់​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ចូលរួម​ក្នុង​ការប្រជុំ​បន្ទាន់​មួយ បន្ទាប់ពី​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​និង​ដ្រូន​ប្រមាណ ២០០ គ្រាប់​ដាក់​អ៊ីស្រាអែល។

ការ​វាយប្រហារ​នេះ​បាន​រង​ការ​ថ្កោលទោស​ពី​សម្ព័ន្ធមិត្ត​របស់​អាមេរិក​និង​មន្ត្រី​មនុស្សធម៌។

មន្ត្រី​អ៊ីរ៉ង់​ធ្លាប់​បាន​សច្ចា​ថា​នឹង​សងសឹក​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​ថ្ងៃ​ទី ១ មេសា​របស់​អ៊ីស្រាអែល​លើ​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ដាម៉ាស​នៃ​ប្រទេស​ស៊ីរី។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ថា កងទ័ព​អាមេរិក​នៅ​មជ្ឈិមបូព៌ា «បាន​បាញ់​ទម្លាក់​មីស៊ីល​និង​ដ្រូន​រាប់​សិប​គ្រឿង​ដែល​បាញ់​សំដៅ​ដាក់​អ៊ីស្រាអែល​ចេញពី​អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និង​យេម៉ែន»។

លោក Austin បាន​បញ្ជាក់​ថា៖ «យើង​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ណាមួយ ដែល​ក្នុង​នោះ​រួមទាំង​កង​កម្លាំង​កូនអុក​របស់​ខ្លួន​ផងដែរ ដើម្បី​បន្ថយ​ភាព​តានតឹង។ យើង​មិន​ចង់​មាន​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ទេ ប៉ុន្តែ​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ចាត់​វិធានការ​ដើម្បី​ការពារ​កងទ័ព​របស់​យើង​និង​គាំទ្រ​ការ​ការពារ​ជាតិ​របស់​អ៊ីស្រាអែល​នោះឡើយ»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ក៏​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ​ផងដែរ ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អរិភាព​នានា។

លោក Guterres បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ពិតជា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​គ្រោះថ្នាក់​ដ៏​ពិត​ប្រាកដ​នៃ​ការ​រីក​រាលដាល​ដ៏​មហន្តរាយ​នៅ​ទូទាំង​តំបន់ [មជ្ឈិមបូព៌ា]។ ខ្ញុំ​ជំរុញ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​សកម្មភាព​ណា​មួយ​ដែល​អាច​នាំឱ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា​ដ៏​ធំ​នៅ​កន្លែង​ជាច្រើន​នៅ​មជ្ឈិមបូព៌ា»៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG