ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ហៅ​វិធី​ដែល​លោក Netanyahu ប្រើ​ក្នុង​សង្គ្រាម​នៅ​ហ្កាហ្សា​ថា​ជា «កំហុស»


ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន ផ្តល់ការអធិស្ឋានពេលព្រឹកពិសេសមួយ ដើម្បីចាប់ផ្តើមពិធីបុណ្យ Eid al-Fitr ដែលជាការបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន នៅខាងក្រៅវិហារអ៊ីស្លាមដែលត្រូវបានបំផ្លាញនៅក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ចំពេលមានជម្លោះដែលកំពុងបន្ត។
ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន ផ្តល់ការអធិស្ឋានពេលព្រឹកពិសេសមួយ ដើម្បីចាប់ផ្តើមពិធីបុណ្យ Eid al-Fitr ដែលជាការបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន នៅខាងក្រៅវិហារអ៊ីស្លាមដែលត្រូវបានបំផ្លាញនៅក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ចំពេលមានជម្លោះដែលកំពុងបន្ត។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ចាក់ផ្សាយ​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​មិន​យល់ស្រប​ចំពោះ​វិធីសាស្ត្រ​ដែល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ប្រើ​ក្នុង​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នោះទេ និង​ថា​អ៊ីស្រាអែល​គួរតែ​អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌។

បណ្តាញ​ផ្សាយ​ព័ត៌មាន Univision ជា​ភាសា​អេស្ប៉ាញ​បាន​សម្ភាសន៍​លោក Biden កាលពី​ថ្ងៃ​ទី ៣ ខែ​មេសា ក្នុង​ពេល​ពីរ​ថ្ងៃ​ក្រោយមក​បន្ទាប់ពី​ការ​វាយប្រហារ​មួយ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​បុគ្គលិក​អង្គការ​ផ្តល់​ជំនួយ World Central Kitchenចំនួន ៧ នាក់​នៅក្នុង​តំបន់​ហ្កាហ្សា (Gaza)។

លោក Biden បាន​បញ្ជាក់​ថា គ្មាន​លេស​ដែល​ថា​មិន​អាច​ផ្តល់​អាហារ​និង​ជំនួយ​ថ្នាំពេទ្យ​ដល់​ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា​នោះទេ និង​ថា​កិច្ច​ប្រឹងប្រែង​ទាំងនោះ «គួរតែ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ»។

លោក Biden បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​ស្នើ​គឺ​សុំ​ឱ្យ​អ៊ីស្រាអែល​គ្រាន់តែ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់បាញ់គ្នា​មួយ​និង​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​ទាំងស្រុង​ចូល​ទៅ​ទីនោះ​នៅ​ក្នុង​រយៈពេល ៦ ទៅ ៨ សប្ដាហ៍​ខាងមុខ​នេះ​តែ​ប៉ុណ្ណោះ»។

លោក Biden បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​ភាគី​ទាំងអស់​តាំងពី​អារ៉ាប៊ីសាអូឌីត​រហូត​ដល់​ស៊ូដង់ និង​អេហ្ស៊ីប។ ពួកគេ​ត្រៀម​រួចរាល់​ហើយ​ដើម្បី​បញ្ជូន​ជំនួយ​ចូល»។

សេតវិមាន​បាន​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា លោក Biden បាន​លើកឡើង​ស្រដៀង​គ្នា​នេះ​ពេល​លោក​និយាយ​ជាមួយ​លោក Netanyahu តាម​ទូរស័ព្ទ ដោយ​សង្កត់ធ្ងន់​ថា​ស្ថានការណ៍​មនុស្សធម៌​នៅ​ហ្កាហ្សា «មិន​អាច​ទទួល​យក​បានទេ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG