រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទៀ បាញ់ បានផ្តល់កត់សម្គាល់អំពីភាពតានតឹង និងបញ្ហាប្រឈមនានាដែលកំពុងរួតរឹតពិភពលោក ដែលរួមមានការការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ និងបញ្ហាសន្តិសុខ ក្នុងតំបន់ និងពិភពលោកដែលស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយដែលតម្រូវឲ្យមានការឆ្លើយតបជាបន្ទាន់ពីភាគីពាក់ព័ន្ធក្នុងការថែរក្សា ស្ថិរភាពក្នុងតំបន់ និងសកលលោកទាំងមូល។
ការកត់សម្គាល់របស់លោកទៀ បាញ់ កើតមានឡើងនៅពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅក្នុងខេត្តសៀមរាប ដោយមានវត្តមានពីរដ្ឋមន្ត្រីនិងមន្ត្រីការពារជាតិក្នុងប្លុកអាស៊ាន និងប្រទេសដៃគូអាស៊ានរួមមានសហរដ្ឋអាមេរិក ចិន ឥណ្ឌា អូស្រ្តាលី និងជប៉ុន។
មុនពេលប្រកាសបើកកិច្ចប្រជុំផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ កាលពីព្រឹកថ្ងៃពុធនេះ លោក ទៀ បាញ់ លើកឡើងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីថ្ងៃអង្គារថា ស្ថានភាពសន្តិសុខតំបន់ និងពិភពលោកក៏កំពុងស្ថិត ក្នុង «ភាពផុយស្រួយ» នៅពេលវិបត្តិមួយចំនួនមិនទាន់ត្រូវបានដោះស្រាយ តួយ៉ាងការអូសបន្លាយនៃ សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច និងបញ្ហានុយក្លេអ៊ែនៅកូរ៉េខាងជើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
នៅថ្ងៃពុធនេះ លោកទៀ បាញ់ បានសង្កត់ធ្ងន់ ថា បញ្ហាប្រឈមថ្មីៗកំពុងបង្កការគំរាមដល់សន្តិសុខ និងវឌ្ឍនភាព ក្នុងតំបន់ និងសកលលោក ដែលភាគីពាក់ព័ន្ធ ត្រូវរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
លោកបន្ថែមថា៖«ពិតណាស់បញ្ហាប្រឈមថ្មីៗ ដែលកំពុងកើតមានកំពុងបង្កជាការគំរាមកំហែងដ៏ស្រួចស្រាល់ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពដើម្បីធានា ដល់សន្តិភាពស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់»។
បើតាមលោកទៀ បាញ់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ឬហៅកាត់ថា ADMM បូកនេះ គឺជាវេទិកានៃការពិគ្រោះយោបល់ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិ ដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងបរិយាកាសប្រកបដោយក្តីព្រួយបារម្ភ។
អ្នកវិភាគនយោបាយលោកសេង សារី យល់ថា ក្នុងស្ថានភាពដែលសកលលោកកំពុង ប្រឈមនឹងភាពស្មុគស្មាញដែលរួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយយ៉ាងតានតឹងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិននោះ កម្ពុជាត្រូវដើរតាមរដ្ឋធម្មនុញ្ញខ្លួនឯងនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងធម្មនុញ្ញអាស៊ាន ដើម្បីបញ្ចៀសការធ្លាក់ខ្លួនក្លាយទៅជាឈ្នាន់នយោបាយរបស់មហាអំណាចមួយសាជាថ្មីទៀត។
លោកនិយាយថា៖«សរុបជារួមមកវិញសម្រាប់ខ្ញុំ ខ្ញុំគិតថា នៅពេលដែលរដ្ឋាភិបាល ផ្អែកលើឯកសារគតិយុត្តិទាំងពីរនេះ ហើយរួមជាមួយនឹងធម្មនុញ្ញអាស៊ាន ដែលកម្ពុជាជាសមាជិកស្រាប់ហ្នឹង ខ្ញុំគិតថា កម្ពុជាអាចនឹងចៀសផុតពីទ្រនាប់នៃការប្រកួតប្រជែងអំណាច ឬក៏ជាកតាលីករនៃការប្រកួតប្រជែងអំណាចរបស់មហាអំណាចអាមេរិកមហាអំណាចចិន»។
ដោយឡែក អំឡុងពេលវត្តមានក្នុងទីក្រុងសៀមរាប រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានពិភាក្សអំពីសារសំខាន់នៃការការបន្ថយហានិភ័យខាងយុទ្ធសាស្ត្រ ការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយទំនាក់ទំនងគ្នាអំឡុងពេលមានវិបត្តិ និងការពង្រឹងកិច្ចប្រតិបត្តិការដែលមានសុវត្ថិភាព នៅក្នុងការជួបទល់មុខជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោកឧត្ដមសេនីយ៍ Wei Fengheកាលពីថ្ងៃអង្គារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកPat Ryderចេញផ្សាយជាសាធារណៈក្រោយជំនួបនោះ។
នៅក្នុងជំនួបដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងអំពីក្តីបារម្ភចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលអាចបង្កើនហានិភ័យនៃការបង្កគ្រោះថ្នាក់៕
លោក ហ៊ុល រស្មី រួមចំណែកក្នុងការធ្វើសេចក្តីរាយការណ៍នេះ។