យ៉ាងតិចមានមនុស្ស៩៥នាក់ត្រូវសម្លាប់ក្នុងតំបន់ភាគកណ្តាលប្រទេសម៉ាលី កាលពីថ្ងៃចន្ទ នៅពេលដែលក្រុមប្រដាប់អាវុធបានវាយប្រហារភូមិមួយនៅរំលងអាធ្រាត ដោយបានបាញ់ប្រហារពលរដ្ឋ និងដុតផ្ទះសម្បែងជាច្រើនខ្នង។
អ្នកសារព័ត៌មានប្រចាំតំបន់ម្នាក់ បានប្រាប់ VOA ភាសាអាហ្វ្រិកនិយាយភាសាបារាំង ថា ការវាយប្រហារនោះ ផ្តោតលើភូមិ សូបាណេទូ (Sobanetou) នៅជិតទីប្រជុំជន ទីក្រុងម៉បទី (Mopti)។ អ្នកកាសែតដដែលបាននិយាយថា ចំនួនមនុស្សស្លាប់អាចកើន ដល់ទៅជាង១០០នាក់។
របាយការណ៍បឋមៗ បាននិយាយថា ភូមិដែលភាគច្រើនជនជាតិដើមភាគតិច ដូហ្គុង (Dogon) រស់នៅនោះ ទំនងជាត្រូវរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធជនជាតិដើម ភាគតិច ហ្វូឡានី (Fulani)។
ភាពតានតឹងបានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយរវាងកសិករ ដូហ្គុង និង ហ្វ៊ូឡានីដែលប្រកបមុខរបរចញ្ចឹមសត្វនោះ។
កាលពីថ្ងៃទី២៣ ខែមិនា មានជនជាតិភាគតិច ហ្វ៊ូឡានី ប្រមាណ១៦០នាក់ ត្រូវគេ សម្លាប់នៅពេលក្រុមខ្មាន់កាំភ្លើងជាច្រើន បានវាយប្រហារភូមិ អូហ្គុះស្សាហ្គូ (Ogossagou) នៅក្នុងតំបន់តែមួយ។ ជនជាតិដើមភាគតិច ដូហ្គុងរងការចោទប្រកាន់ ពីការវាយប្រហារនោះ៕