ក្រុមសកម្មប្រយុទ្ធបានវាយប្រហារមូលដ្ឋានកម្លាំងអ.ស.បនៅភាគខាងជើងប្រទេសម៉ាលី ដោយបាញ់គ្រាប់ផ្លោង ដែលបានសម្លាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ២នាក់ និងបុគ្គលិកស៊ីវិលជាប់កិច្ចសន្យាម្នាក់ទៀត។ នេះបើយោងតាមមន្ត្រីអ.ស.ប។
អ្នកនាំពាក្យនៃបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប បាននិយាយថា មានមនុស្សយ៉ាងហោចណាស់៤នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារកាលពីព្រលឹងស្រាងៗនៅថ្ងៃសៅរ៍នេះក្នុងក្រុង Kidal ។
មិនទាន់មាននរណា អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ការវាយប្រហារថ្មីនេះកើតឡើងបន្ទាប់ពីការវាយប្រហាររបស់ជីវពលមួយកាលពីថ្ងៃអាទិត្យទៅលើសណ្ឋាគារប្រណីតមួយក្នុងក្រុង Bamako ដែលបានសម្លាប់មនុស្សអស់១៩នាក់។
ក្រុមសកម្មប្រយុទ្ធអាហ្វ្រិកខាងលិចពីរក្រុម គឺក្រុមជីវពលឥស្លាមមួយឈ្មោះ al-Qaida in the Islamic Maghreb និងសម្ព័ន្ធមិត្តរបស់ក្រុមនេះ គឺក្រុម al-Mourabitoun បានអះអាងទទួលខុសត្រូវរួមគ្នាចំពោះការវាយប្រហារកាលពីថ្ងៃទី២០ ខែវិច្ឆិកា ទៅលើសណ្ឋាគារ Radisson Blu ។
កងកម្លាំងពិសេសនៅក្នុងប្រទេសម៉ាលីកាលពីថ្ងៃសុក្របានចាប់ខ្លួនបុរសពីរនាក់ ដែលជាប់ទាក់ទិននឹងការវាយប្រហារទៅលើសណ្ឋាគារនោះ៕