ប្រទេសម៉ាលីបានចាប់ផ្តើមធ្វើការកាន់ទុក្ខរយៈពេលបីថ្ងៃ នៅថ្ងៃច័ន្ទនេះ ចំពោះជនរងគ្រោះទាំង១៩នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ក្នុងការវាយប្រហារនៅសណ្ឋាគារដ៏ប្រណិតមួយក្នុងរដ្ឋធានីបាម៉ាកូ (Bamako)។
ប្រទេសជិតខាងដូចជាប្រទេសសេណេហ្កាល់ (Senegal) ម៉ូរីតានី( Mauritania) និងប្រទេសហ្គីណេ (Guinea) ក៏កំពុងចូលរួមរំលែកទុក្ខដែរ។
ខ្មាន់កាំភ្លើង២នាក់ត្រូវបានសម្លាប់ ហើយអាជ្ញាធរម៉ាលីកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យយ៉ាងហោចណាស់ចំនួន៣នាក់ ដែលគេជឿថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។
មន្រ្តីប៉ូលិសម្នាក់បាននិយាយថា អ្នកស៊ើបអង្កេតកំពុងតែតាមដានតម្រុយមួយចំនួនលើករណីនេះហើយបានរកឃើញមកវិញនៅភស្តុតាងក្នុងសណ្ឋាគារពីការឡោមព័ទ្ធរយៈពេលជាង៧ម៉ោងនោះ។
អ្នកតំណាងរបស់ក្រុមបំបែកខ្លួននៅប្រទេសម៉ាលីភាគខាងជើងបាននិយាយថា ការវាយប្រហារទៅលើសណ្ឋាគារនោះ គឺជាការប៉ុនប៉ងធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពងាយនឹងប្រេះស្រាំរបស់ខ្លួនដែលបានចុះហត្ថលេខាកាលពីខែមិថុនាជាមួយនឹងរដ្ឋាភិបាលបាម៉ាកូកាន់តែមានភាពប្រេះឆា។
ក្រុមសកម្មប្រយុទ្ធចំនួន២នៅអាហ្រ្វិកខាងលិច ដែលជាពួក al-Qaida ក្នុងក្រុម Islamic Maghreb (AQIM) និងសម្ព័ន្ធមិត្តឈ្មោះ El Mourabitoune បានអះអាងទទួលខុសត្រូវរួមគ្នាលើការវាយប្រហារនេះ។ មន្រ្តីក្រសួងការពារជាតិម្នាក់របស់សហរដ្ឋអាមេរិកបាន ថ្លែងថាពួក AQIM ជាក្រុមសង្ស័យនាំមុខគេ ក្នុងការវាយប្រហារនោះ៕