ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នងការ​ខេត្ត​ព្រះសីហនុ​អះអាង​ថា​កំណើន​ជនជាតិ​ចិន​មិន​បាន​បង្ក​បញ្ហា​អវិជ្ជមាន​នោះ​ទេ


លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ ផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន នៅក្រោយបិទបញ្ចប់មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)
លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ ផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន នៅក្រោយបិទបញ្ចប់មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

ការ​អះអាង​នេះ​កើត​មាន​បន្ទាប់​ពី​អភិបាល​ខេត្ត​ព្រះសីហនុ​ធ្វើ​សេចក្តី​រាយការណ៍​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​អំពី​ផល​ប៉ះពាល់​នៃ​កំណើន​ជនជាតិ​ចិន​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ ជួន ណារិន្ទ​ នៅ​ថ្ងៃ​អង្គារ ​ច្រានចោល​ការ​រិះគន់​ដែល​ថា​ កំណើន​ជនជាតិ​ចិន​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយនេះ​ ​បាន​បង្ក​ភាព​អសន្តិសុខ។​ លោក​ អះអាង​ថា​ ​ជនបរទេស​ដែលភាគ​ច្រើន​ជា​ជនជាតិចិនទាំង​នោះ​ ​មិន​បាន​បង្កផលប៉ះពាល់អវិជ្ជមាន​ធ្ងន់ធ្ងរ​ណា​មួយ​នោះ​ទេ។

ការ​អះអាងរបស់​ឧត្តមសេនីយ៍​ទោ​ ជួន ណារិន្ទ​ ធ្វើឡើងប៉ុន្មាន​ថ្ងៃ​ ​បន្ទាប់​ពីលោក​ ​យន្ត មីន​ ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ​កាលពី​ចុង​ខែ​មករា​ ​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ដោយបញ្ជាក់ថា​ ​កំណើន​ជន​បរទេសដែលភាគ​ច្រើនជា​ជនជាតិ​ចិនក្នុងខេត្តព្រះ​សីហនុ​ ​កំពុងធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ​ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​ខុស​ច្បាប់។

ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក។ (ស៊ុន ណារិន/VOA)
ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក។ (ស៊ុន ណារិន/VOA)

ថ្លែង​ប្រាប់​ VOA​ ក្រោយ​ចេញពី​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​មហាផ្ទៃ​នា​ល្ងាច​ថ្ងៃ​អង្គារ​ ​លោក​ ​ជួន ណារិន​ ​មាន​ប្រសាសន៍​ថា​ ​លោក​មិនបាន​ដឹង​ពីរបាយការណ៍​របស់​លោក​ ​យន្ត មីន​ ​នៅ​ឡើយ។​ លោក​បន្ត​ថា ការ​លើក​ឡើង​ពី​ផល​ប៉ះពាល់បង្ក​ដោយ​ជន​បរទេស​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិនក្នុង​ខេត្តព្រះ​សីហនុ​ ​គឺ​ជា​ពាក្យ​ចចាម​អារ៉ាមរបស់​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។​

លោក​ ​ជួន ណារិន្ទ​ ​បន្ថែម​ថា​ ​ជន​បរទេស​ទាំង​នោះ​ ​គ្រាន់​តែ​បាន​ប្រព្រឹត្តបញ្ហា​តូចតាច​ ​មិន​មាន​ផល​អវិជ្ជមានធ្ងន់ធ្ងរ​ណា​មួយ​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។​

លោក​ឧត្តមសេនីយ៍​ទោ​ ជួន ណារិន្ទ ​បញ្ជាក់​ថា៖​

«ផល​ដែល​វិជ្ជមាន​ដែល​ខ្ញុំ​ទទួល ខ្ញុំ​ជា​សមត្ថកិច្ច​នគរបាល​ ​ទី១​សន្តិសុខ​ដូច​អត់​ពាក់ព័ន្ធ​អី​ទេ។ ធម្មតា គ្រាន់តែ​ទាស់ទែង​គ្នា​តិច​តួចៗ​រវាង​គាត់ និង​គាត់​ហ្នឹង​ ​យើង​មក​អប់រំ​ ​ផ្សះ​ផ្សារ​ ​ហើយ​ពន្យល់​ពី​ផ្លូវ​ច្បាប់គាត់។​ ​អញ្ចឹង​គាត់​គោរព​ស្នងការ​ណាស់​ ​ខាង​សមត្ថកិច្ច។​ ​អញ្ចឹង​យើង​ណែនាំ​អំពី​ផ្លូវ​ច្បាប់។ ទី២​ ​ការ​បើកបរ​ ​វា​ចំនួន​តូច​ ​តែ​ឥលូវ​យើង​រឹត​បន្តឹង​ច្បាប់​អំពី​អ្នក​ដែល​គ្មាន​ប័ណ្ណ​បើកបរ​ ​មិន​អាច​កាន់​ដៃ​ចង្កូត​បាន​ទេ។​ ​សូម្បីតែខ្មែរ​យើង​ក៏​បើក​លឿនៗ​ដែរ គ្រប់​សមាសភាព។​ ​អញ្ចឹង​ទេ​យើង​កាត់​បន្ថយ​ទាំង​អស់​ ​រួម​ ​និយាយ​ឲ្យ​ចំ​ទៅ​គោរព​ច្បាប់​ ​មិន​ប្រកាន់​ពូជសាសន៍​ ​ពណ៌​សម្បុរ​ទេ»។​

លោក​ ​ជួន ណារិន្ទ​ ​បន្ថែម​ថា​ ​នគរបាល​ខេត្តបាន​ពង្រាយ​កម្លាំងឃ្លាំមើល​ និង​បង្កើន​ការ​ការពារអ្នក​វិនិយោគិន និង​ជនបរទេស​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​សន្តិសុខ​ល្អ។

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីលោក​ ​យន្ត មីន​ ​អភិបាល​ខេត្ត​ព្រះ​សីហនុ​បានទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។

​បើ​តាម​របាយការណ៍​របស់​លោក​ ​យន្ត មីន​ ​អភិបាល​ខេត្ត​ព្រះសីហនុ​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចេញកាល​ពី​ថ្ងៃទី២៤ ​ខែ​មករា​ កន្លង​ទៅ​ ​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​មាន​ភ្ញៀវ​ទេសចរណ៍​និង​វិនិយោគិន​ជា​ជនបរទេស​យ៉ាង​ច្រើន​ចូល​មក​ស្នាក់​នៅ ​និង​បណ្តាក់​ទុន​ក្នុង​ខេត្ត។​ ​លោកបន្ត​ក្នុង​របាយការណ៍នោះថា​ ​ជន​បរទេស​ដែល​មក​ស្នើ​សុំ​សៀវភៅ​ការងារ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​មាន​ជាង​៦​ពាន់​នាក់​ ​(៦,៣៨៥នាក់)​ ​ក្នុង​នោះ​ជនជាតិ​ចិន​មាន​ចំនួន​ជាង​៤ពាន់​នាក់​ ​(៤,៤៩៨​នាក់)​ ​ស្មើ​នឹង​ប្រមាណ​ជា​៧០​% នៃ​ជនបរទេស​ចំនួន​៦១​សញ្ជាតិ។

លោក​ ​យន្ដ មីន​ ​បន្ថែម​ក្នុង​របាយការណ៍​នោះ​ថា ​កំណើន​ជន​បរទេស​ក្នុង​ខេត្ត​បាន​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​កើន​ឡើង​នូវ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ សម្បូរ​សណ្ឋាគារ​ ​កាស៊ីណូ​ ​និង​ភោជនីយដ្ឋាន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរណ៍​ និង​ប្រាក់​ចំណូល​ពន្ធ​កើន​ឡើង​ជាដើម។ ប៉ុន្តែ​លោក​ថា​ ​កំណើន​ជន​បរទេស​ក្នុង​ខេត្ត​នេះ​ ​បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ដូច​ជា​ ​បង្ក​ឱកាស​ដល់​ជនជាតិ​ចិន​ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន​ ​បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទ​ល្មើស​ ​បង្ក​អសន្ដិសុខ​ ​និង​ចាប់​ជំរិត​អ្នក​វិនិយោគ។​ ​លោក​អភិបាល​ខេត្ត​បន្ត​ថា​ ​អ្នក​ខ្លះ​ទៀត​បាន​ជួល​ផ្ដាច់​សណ្ឋាគារ ​និង​ផ្ទះ​សំណាក់​មួយ​ចំនួន​ធំ​ដែល​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​និង​អន្តរជាតិ​មាន​ការ​ខ្វះ​ខាត​នៅ​ពេល​បុណ្យ​ទាន។

កាល​ពី​សប្តាហ៍​មុន​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏​បាន​ប្រកាស​ប្រាប់​កុំ​ឲ្យ​ពលរដ្ឋមាន​ការ​ព្រួយ​បារម្ភ​អំពី​កំណើន​អ្នកវិនិយោគ​ចិន​នៅ​ប្រទេស​កម្ពុជា​ ​ដោយ​ថា​ ​កម្ពុជា​នៅ​ខ្វះខាត​ធនធាន​មនុស្ស ដូច្នេះហើយ​បានជាត្រូវ​ការ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស។

បើ​តាម​អ្នក​ឃ្លាំ​មើល​សង្គម​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​បាន​លើក​ឡើង​ថា​ ​កំណើន​ជនជាតិ​ចិន​មក​ស្នាក់​នៅ​និង​ធ្វើ​ការ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ឲ្យ​មាន​ភាព​អវិជ្ជមាន​ច្រើន​ជាង​ភាព​វិជ្ជមាន​ ​និងបាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ ​និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​តាម​រយៈ​ការ​ដែល​ជនជាតិ​ចិន​ទាំង​នោះ​ចូល​មកធ្វើការ​ ​រកស៊ី​ ​និង​បើក​បនល្បែង​កាស៊ីណូ​ ​ព្រមទាំងបាន​ប្រើ​ពាក្យ​សម្ដី​អសីលធម៌ ​ស្រែក​ឡូឡា ​មិន​គោរព​ច្បាប់​កម្ពុជា​ជាដើម។

លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​ និង​ជា​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​ ប្រាប់​ ​VOA​ ​ថា​ ជនជាតិ​ចិន​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ​មាន​អត្តចរិត​ក្អេងក្អាង​ ​ខុស​ពី​ជនជាតិ​ចិន​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ ​ដោយ​សារភាព​ជា​កូនទោល ​និង​ការអាងលើទំនាក់ទំនង​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយមក​កម្ពុជា។​ ​លោក​បន្ថែម​ថា​ ​ការ​ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន​ចូល​មក​ស្នាក់នៅ និង​រកស៊ី​ច្រើន​ហួសហេតុ​ ​បង្ហាញ​ពី​ភាព​អវិជ្ជមាន​នៃ​ទំនាក់ទំនង​ការបរទេស​របស់​រដ្ឋាភិបាលកម្ពុជា​ ​ដែល​លោក​ថា ចំណុច​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ផល​ប៉ះពាល់​នា​ពេល​អនាគត។​

លោក​បណ្ឌិត​ ​ ឡៅ ម៉ុងហៃ​ មាន​ប្រសាសន៍​ថា៖​

«ដោយ​សារ​គោល​នយោបាយ​ និង​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​យើង​ហ្នឹង​ឯង គឺ​យើង​យូរៗទៅ​ពឹង​តែ​ចិន​ ​និង​យួន។​ តែ​កាលណា​ពឹង​ផ្អែក​លើ​គេ យូរៗ​យើង​ទៅ​ជា​រណប​គេ​ ទៅ។ ហើយ​ជា​ប្រទេស​ទន់​ខ្សោយ​ទៅ​ទៀត​ ​មនុស្សតិច​ទៅ​ទៀត សេដ្ឋកិច្ច​ក៏​តូច​ទៅ​ទៀត ហើយ​យូរៗ​ទៅ​ជារណប​គេ​ហ្នឹង​ឯង ធ្វើ​ទៅ​តាម​តែ​គេ​ទៅ។​ ​ហើយ​យើង​បាត់​បង់​នូវ​ឯករាជ្យភាព អធិបតេយ្យ​ភាព​របស់​ខ្លួន​ហ្នឹង​ឯង»។​

អ្នក​វិភាគ​ដដែល​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជាគួរតែប្រកាន់​យក​គោល​នយោបាយ​អព្យា​ក្រឹត្យ​ ​និង​អចិន្ត្រៃយ៍​ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ដទៃ​ផ្សេង​ទៀត​ឲ្យ​បាន​ច្រើន។

លោក​មាន​ប្រសាសន៍​ថា៖ «វិល​ទៅ​រក​ការ​កាន់​យក​គោល​នយោបាយ​ការ​បរទេស គឺ​អព្យាក្រឹត្យ​ ​អចិន្ត្រៃយ៍​ ​ទើប​មានមូល​មាត់​គ្នា​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​និង​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។​ ​ហើយ​គឺ​ទាក់​ទង​ប្រទេស​អំណាចនៅ​លើ​ពិភព​លោក​ឲ្យ​បាន​ច្រើន​ ​និង​រក​មិត្ត​ឲ្យ​បាន​ច្រើន​ ​ធ្វើ​ម៉េច​កុំ​ឲ្យ​មិត្ត​ធំ​តែ​មួយ​ពីរ​អញ្ចឹង មិន​ល្អ​ទេ»។

បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​ ​មាន​ចំនួនចន្លោះ​១២​ ទៅ​១៣​ម៉ឺន​នាក់​ ​កើនប្រមាណ​ជា១៣០​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

ទំនាក់​ទំនង​កម្ពុជា-ចិន​ ​មាន​ភាព​ស្អិតល្មួត​ ​តាម​រយៈ​ទំនាក់ទំនង​រវាង​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​មេដឹកនាំ​ចិន។​ ​ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ ​និង​កម្ចី​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ ​ខណៈ​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិក​ ​មាន​ភាព​មិន​ល្អ​រហូត​មក​ដល់​ពេល​នេះ។​ ​ចិន​ជា​ប្រទេស​ដែល​មាន​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(Foreign Direct Investment)​ ​ធំ​ជាង​គេ​នៅ​កម្ពុជា។​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ​និង​ចិន​បាន​កើន​ដល់​ទៅ ​៤,៨០០​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​ ២០០​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥។

រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ រហូត​មក​ដល់​ពេល​នេះ ​ក៏​បាន​ផ្ដល់​នូវ​ជំនួយ​ឥត​សំណង ​និង​កម្ចី​ដល់​កម្ពុជា ​ប្រមាណ​៤,២០០​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៧៕

XS
SM
MD
LG