ក្រុមគ្រួសារមួយចំនួនកំពុងរង់ចាំសាច់ញាតិរបស់ពួកគេ ដែលកំពុងជាប់ក្នុងគំនរអគារបាក់មួយ នៅក្នុងក្រុងព្រះសីហនុ ខណ:ប្រតិបត្តិការជួយសង្រ្គោះកំពុងបន្ត ហើយចំនួនមនុស្សស្លាប់បានកើនឡើងដល់១៨នាក់ រហូតដល់ម៉ោងជិត២រសៀលថ្ងៃអាទិត្យនេះ។
ចំនួនមនុស្សស្លាប់បានបន្តកើនឡើង ដែលរហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច១៨នាក់ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរថាបានស្លាប់ និង២៤នាក់ បានរងរបួសនៅក្នុងហេតុការណ៍បាក់អគារកំពុងសាងសង់មួយក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍។
លោក ឯក ថា អាយុ៣៤ឆ្នាំ ជាអ្នកម៉ៅការសំណង់អគារបាក់រលំនេះ បានថ្លែងប្រាប់ VOA នៅមន្ទីរពេទ្យ កន្លែងដែលសពត្រូវបានរៀបចំទុកថា កម្មកររបស់លោកសរុបទាំងអស់ មានចំនួន១៥នាក់ ហើយបានរួចខ្លួនចំនួន៣នាក់ ពេលមានហេតុការណ៍កើតឡើង។ លោកបន្តថារហូតមកដល់ម៉ោងជាង១០ព្រឹកថ្ងៃអាទិត្យនេះ លោកមិនទាន់ឃើញកម្មករទាំង១២នាក់នោះនៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំដឹងថាក្រុមខ្ញុំបាត់១២នាក់ទៀត អត់ទាន់រកឃើញ។ គេកំពុងតែកាយ ដោយសារក្រុមខ្ញុំដេកកណ្តាលគេ។ ហើយដេកអគារទីបី ទីបួន។ ឥឡូវគេកាយអត់ទាន់ដល់»។ លោកបន្ថែមថា ក្នុងចំណោមមនុស្សដែលបាត់នោះ ក៏មានក្មួយប្រុសបង្កើតរបស់លោក ចំនួន៣នាក់ផងដែរ។
រហូតមកដល់ម៉ោងជិត២រសៀលថ្ងៃអាទិត្យនេះ លោក ឯក ថា បានថ្លែងប្រាប់ VOA ថា ក្រុមគ្រួសារបានទទួលសពមួយនាក់។
លោក ស៊ឹម ម៉េន អាយុ៣៥ឆ្នាំ កំពុងនៅមន្ទីរពេទ្យ ដោយលោកបានបាត់បងប្រុសបង្កើតរបស់លោក ឈ្មោះ ស៊ឹម មន អាយុ៤៨ឆ្នាំ ដែលបានធ្វើការងារសំណង់ជាង៥ឆ្នាំមកហើយ។ លោកថា លោកក៏ធ្លាប់ធ្វើការសំណង់នៅកន្លែងបាក់រលំដែរ តែដោយសារលោកមានជំងឺគ្រុនពោះវៀន កាលពីពេលថ្មីៗ លោកក៏ត្រឡប់ទៅសម្រាកនៅពេទ្យខេត្តព្រៃវែង ហើយមិនទាន់បានត្រឡប់មកវិញ រហូតដល់ថ្ងៃគ្រោះថ្នាក់។
លោកមានប្រសាសន៍ថា៖ «អានេះ យើងថា មកពីអាយុមិនទាន់អស់»។
ចំណែកលោក សួន ភារម្យ អាយុ៤១ឆ្នាំ មានប្រសាសន៍ថា លោកបាត់ប្អូនថ្លៃឈ្មោះ រស់ ស៊ីថា អាយុ៤១ឆ្នាំ មកពីខេត្តព្រៃវែង។ លោកបន្តថា ប្អូនថ្លៃរបស់លោក បានមកធ្វើការនៅទីនេះ ប្រមាណ៦ខែមកហើយ តាមរយ:មេការសំណង់។
លោកបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំមិនសង្ឃឹមថា គាត់នៅរស់ទេ។ សំខាន់ឲ្យថាឃើញសពគាត់ឆាប់ៗ ហើយយកទៅស្រុកវិញ»។
លោកបន្តថា ភរិយារបស់ជនរងគ្រោះ រស់នៅក្នុងខេត្តព្រៃវែង ជាកសិករម្នាក់ ហើយចិញ្ចឹមកូន២នាក់ ម្នាក់ស្រី អាយុ៧ឆ្នាំ និងប្រុស អាយុ១២ឆ្នាំ។
ចំណែកអ្នកស្រី ប៉ែន ផាន អាយុ៤១ឆ្នាំ ជាកសិករនៅខេត្តព្រៃវែង បានបាត់បង់កូនប្រុសឈ្មោះ ឆុន ធាន អាយុ១៩ឆ្នាំ ដែលបានមកធ្វើការសំណង់ជាមួយអ្នកម៉ៅការសំណង់ លោក ឯក ថា ជិត២ឆ្នាំមកហើយ។
អ្នកស្រីមានប្រសាសន៍ថា៖ «មានអារម្មណ៍ថា អត់ទាន់អស់ចិត្ត អត់ទាន់បានយកកូនទៅធ្វើបុណ្យតាមប្រពៃណី»។
អ្នកស្រីបន្តថា កូនរបស់អ្នកស្រីរៀនបានត្រឹមថ្នាក់ទី៦តែប៉ុណ្ណោះ ហើយជាអ្នករកចំណូលម្នាក់ក្នុងគ្រួសារ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់អ្នកស្រី និងឪពុកដែលពិការភ្នែក។
អ្នកស្រី ង៉ា មុំ អាយុ៥៨ឆ្នាំ មកពីខេត្តបាត់ដំបង បានថ្លែងប្រាប់ VOA ថា កូនរបស់អ្នកស្រី ឈ្មោះ ហួង ចាន់ថា អាយុ៣៨ឆ្នាំ និងកូនប្រសារ បានស្លាប់នៅក្នុងហេតុការណ៍នេះ បន្សល់ទុកកូនប្រុស៣នាក់។ អ្នកស្រីបន្ថែមថា ពួកគេបានមកធ្វើការនៅទីនេះបានតែបីថ្ងៃប៉ុណ្ណោះ មុនពេលមានហេតុការណ៍នេះកើតឡើង។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំសោកស្តាយកូនខ្ញុំ ខំបីបាច់ថែរក្សាដល់ប៉ុននេះហើយ មកស្លាប់ដោយអចេតនា ខ្ញុំស្តាយតែកូនខ្ញុំ។ គ្មានអ្នកណារកស៊ីចិញ្ចឹមតទៅទៀត។ ចៅនៅកំព្រា។ បីនាក់បងប្អូន»។
ចំណែកអ្នកស្រីម្នាក់មកពីខេត្តកំពត អាយុ៧៥ឆ្នាំ បាននាំចៅពីរនាក់មកទទួលសពឪពុកម្តាយរបស់ពួកគេ ដែលត្រូវជាក្មួយរបស់អ្នកស្រី។ ពួកគេជាប្តីប្រពន្ធ បានស្លាប់ទាំងពីរនាក់ បន្សល់ទុកកូនស្រីអាយុ១៣ឆ្នាំ និងម្នាក់ទៀត អាយុ១១ឆ្នាំ។
ខណ:កំពុងចាំទទួលសពឪពុកម្តាយ កូនស្រីច្បងរបស់សព យុវតី យ័ន លីហ្សា ដែលរៀនថ្នាក់ទី៨ បាននិយាយថា៖ «[ពួកគាត់]មកធ្វើការសំណង់ តាំងពីខ្ញុំនៅក្មេង»។
អគារបាក់នេះ មានកម្ពស់៧ជាន់ មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ដែលកំពុងមានការកើនឡើងយ៉ាងគំហុកនូវសំណង់ ខណ:មានកំណើនជនជាតិចិនមករស់នៅ និងរកស៊ីក្នុងខេត្តមួយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្ត។
សំណង់ដែលបាក់នេះ មានទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់បានប្រមាណ៧០ទៅ៨០ភាគរយ។ អាជ្ញាធរបញ្ជាក់ថាកំពុងស៊ើបអង្កេតរកមូលហេតុនៃការបាក់អគារនេះ។
លោក យន់ មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងបាក់សំណង់អគារកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរបានឃាត់សំណង់នេះ ចំនួន២ដងរួចមកហើយ ដោយលោកថាការធ្វើសំណង់នេះមិនអនុវត្តតាមបច្ចេកទេស។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាមូលហេតុអ្វីបានជាមិនមានការបញ្ឈប់ការដ្ឋានសំណង់ រហូតមកដល់ថ្ងៃគ្រោះថ្នាក់។
លោកមានប្រសាសន៍ថា៖ «ហើយកន្លងទៅ ខេត្តធ្លាប់ឃាត់ញឹកណាស់សំណង់ដទៃ។ ខ្លះគាត់ស្តាប់ទៅ ខ្លះគាត់លួច។ អញ្ចឹងអានេះ ខ្ញុំឃាត់ពីរដងហើយ»។
សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៤នាក់ រហូតមកដល់ពេលនេះ ក្នុងនោះមានជនជាតិចិន៣នាក់ ដែលជាម្ចាស់ការដ្ឋានសំណង់ អ្នកម៉ៅការសាងសង់ អ្នកម៉ៅការបូកជញ្ជាំងអគារ និងជនជាតិខ្មែរម្នាក់ដែលជាម្ចាស់ដី។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរខេត្ត។
ក្រុងព្រះសីហនុ កំពុងរីកដុះដាលសំណង់យ៉ាងគំហុក ក្នុងរយ:ពេលពីរបីឆ្នាំចុងក្រោយនេះ ក្រោយមានកំណើនជនជាតិចិនយ៉ាងគំហុកមកក្នុងខេត្តមួយនេះ។ សំណង់ទាំងនេះមានដូចជាសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន កន្លែងស្នាក់សម្រាប់ជួល និងសំណង់ផ្សេងៗ។
លោក ឯក ថា អ្នកម៉ៅការសំណង់ដែលមានកម្មកររងគ្រោះនៅកន្លែងបាក់អគារ បានបង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពការងារសំណង់ ក្រោយមានអគារបាក់រលំបែបនេះ ដែលជាលើកដំបូងនៅកម្ពុជា បណ្តាលឲ្យមនុស្សស្លាប់ច្រើនជាងគេ។
លោកមានប្រសាសន៍ថា៖ «ថ្ងៃក្រោយ ធ្វើដល់អញ្ចឹង ខ្ញុំចេះតែខ្លាច ខ្ញុំរអា។ ដល់អញ្ចឹង ខ្ញុំចេះតែមើលដែរ។ មើលតែអគារណា មិនសូវស្រួល អត់ធ្វើដែរ»។
លោកក៏បញ្ជាក់បន្ថែមទៅលើសំណង់អគារដែលបាក់រំលំនេះថា៖ «មើលទៅអគារនេះ ដែកមើលទៅដូចស្តើងៗ។ តែដោយសារតែខ្ញុំវាអត់មានជំនាញខាងហ្នឹង។ ដល់អញ្ចឹងខ្ញុំចេះតែធ្វើហើយ ខ្ញុំធ្វើតែខាងក្នុង»៕
សូមប្រិយមិត្តរង់ចាំព័ត៌មាន VOA លម្អិតបន្លែមទៀតនៅពេលខាងមុខ។