ភ្នំពេញ — ព្រឹកម៉ោងប្រមាណជា៩នៃថ្ងៃពុធនេះ អ្នកស្រី ម៉ាន នាង ឈរនៅរោងឈើតូចមួយ ដែលសង់លើច្រាំងទន្លេសាប នៅទីចុងខាងត្បូងបំផុតនៃជ្រោយចង្វារដែលមានទន្លេសាប និងទន្លេមេគង្គហូរអមសងខាងមកប្រសព្វគ្នា។
អ្នកនេសាទខ្មែរឥស្លាម វ័យ ៤៩ ឆ្នាំរូបនេះ ឮអ្នកជិតខាងដែលជាចាមប្រកបរបរនេសាទដូចគ្នាក្នុងភូមិរអ៊ូជជែកកងរំពងខុសពីសព្វមួយដង។ សំឡេងរអ៊ូរបស់អ្នកនេសាទចាមដែលរស់នៅក្បែរខាងអ្នកស្រី ម៉ាន នាង មិនជជែកលើប្រធានបទអ្វីក្រៅតែពីដំណឹងដែលអាជ្ញាធរបង្គាប់ឱ្យពួកគេរើចេញពីទីតាំងដែលពួកគេកំពុងរស់នៅនោះទេ។
អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា បានចេញបញ្ជាឱ្យ«រុះរើឬចល័ត បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗនិងសំណង់មិនរៀបរយ» នៅលើផ្ទៃនិងច្រាំងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងដែនដីទីក្រុងមួយនេះ ឱ្យបានមុន ថ្ងៃទី០៩ខែមិថុនាក្នុងមូលហេតុរក្សាសណ្ដាប់ធ្នាប់និងបរិស្ថាន។
ទាំងអ្នកស្រី ម៉ាន នាង និងអ្នកភូមិនេសាទដែលនៅក្បែរខាងនៅចុងជ្រោយចង្វារទាំងអស់នេះ សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលសាលារាជធានីតម្រូវឱ្យរុះរើផ្លាស់ទីតាំង។ ស្ត្រីរូបនេះនិយាយថា ខ្លួនបានទទួលលិខិតពីអាជ្ញាធរខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២ ខែមិថុនា តម្រូវឲ្យប្រជាជនដែលរស់នៅទីនោះ ទាំងសំណង់មិនរៀបរយនិងទូកនេសាទ ប្រមាណជា ៣០០គ្រួសារ រើចេញទៅរស់នៅលើគោកត្រឹមថ្ងៃទី ១២ ខែមិថុនានេះ។
«រើទាំងទូក រើទាំងរោង។ គេសុំហ្នឹងថ្ងៃ ១២។ ហើយគេចុះមកយ៉ាងម៉េចយ៉ាងម៉ា យើងមិនទាន់ដឹងទេ»។
មានរោងមួយជាសំណង់បណ្ដោះអាសន្នសម្រាប់ស្នាក់នៅប្របមាត់ទន្លេ និងមានទូកមួយសម្រាប់នេសាទត្រីចិញ្ចឹមជីវិត សំចតនៅច្រាំងត្រើយខាងកើតនៃទន្លេសាបទីស្នាក់អាស្រ័យរបស់គ្រួសារ អ្នកស្រី ម៉ាន នាង រស់នៅមិនឆ្ងាយពីសណ្ឋាគារសុខាដ៏ប្រណីត សម្លឹងមើលសំណង់អគារខ្ពស់ៗលូតឡើងជែង និងកំពូលស្រួចៗនៃប្រាសាទនានា ក្នុងព្រះបរមរាជវាំងនៅម្ខាងទៀតនៃទន្លេ។
មុខពាក់ម៉ាស់ ដោយមានរុំក្រណាត់ជិតក្បាលតាមទម្លាប់ជាស្រ្តីជនជាតិចាមផង អ្នកស្រី ម៉ាន នាង ប្រាប់វីអូអេថា អ្នកស្រីរស់នៅតំបន់នេះនិងប្រតិបត្តិទម្លាប់នេះអស់កាល ៤០ ឆ្នាំកន្លងមកហើយ។ តែទម្លាប់នេះទំនងមិនប្រព្រឹត្តទៅដូចសព្វមួយដងទេ សម្រាប់ឆ្នាំ ២០២១ នេះ។
អ្នកស្រី ម៉ាន នាង ដែលមានកូនប្រាំនាក់ក្នុងបន្ទុក បាននិយាយបន្ថែមថា អ្នកស្រីមិនមានលុយដើម្បីរកដីឬផ្ទះលើគោកសម្រាប់ស្នាក់នៅនោះទេ ហើយអ្នកស្រីបាម្ភពីការប្រឈមនឹងកង្វះខាតអាហារ ហើយ កូនៗរបស់អ្នកស្រីនឹងលែងបានរៀនសូត្រ។
«យើងធ្លាប់នៅ បើទោះបីជាកម្សត់កម្រម៉េចក៏យើងធ្លាប់នៅទឹកដីហ្នឹងដែរ។ មិនដឹងទៅប្រឡោះណា មិនដឹងទៅកន្លែងណា? ទៅស្រុកភូមិ សុំគេនៅតាមមាត់ទន្លេហ្នឹង គេអត់ឲ្យយើងនៅ។ គេថា គេខ្លាចយើងមានជំងឺកូវីដ កូអីអ៊ឺចឹង ទៅចម្លងស្រុកភូមិគេ។ រសាត់អណ្តែតអ៊ីចឹងទៅ។ អ៊ីចឹងបានថា វាពិបាក។ ហើយរាល់ថ្ងៃដេកតែគិតព្រួយ មិនដឹងធ្វើម៉េច កូនដល់ទៅប្រាំនាក់ មិនដឹងទៅខាងណា»។
អ្នកស្រី ម៉ាន នាង បានប្រាប់ VOA ថា អ្នកស្រីចង់ស្នើទៅអាជ្ញាធរជួយរកទីតាំងលើគោកសម្រាប់គ្រួសារអ្នកស្រី ប្រសិនបើមិនអនុញ្ញាតឲ្យពួកគេរស់នៅលើទឹក ប៉ុន្តែអ្នកស្រីថា អ្នកស្រី «មិនហ៊ាន»។
ជីវភាពរបស់គ្រួសារអ្នកស្រី ម៉ាន នាង និងប្រជានេសាទជាច្រើនគ្រួសារទៀតពឹងផ្អែកលើទន្លេតែម្តង ដែលកម្រិតទឹកឡើងស្រកផ្លាស់ប្ដូរ ៦ ខែម្ដង តាមចរន្តធម្មជាតិនៃទន្លេមេគង្គ។ ធម្មតាក្នុងខែមិថុនានេះ ពេលដែលទន្លេមេគង្គចាប់ផ្ដើមនាំទឹកមកបំពេញទន្លេទាំង ៤ នៅមុខវាំង ពួកគេតែងចល័តទូកចេញនេសាទដើម្បីរកត្រីសម្រាប់បរិភោគ និងលក់ចិញ្ចឹមជីវិត។
លោក ម៉ាត់ ស្រេន កំពុងអង្គុយជួសជុលទូកនេសាទនៅប្របច្រាំងទន្លេក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ក៏កំពុងស្ថិតក្នុងស្ថានភាពដូចគ្នានឹងអ្នកស្រី ម៉ាន នាង ដែរ។
ដៃកាន់ញញួរ ដំលើដែកដាប់ទូកបណ្តើរ និយាយបណ្តើរ បុរសវ័យ ៦៦ ឆ្នាំរូបនេះ និយាយថា លោកប្រកបរបរនេសាទនិងស្នាក់នៅក្នុងទូកមានដំបូលម្តុំទន្លេបួនមុខជាមួយគ្រួសារដែលមានកូនបីនាក់ អស់រយៈពេលជិត ៤០ ឆ្នាំមកហើយ។
បុរសសម្បុរស្រអែម សក់ល្បាយអាចម៍ខ្លារូបនេះបានប្រាប់ VOA ថា លោកមិនមានលទ្ធភាពរើទៅលើគោកបានទេ ប្រសិនបើអាជ្ញាធរមិនរៀបចំទីតាំងសមស្របសម្រាប់លោក។
«ជម្រកខ្ញុំមានតែប៉ុណ្ណឹង នៅលើទូកហ្នឹង ដេកត្រង់ហ្នឹង ហូបត្រង់ហ្នឹង រកស៊ីកន្លែងហ្នឹង អីកន្លែងហ្នឹងទាំងអស់។ ហើយឲ្យខ្ញុំបំបាត់ទូកក្តារ មិនឲ្យមានទូកក្តានៅលើទឹកទេ អាហ្នឹងទាល់តែរដ្ឋាភិបាលរកកន្លែងឲ្យខ្ញុំនៅផង ព្រោះអីខ្ញុំក្រ អត់មានអីទៅទិញដីធ្លីអីហ្នឹងគេទេ»។
ប្រជាជនដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងរាជធានីភ្នំពេញមានចម្រុះ ដូចជាជនអន្តោប្រវេសន៍វៀតណាម ជនជាតិចាម និងពលរដ្ឋខ្មែរ។ ពួកគេភាគច្រើនរស់នៅលើផ្ទៃទន្លេសាប និងទន្លេមេគង្គ ដែលស្ថិតក្នុងខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ។
ទៅដល់ទីតាំងដែលមានផ្ទះបណ្តែតទឹកក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ គេឃើញអ្នករស់នៅលើផ្ទះបណ្តែតទឹកមួយចំនួនកំពុងរុះរើ និងខ្លះក៏បានចាកចេញពីទីនោះរួចទៅហើយ។
កំពុងធ្វើដំណើរពីលក់ត្រកួននៅផ្សារ ឆ្ពោះទៅកាន់ផ្ទះបណ្តែតទឹកដែលមានទំហំប្រមាណជា ៥ គុណ ៦ ម៉ែត្រ ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ អ្នកស្រី សាយ សុខា បានអះអាងថា អ្នកស្រីបានធ្វើចំណាកស្រុកពីខេត្តព្រៃវែងមករស់នៅជាមួយស្វាមីជាជនជាតិវៀតណាមលើផ្ទះបណ្តែតទឹកអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដោយត្រូវបានអាជ្ញាធរផ្តល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ជាជនអន្តោប្រវេសន៍វៀតណាម។
ស្រ្តីវ័យ ៥៩ ឆ្នាំរូបនេះបន្តថា បច្ចុប្បន្ន អ្នកស្រី និងស្វាមី ព្រមទាំងចៅស្រីពិការម្នាក់ ប្រកបរបរដាំត្រកួនលើទឹកក្បែរផ្ទះដើម្បីលក់ចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃ។ អ្នកស្រីបន្ថែមថា ក្រោយបានឮការជូនដំណឹងរបស់អាជ្ញាធរឲ្យរើទៅលើគោក អ្នកស្រីមិនដឹងថា ត្រូវរើទៅទីណានៅឡើយ ដោយសារអ្នកស្រីមិនមានលុយគ្រប់គ្រាន់សម្រាប់ជួល និងមិនអាចរើទាន់ក្នុងមួយសប្តាហ៍។
«ចាំមើលគេមើលឯងសិនទៅ បើថាគេយ៉ាងម៉េច យើងអ៊ីចឹងទៅ។ ហើយខ្ញុំវាចាស់ហើយ មិនដឹងធ្វើម៉េចទេ។ បើសិនជាគេថាស្អែកត្រូវរើ បើមិនរើទេគេចុះមកកាប់ចោល ក៏កាប់ទៅ។ យើងធ្វើវាមិនរួច»។
ចំណែកអ្នកស្រី អ៊ុំ ស្រីពេជ្រ អ្នករស់នៅលើផ្ទះបណ្តែតទឹកក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ លើកឡើងថា អ្នកស្រី និងគ្រួសារដែលមានកូនតូចៗចំនួន ៤ នាក់ កំពុងរើសម្ភារៈជាបណ្តើរៗចេញពីផ្ទះ ដើម្បីជញ្ជូនទៅលើគោក ដាក់ក្រោមផ្ទះអ្នកជិតខាងជាបណ្តោះអាសន្ន។ អ្នកស្រីបន្ថែមថា ការរើកន្លែងស្នាក់នៅពីផ្ទះបណ្តែតទឹក ទៅលើគោក ធ្វើឲ្យអ្នកស្រី និងគ្រួសារត្រូវប្រឈមបញ្ហាយ៉ាងខ្លាំង។
«ពិបាកច្រើនបង។ ទីមួយយើងកូនផង អត់កន្លែងដេក។ ទីពីរ ហូបចុក។ ទីបី កន្លែងយើងងូតទឹក ហូបចុកអីអ៊ីចឹង គឺថាពិបាកទាំងអស់បង ខាត ខ្វះលុយខ្វះអី។ ពេលយើងនៅលើទឹកអីអ៊ីចឹង យើងបានទឹកប្រើប្រាស់។ ភ្លើងមុនសូវជាបញ្ហា ប៉ុន្តែទឹក។ ដល់ពេលយើងឡើង[គោក] អ៊ីចឹង ត្រូវបង់លុយថ្លៃផ្ទះគេ ទឹកផង ស៊ីផង កន្លែងកូនដេក អីៗមួយចប់ ខ្ញុំរ៉ាប់រងអត់រួច»។
កាលពីថ្ងៃទី ៣ ខែមិថុនា លោក វូ គ័ងមីន (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញការមិនពេញចិត្តចំពោះ វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកបន្ថែមថា ការសម្រេចចិត្តភ្លាមៗរបស់អាជ្ញាធររាជធានីភ្នំពេញនេះ គឺធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនដែលមានផ្ទះបណ្តែតទឹក មានការលំបាកយ៉ាងខ្លាំង ជាពិសេសក្នុងបរិបទការកើតមានជំងឺកូវីដ១៩។
លោក វូ គ័ងមីន រៀបរាប់បន្ថែមទៀតថា ពលរដ្ឋដែលរស់នៅលើផ្ទៃទឹកតាមដងទន្លេនៅរាជធានីភ្នំពេញ ជាគ្រួសារក្រីក្រ ទាំងជនជាតិចាម និងវៀតណាម តែមានបណ្ណស្នាក់នៅស្របច្បាប់ និងរស់នៅទីនោះជាច្រើនជំនាន់ជាង ៤០ ឆ្នាំមកហើយ ។
បើតាមឯកអគ្គរដ្ឋទូតវៀតណាម អ្នករស់នៅទីនោះប្រមាណមួយពាន់គ្រួសារមានដើមកំណើតវៀតណាម។ លោកថា ការដាក់កំហិតត្រឹម ៧ ថ្ងៃ ឱ្យប្រជាជនទាំងនោះចាកចេញពីផ្ទៃទឹក គឺជាពេលវេលាមួយលឿនពេក ដែលមិនអាចអនុវត្តទៅរួច។
បើតាមសេចក្តីជូនដំណឹងចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃទី២ ខែមិថុនា ចំណាត់នេះធ្វើឡើងក្នុងគោលដៅរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក ផ្លូវនាវាចរណ៍ និងសោភ័ណភាពទីក្រុង។
ចាប់តាំងពីមានការប្រកាសឲ្យអ្នករស់នៅលើទឹកក្នុងរាជធានីភ្នំពេញទាំងនោះរើឡើងគោក អាជ្ញាធរមិនបានបញ្ជាក់លម្អិតថា នឹងមានវិធានការអ្វីខ្លះនៅថ្ងៃកំណត់ឲ្យរុះរើនោះទេ តែបានព្រលយការព្រមានថា «នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់»។
វីអូអេ បានព្យាយាមទាក់ទងទៅអាជ្ញាធរខណ្ឌដែលមានអ្នករស់នៅលើផ្ទះ និងទូកបណ្តែតទឹក ប៉ុន្តែពួកគេមួយចំនួនប្រាប់ឲ្យទៅសួរសាលារាជធានីភ្នំពេញ។ ប៉ុន្តែទាំងលោក ឃួង ស្រេង អភិបាលរាជធានី និងលោក ម៉េត មាសភក្តី ដែលជាអ្នកនាំពាក្យ សុទ្ធតែមិនបានឆ្លើយតប។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ការសម្រេចរបស់សាលារាជធានីភ្នំពេញ អនុវត្តទៅតាមច្បាប់កម្ពុជា មិនមែនជាការរើសអើងនិងមិនមានពាក់ព័ន្ធនឹងនយោបាយនោះទេ។
«ការអនុវត្តច្បាប់ដែលអនុម័តដោយសភាជាតិកម្ពុជា។ មិនមែនមាននិន្នាការនយោបាយ ហើយក៏មិនមែនមានភាពរើសអើងជាមួយអ្នកនេះ អ្នកនោះអ៊ីចឹងទេ។ អាហ្នឹងគឺជាការអនុវត្តសកលដោយច្បាប់អនុម័តដោយរដ្ឋសភា»។
លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា លោកគាំទ្រការបញ្ជាឲ្យមានការរើផ្ទះបណ្តែតទឹកមកទីតាំងលើគោក ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពលើផ្ទៃទន្លេ។
យ៉ាងណាក្ដី អ្នកឃ្លាំមើលរូបនេះថ្លែងថា អាជ្ញាធរគួរស្តាប់សំណូមពររបស់អ្នកដែលរស់នៅលើផ្ទៃទឹកទាំងនោះ និងគួរទុកពេលគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនទាំងការរើ និងស្វែងរកទីតាំងថ្មី។
«បើសិនជាការដោះស្រាយហ្នឹងមានភាពបន្ទាន់បង្ខំ រំលោភទៅលើសិទ្ធិសេរីភាពរបស់ពួកគាត់អីទាំងអស់នេះ ខ្ញុំគិតថា ជាដំណោះស្រាយមួយដែលមិនដាច់ស្រឡះទេ ហើយនាំតែពួកគាត់នៅតែបន្តទាមទារតវ៉ាពីស្ថាប័នមួយទៅស្ថាប័នមួយទេ។ អ៊ីចឹង គួរតែមានការពិនិត្យ និងជជែកជាមួយពួកគាត់រកដំណោះស្រាយណាមួយ ដែលមានលក្ខណៈសមរម្យដែលគាត់អាចទទួលយកបាន ខ្ញុំគិតថា រឿងហ្នឹងនឹងមិនមានបញ្ហាអ្វីកើតឡើងទេ»។
ការបញ្ជាឲ្យមានការរុះរើផ្ទះនិងទូកបណ្តែតទឹក ព្រមទាំងសំណង់មិនរៀបរយផ្សេងទៀតលើផ្ទៃទន្លេ ធ្វើឲ្យអ្នកស្រី ម៉ាន នាង ដែលមិនមានលទ្ធភាពរើឡើងលើគោក លើកឡើងថា អ្នកស្រី និងគ្រួសារប្រហែលត្រូវបណ្តែតទូកឲ្យរសាត់អណ្តែតទៅតាមតំបន់ផ្សេងៗ។
«គេមានផ្ទះសម្បែង អ្នកធំអ្នកតូចគេមានផ្ទះហ្នឹងគេអត់អីទេ។ ដូចខ្ញុំអ្នកទូក អ្នកកំសត់ហ្នឹង នៅលើទូកហ្នឹង បណ្តែតដូចចកតាមទឹកហ្នឹង។ ខ្យល់បក់ទៅណាទៅហ្នឹងហើយ»៕