ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារៈមន្ទីរ​គ្រាប់មីន​ជា​សារ​ដាស់តឿន​កុំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ភ្នក់​ភ្លើង​សង្គ្រាម​ជា​ថ្មី


កាក​សំណល់​គ្រាប់​បែក​ទម្លាក់​ពីអាកាស ផលិត​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​រុស្សី​ ដែល​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​កម្ពុជា​ ស្ថិតក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​ សៀមរាប។​ (ហ៊ុល រស្មី​/​VOA)
កាក​សំណល់​គ្រាប់​បែក​ទម្លាក់​ពីអាកាស ផលិត​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​រុស្សី​ ដែល​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​កម្ពុជា​ ស្ថិតក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​ សៀមរាប។​ (ហ៊ុល រស្មី​/​VOA)

នៅ​ឯសារៈមន្ទីរនេះ​ក្រុមអ្នកទេសចរណ៍​បានយល់ដឹង​ពី​អតីតកាល​ដ៏ខ្មៅងងឹត​និង​កេរដំណែល​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បាន​បន្សល់ទុក​ក្រោយពេល​មានសង្គ្រាម។

សារៈ​មន្ទីរ​គ្រាប់​មីន​កម្ពុជាស្ថិត​នៅ​ខាងក្រៅ​តំបន់​ទេសចរណ៍​ក្នុងខេត្តសៀមរាប​ដែល​មាន​ប្រាង្គប្រាសាទ​អង្គវត្ត​ដ៏ល្បីឈ្មោះ​។ នៅ​ឯសារៈមន្ទីរនេះ​ក្រុមអ្នកទេសចរណ៍​បានយល់ដឹង​ពី​អតីតកាល​ដ៏ខ្មៅងងឹត​និង​កេរដំណែល​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បាន​បន្សល់ទុក​ក្រោយពេល​មានសង្គ្រាម។

ប៉ុន្តែ​ក្នុងខណៈពេល​ដែល​សារៈមន្ទីរនេះ​ដើរ​តួរនាទី​ជា​អនុស្សាវរីយ៍​មួយ​រំឭក​ដល់​ហិង្សា​ក្នុង​ពេល​សង្គ្រាម​វាក៏​ចោទ​ជា​សំណួរ​មួយ​ចំនួនអំពី​ទំនាស់​ក្នុងពេល​បច្ចុប្បន្ន​ដែល​ក្នុង​នោះ​មានដូចជា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជាដើម។​

នាង​ Paola ​Gonzalez ​អ្នក​ទេសចរណ៍​មកពី​ប្រទេស​ អេស្ប៉ាញ​ ថ្លែង​ប្រាប់​ VOA នៅ​ឯសារៈ​មន្ទីរ​គ្រាប់​មីន​កម្ពុជា​ ស្ថិត​ក្នុង​ឃុំ​ខ្នា​សណ្តាយ​ ស្រុក​ បន្ទាយស្រី​ ខេត្ត​សៀម​រាប​ កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​ ថា​ វោហាសាសន៍​អំពី​សង្គ្រាម​ ពុំមែន​ជា​ជម្រើស​វាង​វៃ​របស់​មេដឹកនាំ​ប្រទេស​ ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាមកន្លង​មកហើយនោះ​ទេ​។​

«​ខ្ញុំ​មិន​គិតថា​ គាត់ឆ្លាត​ដោយការ​និយាយ​ដូច្នេះ​ទេ​ ដោយសារ​តែ​សង្គ្រាម​ បាន​បញ្ចប់​ទៅហើយ​ ប្រទេសកម្ពុជា​ គឺ​ដូច​ជា​កន្លែង​របស់​ភ្ញៀវ​ទេស​ចរណ៍។​ ហើយ​ប្រទេស​កម្ពុជា​ កំពុង​ទទួល​បាន​លុយកាក់​ជា​ច្រើនពីទេសចរណ៍​ ហើយ​បើ​សង្គ្រាម​កើត​ម្តង​ទៀត​ កម្ពុជា​នឹង​មិន​ទទួល​បាន​លុយ​ពី​ជនបរទេស​នោះ​ទេ​»។​

អ្នក​ទេសចរណ៍​មក​ពី​ ប្រទេស​អេស្ប៉ាញ​ រូបនេះ ថ្លែង​បន្ត​ បន្ទាប់​ពី​បាន​ដើរ​មើល​កាកសំណល់​គ្រឿងផ្ទុះ​ និង​គ្រាប់​មីន ​មួយ​ស្របក់នៅ​ក្នុង​សារៈ​មន្ទីនោះ​ថា​ នាង​មិន​ចង់​ឃើញ​ សង្គ្រាម​កើត​ជាថ្មី​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ និង​បាននិយាយ​ទៅ​ដល់​សង្គ្រាម​កំពុង​កើតឡើងក្នុង​ប្រទេស​ ស៊ីរី​ និង​ប្រទេស​ដទៃ​ទៀត​ថា៖​

«សង្គ្រាម​!​ ច្បាស់​ណាស់​គឺទេ! ខ្ញុំក៏​មិន​ចង់​ឃើញ​ សង្គ្រាម​នៅ​ក្នុង​ប្រទេស​ ស៊ីរី​ផងដែរ​ និង​កន្លែង​ដែល​សង្គ្រាម​កំពុង​កើត​ឡើង​ឥឡូវ​នេះ។ ខ្ញុំ​មិន​ចង់​ឃើញ​ទេ។​ មិនត្រូវ​មាន​សង្គ្រាម​ទេ»។​

កាក​សំណល់​គ្រាប់​បែក ​និង​សំណល់​ជាតិ​ផ្ទុះ​ផ្សេង​ទៀត ដែល​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​កម្ពុជា​ ស្ថិត​ក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី៩ ខែ​មករា ឆ្នាំ​២០១៦។​ (ហ៊ុល រស្មី/VOA)
កាក​សំណល់​គ្រាប់​បែក ​និង​សំណល់​ជាតិ​ផ្ទុះ​ផ្សេង​ទៀត ដែល​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​កម្ពុជា​ ស្ថិត​ក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី៩ ខែ​មករា ឆ្នាំ​២០១៦។​ (ហ៊ុល រស្មី/VOA)

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាល​ពីខែកញ្ញា​ឆ្នាំ​មុន​នេះ​ ​បាន​ព្រមានកាន់​តែច្បាស់​ឡើងថា​ សង្គ្រាម​ នឹង​អាច​ផ្ទុះឡើង​ម្តងទៀត​ ក្នុង​កាលៈ​ទេសៈ​ដែល​បក្ស​កាន់​អំណាច​របស់​លោក គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ឈប់​ដឹកនាំ​ប្រទេស​កម្ពុជា ​និង​ដោយ​សារ​ការខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ផែន​ទី​រវាង​អ្នក​នយោបាយ​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និងអ្នក​តំណាង​រាស្រ្តគណបក្ស​ប្រឆាំង​។​ លោក​ថ្លែង​កាល​ពី​ពេល​នោះ​ថា​៖​ ​

«​បើ​ខុសពី​គណបក្ស​ប្រជា​ជន​ គណបក្ស​ដទៃ​កាន់​អំណាច​ នឹង​មាន​សង្គ្រាម​ដាច់​ខាត​។ ខ្ញុំ​ព្រះករុណា​ សូម​អះ​អាង​ថា​ នឹង​មាន​សង្គ្រាម​»។​

បន្ថែម​លើបញ្ហា​ផែនទី​ លោក​ ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ថ្លែង​ថា​ ការឡើង​កាន់​អំណាច​របស់​គណបក្ស​ប្រឆាំង​ មុខ​ជា​នឹងធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម​ ព្រោះ​អ្នក​នយោ​បាយ​នៃ​គណ​បក្សនេះ​ មាន​ការ​រើសអើង​វណ្ណៈ​ រវាង​អ្នក​មាន និង​អ្នក​ក្រ​ ក៏ដូច​ជា​ការ​ប្រកាន់​ពូជសាសន៍​ ជា​ពិសេសគឺ​វៀតណាម។​ លោក​ ហ៊ុន សែន​ ក៏ធ្លាប់​បារម្ភ​ពី​បដិវត្តន៍​ពណ៌​ ដែល​គេស្គាល់​ថា​ ជាបដិវត្តន៍​រដូវ​ផ្ការីក​ ឬនិទាឃៈ​រដូវ​ដែល​បាន​កើត​ចេញ​ពី​តំបន់​មជ្ឈិម​បូព៌ា​ និង​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាច្រើន​នៅ​ក្នុង​តំបន់នោះ។​ ប្រទេស​ ស៊ីរី​ ក៏​កំពុង​រងនូវ​ឥទ្ធិពល​រដូវផ្ការីក​នេះ​ដែរ។​ ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​មួយ​នេះ​ បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាមអស់​រយៈ​ពេល​ជាង​ប្រាំឆ្នាំ​មកហើយ​ បន្ទាប់​ពី​មាន​ការ​ចាប់​ផ្តើម​នៃ​រដូវផ្ការីក​នេះ។

បដិវត្តន៍​រដូវ​ផ្ការីក​ ឬ Arab Spring ​នេះ ក៏បាន​រាល​ដាល​ដល់​តំបន់​ផ្សេង​ទៀត ​នៃ​ពិភព​លោក​ ហើយត្រូវ​បាន​គេរាយការណ៍​ថា​ ​បានធ្វើ​ឲ្យ​មេដឹកនាំ​ស្ថិត​ក្នុង​អំណាច​យូរ​ឆ្នាំ​ ធ្លាក់​ចេញពី​អំណាច។​

ក្រុម​ទេសចរណ៍​អន្តរជាតិ​កំពុង​ដើរ​ចាក​ចេញ​ពី​ និង​ដើរ​ទៅ​ក្នុង​សារមន្ទីរ​មីន​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរិ៍​ ទី៩ ខែមករា ឆ្នាំ​២០១៦។​ សារមន្ទីរ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប។ (ហ៊ុល រស្មី​/VOA)
ក្រុម​ទេសចរណ៍​អន្តរជាតិ​កំពុង​ដើរ​ចាក​ចេញ​ពី​ និង​ដើរ​ទៅ​ក្នុង​សារមន្ទីរ​មីន​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរិ៍​ ទី៩ ខែមករា ឆ្នាំ​២០១៦។​ សារមន្ទីរ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប។ (ហ៊ុល រស្មី​/VOA)

ក្នុង​ដៃ​កាន់​ឈើ​ច្រត់​ និង​កំពុង​ដើរ​ចេញ​ ពី​សារៈ​មន្ទីរ​គ្រាប់​មីន​កម្ពុជា លោក​ស្រី​បណ្ឌិត​ KarenSieraeki សាស្ត្រា​ចារ្យ​ ផ្នែក​នគ​រូបនីយកម្ម​មក​ពី​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ និយាយថា​ កម្ពុជា​ ត្រូវការ​សន្តិភាព​ ហើយអ្វី​ដែល​កម្ពុជាត្រូវ​ព្រួយ​បារម្ភ​នោះ​គឺ​ អំពើ​ពុករលួយ​ មិនមែន​ការ​កើត​ឡើង​សង្គ្រាម​ម្តង​ទៀត​ដែល​ពុំបាន​ផ្តល់ផល​ប្រយោជន៍​អ្វីនោះទេ។​ បណ្ឌិត KarenSieraeki បញ្ជាក់​ថា៖​

«ច៎ា​ ជា​ការ​ពិត​ យើង​ត្រូវការ​សន្តិភាព​ ហើយ​ប្រជាពលរដ្ឋ​ឥឡូវ​សប្បាយ​ចិត្តដែល​មាន​សន្តិភាព​។​ ប៉ុន្តែ​អ្វី​មួយ​ដែល​អ្នក​ត្រូវ​បារម្ភ​នោះ​ គឺ​រដ្ឋាភិបាល​ និង​អំពើ​ពុក​រលួយ។​ អំពើពុករលួយ​នេះ​ ​មិន​អាច​ជួយ​អ្វី​បាននោះទេ​ ហើយ​វា​អាច​លេច​ចេញ​មក​ជា​ភាពតាន​តឹង​ ​ដូច​អ្វីដែល​អ្នក​បាន​និយាយ។​ វាមិន​ល្អនោះ​ឡើយ ដែល​អ្នក​មាន​កាន់​តែ​មាន​ ហើយ​អ្នក​ក្រ​កាន់​តែ​ក្រ​នោះ»។

យ៉ាងណា​ក៏ដោយ ​លោក​ សុខ ឦសាន​ អ្នក​នាំពាក្យ​នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ថ្លែង​ថា​ សង្គ្រាម​ នឹង​នៅ​តែកើត​ឡើង​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​ក្តោប​ក្តាប់​អំណាច​ ​ដូច​ដែលលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែនបាន​ថ្លែង​កាល​ពី​ពេលមុន​។​ លោក​ថា​ ការ​លើកឡើង​របស់​អ្នកទេសចរណ៍​ គ្រាន់​តែ​ជា​ទស្សនៈ​មួយប៉ុណ្ណោះ។

«អាហ្នឹង​ជាការ​មើល​ឃើញ​របស់​គាត់​តើ​ តែ​ចំពោះ​គណបក្ស​ប្រជាជន​ឯក​ភាព​តាម​មេដឹកនាំ​ របស់​ខ្លួន​ដែល​ថា គាត់​និយាយ​ហ្នឹង​ត្រឹម​ត្រូវ»។​ ​

អ្នក​ទេសចរណ៍​ផ្សេង​ទៀត​ដែល​បាន​ទៅ​ទស្សនា​សារៈមន្ទីរមីន​កម្ពុជា​ និង​សារៈ​មន្ទី​ប្រវត្តិសាស្ត្រ​សង្គ្រាមក្នុង​ខេត្ត​សៀម​រាប​ បាន​សម្តែង​ភាព​សោក​សៅ​ អំពី​សង្គ្រាម​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេសកម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​។​ ពួក​គេ​ថា​ សង្គ្រាម​មិនត្រូវ​វិល​ត្រឡប់​មក​ជាថ្មី​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ស្ថិត​នៅ​ដំណាក់​កាល​កំពុង​អភិវឌ្ឍន៍​នេះ​ទេ​ ហើយ​ថា​រដ្ឋាភិបាល​ ត្រូវ​ធ្វើ​ការ​អប់​រំ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​យល់​ពី​ឫស​គល់​នៃ​ការ​កើត​មាន​សង្គ្រាម​ ជា​ជាង​ការ​ព្រមាន​ដោយ​ការ​ផ្ទុះ​ឡើង​នៃសង្គ្រាម។​ នៅ​ក្នុង​ប្រទេស​ ស៊ីរី​ ចំនួន​អ្នក​ស្លាប់​ និង​រងរបួស​ រួមទាំង​អ្នក​ភៀស​ខ្លួន​ចេញពី​ប្រទេស បាន​បន្ត​កើត​មាន​ រៀងរាល់​ថ្ងៃ​ ដោយ​សារ​ឥទ្ធិពល​នៃ​សង្គ្រាម​នេះ​តែម្តង។​

ពលរដ្ឋ​កម្ពុជា​រាប់​លាននាក់ ក៏​ធ្លាប់​ជួប​ជោគ​វាសនា​ដូចប្រទេស​ស៊ីរី​ផង​ដែរ​ កាល​ពី​ជិត​២០​ឆ្នាំ​កន្លង​ទៅ ដោយពួកគេ​បាន​ស្លាប់ ​របួស​ និង​រត់​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន ទៅរស់​នៅ​ប្រទេស​ដទៃ​ទៀត​ ​ក្នុង​ពិភពលាក៕

XS
SM
MD
LG