ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ចូល​រួម​ចលនា​ទាមទារ​ឱ្យ​អាមេរិក​លុបបំបាត់​គ្រាប់មីន


ជន​រងគ្រោះ​ពិការ​ដោយ​គ្រាប់​មីន​ម្នាក់​ ពិនិត្យ​មើល​ស្តូប​ជា​រូប​គ្រាប់​មីន​​នៅ​សាល​សន្នីសីទ​ចតុមុខ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​១៩៩៨។
ជន​រងគ្រោះ​ពិការ​ដោយ​គ្រាប់​មីន​ម្នាក់​ ពិនិត្យ​មើល​ស្តូប​ជា​រូប​គ្រាប់​មីន​​នៅ​សាល​សន្នីសីទ​ចតុមុខ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​១៩៩៨។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​ទីក្រុង​សេអាថល ​(Seattle)​ រដ្ឋ​វ៉ាស៊ីនតោន​ចូលរួម​ជាមួយ​នឹង​សហ​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ គឺ​លោក​ ទន់​ ចាន់ណារ៉េត​ដើម្បី​ជំរុញ​ដល់​ស.រ.អា​គាំទ្រ​ការ​លុបបំបាត់​ចោល​គ្រាប់មីន​ដូច​ប្រទេស​ជាង​១០០​ទៀត​ដែរ។

ស.រ.អា​ រុស្ស៊ី ​និង ចិន​ត្រូវគេ​ដឹងថា​ជាប្រទេស​មហាអំណាច​ដែល​មិនទាន់​ផ្តល់​ការ​គាំទ្រ​ចំពោះ​ការ​លុប​បំបាត់​គ្រាប់មីន​តាមរយៈ​ការ​ឈប់​ផលិត​ការ​បំផ្លាញ​ឃ្លាំងស្តុក​ ការ​ឈប់​ប្រើប្រាស់​ជាដើម។​ ក្នុងដំណើរ​ទស្សនកិច្ច​២០ថ្ងៃ​ក្នុង​ប្រទេស​អាមេរិក​ ហើយ​បញ្ចប់​កាលពី​ដើម​សប្តាហ៍​មុន​លោក​ ទន់ ចាន់ណារ៉េត​បានចាប់ផ្តើម​ប្រមូល​ហត្ថលេខា​ពី​ពលរដ្ឋ​អាមេរិកាំង​ និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​លោក​បាន​ជួប។ ការ​ប្រមូល​ហត្ថលេខា​នេះ​ត្រូវ​លោក​ណារ៉េត​ប្រាប់​ឲ្យ​ដឹង​ថា​គឺ​ ក្នុង​គោលបំណង​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​របស់គេ​ដើម្បី​កែប្រែ​ជំហរ​ ហើយបែរ​មកគាំទ្រ​ការប្រយុទ្ធ​ប្រឆាំង​នឹង​គ្រាប់មីន​ដូចប្រទេស​ជាង ១៥០​ ផ្សេងទៀត​ក្នុង​ពិភពលោក។

លោក ​ហ៊េនរី អ៊ុង​ (Henry Ung) ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ក្នុង​ចំណោម​ជាច្រើន​នាក់​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ដែល​បានជួប​សំណេះ​សំណាល​ជាមួយ​លោក​ ទន់ ចាន់ណារ៉េត​ បានអះអាង​ថា​ លោក​បាន​ចុះហត្ថលេខា​គាំទ្រ​ចំពោះ​ការ​ប្រឹងប្រែង​របស់​ពលរដ្ឋខ្មែរ​ក្នុង​ការ​ទប់ស្កាត់​គ្រាប់មីន។

«ឃើញបង​ (ទន់ ចាន់ណារ៉េត)​ គាត់​ពុះពារ​តស៊ូជួយ​អញ្ចឹង​ខ្ញុំក៏​ត្រេកអរ​ម្យ៉ាង​ដែរ។​ ម៉្លោះហើយ​ការ​ Support ​ខាងហ្នឹង​ខ្ញុំ​១០០​ភាគរយ​និង​ Support ​គាត់​ហើយ​ ដើម្បីឲ្យ​គាត់​ជួយ​អ្នកក្រោយ​ទៅទៀត​ មិន​ត្រឹមតែ​ស្រុកខ្មែរ​យើងទេ​ស្រុក​ក្រៅៗ​ជាច្រើន​ដែលមាន​បញ្ហា​គ្រាប់មីន»។

លោក ​ហ៊េនរី ​ធ្វើការ​ជានាយក​សាខា​ក្រុមហ៊ុន​ ហិរញ្ញវត្ថុ ​ពិភពលោក (WFG)។​ លោក​បាន​ធ្វើដំណើរ​មកកាន់​ស.រ.អា​ក្នុង​ឆ្នាំ១៩៨១​ បន្ទាប់ពី​ធ្លាប់ដើរ​ឆ្លងកាត់​តំបន់​គ្រាប់មីន​នៅ​ជាយដែន​ខ្មែរ​និង​ថៃ​ មុនពេល​អ.ស.ប​ផ្នែក​ជនភៀសខ្លួន​យកមក​ដល់​ស.រ.អា។​ លោក ​បាន​ចាត់ទុក​ថា​ខ្លួនលោក​ជា​មនុស្ស​សំណាងល្អ​ដែល​មិន​បាន​ពិការ​ ហើយ​រួចផុត​ជីវិត​ពេលដើរ​កាត់​តំបន់​គ្រាប់មីន​នៅឯភ្នំ​ដងរែក​ទីតាំង​សមរភូមិ​មុខ​ ដែល​សម្បូរ​គ្រាប់មីន​ជាង​គេ​មួយ​ក្នុង​ប្រទេស។

«ពីឆ្នាំ​១៩៧៩​ ពេល​ប៉ុលពត​បាក់បែក​ទៅ​ បានមក​នៅ​ស្រុកថៃ​ ពេលហ្នឹង​គេ​យក​ខ្ញុំ​ទៅ​ទម្លាក់​ភ្នំដង​រែក​ហ្នឹង​ ខ្ញុំ​នឹង​ក្រុម​គ្រួសារ​ខ្ញុំ​ ឪពុកម្តាយ​ខ្ញុំគេ​ទម្លាក់​ចោល​នៅ​ព្រះវិហារ​ហ្នឹងឯង។​ ចុះមក​ហ្នឹងក៏​បាន​ឈឺចាប់​ ឆ្លងកាត់​អាគ្រាប់មីន​គ្រាប់បែក ​ហ្នឹងពេល​ហ្នឹងដែរ។​ ម្ល៉ោះហើយ​ខ្ញុំយល់​ខាងហ្នឹង»។

អ្នកស្រី​វ៉ារីយ៉ា ​ផូថន ​(Warya Pothan )​ មានស្រុក​កំណើត​នៅភ្នំពេញ​ បានមក​រស់នៅ​ស.រ.អា​ រដ្ឋវ៉ាស៊ីនតោន​តាំងពីឆ្នាំ​១៩៧៥​ បានថ្លែង​ថា​អ្នកស្រី​បាន ​ចុះ​ហត្ថលេខា​លើ​ញត្តិ ​(Petition)​ គាំទ្រ​ការប្រយុទ្ធ​ប្រឆាំង​នឹង​គ្រាប់មីន​ ដើម្បី​បញ្ជៀស ​គ្រោះថ្នាក់​ដោយ​គ្រាប់មីន​នៅលើ​ពិភពលោក​ដែល​ លោក​ ទន់ ចាន់ណារ៉េត ​បានធ្វើ​យុទ្ធនាការ​និង​កំពុង​បន្ត​ធ្វើ​ទៅមុខ។

«សំខាន់​ណាស់​ខ្មែរ​យើង​ត្រូវ​គាំទ្រ​គាត់​ព្រោះអី​ យើង​មាន​មីននៅ​ស្រុក​ខ្មែរ ច្រើន​ពេក​ហើយ​នឹង​ស្លាប់​របួស​ច្រើន​ណាស់។​ ហើយ​យើង​ត្រូវ​ជួយ​គាត់​ដើម្បី​ឲ្យ​គាត់​ជួយ​ពិភព​លោក។​ រឿង​ហ្នឹង​រឿង​ពិភពលោក​ទាំងមូល​មិនមែន​រឿង​តែ​ខ្មែរ​ទេ»។

អ្នកស្រី​បាន​អះអាង​ថា​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​នូវ​គ្រាប់មីន​យ៉ាងច្រើន​ក្នុង ប្រទេស​កម្ពុជា​ហើយ​គ្រោះថ្នាក់​និង​ការ​ឈឺចាប់​ពិតជាកើត​មាន​យ៉ាងខ្លាំង។ អ្នកស្រី​មាន​បងប្អូន​ ជាច្រើន​នាក់ស្លាប់​ដោយសារ​គ្រាប់មីន​នេះដែរ​សម័យ​ទសវត្សរ៍​១៩៨០។

ប្រទេស​កម្ពុជា​មាន​គ្រាប់មីន​បង្កប់​ដី​រាប់លាន​គ្រាប់​បន្សល់​ទុកក្រោយ​សង្រ្គាម​ស៊ីវិល​ជាង៣​ទសវត្សរ៍​នៅតាម​តំបន់​ជាច្រើន​ជាពិសេស​តំបន់​អតីត​សមរភូមិ​នៅ​ភាគ​ពាយ័ព្យ​និង​ភាគ​ខាងជើង​ប្រទេស។​ តួលេខ​នៃ​អង្គការ​ដោះមីន​ស៊ីម៉ាក់​នៃ​ប្រទេស​កម្ពុជា​បានបង្ហាញ​ឲ្យ​ឃើញ​ថា​រយៈពេល​១០ឆ្នាំ​ចុងក្រោយ​ចំនួន​មនុស្ស​ស្លាប់ពី​ជាង​១.១៥៤​នាក់​ក្នុង​មួយឆ្នាំ​ធ្លាក់ចុះ​មកត្រឹម​ ១៨៥នាក់។

អ្នកស្រី​ ម៉ូលី សំ​ ជា​សកម្មជន​អប់រំ​សហគមន៍​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ទាក់ទង​នឹង​ការកាត់​បន្ថយ​គ្រឿងញៀន​ អះអាង​ថា​អ្នកស្រី​មាន​ទឹកចិត្ត​ពុះពោរ​ក្នុង​ការជួយ​រួម​ចំណែក​ប្រឆាំង​នឹង​គ្រាប់មីន​ ខ្លាំងណាស់​ទោះបី​ជា​មិនបាន​ឆ្លងកាត់​ និង​រងគ្រោះ​ដោយសារ​គ្រាប់មីន​ក្តី។ ​អ្នកស្រី​ថ្លែង​ដូច្នេះ​ដោយ​យល់ ឃើញ​ថាមាន​មនុស្ស​ជាច្រើន​លាននាក់​ក្នុង​ពិភពលោក​រួមទាំង​ជនជាតិ​កម្ពុជា​ផង ​បាន​បាត់បង់​ជីវិត​និង​ពិការ​ឈឺចាប់។ ​អ្នកស្រី​ ម៉ូលី​បាន​បញ្ជាក់​ថា​អ្នកស្រី​បានចុះ​ហត្ថលេខា​លើ​ញត្តិ​ដើម្បី​គាំទ្រ​លុប​បំបាត់​គ្រាប់មីន​នោះ​ដែរ។

«មានចិត្ត​ចង់ជួយ​ខ្លាំងណាស់​នៅក្នុង​រឿងហ្នឹង​ដើម្បីឲ្យ​បាន​ជោគជ័យ​ទៅ​ដើម្បី​ឲ្យបាន​សេចក្តីសុខ​ក្នុង​សាកល​លោក»។

អ្នកស្រី​ម៉ូលី​ដែល​មាន​ស្រុកកំណើត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ភៀសខ្លួន​មកដល់​ប្រទេស​អាមេរិក​តាំងពី​ឆ្នាំ​១៩៧៧។

ស្រដៀងគ្នា​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដទៃ​ទៀត​ អ្នកស្រី​ដានី​ ម័រតុន​ សកម្មជន​នៃ​អង្គការ ​Grassroot ​Orgnization បាន​ចូលរួម​គាំទ្រ​និង​ចុះ​ហត្ថលេខា​លើញត្តិ​ដែល​ត្រូវ​ដាក់​ជូន​រដ្ឋាភិបាល​ស.រ.អា​នោះផងដែរ​ ដើម្បី ជំរុញ​ឲ្យ​ស.រ.អា​យល់ព្រម​លុបបំបាត់​គ្រាប់មីន។

«លោក​ ចាន់ណារ៉េត​ដែល​គាត់​ជា​មនុស្ស​ពិការ​ម្នាក់​ គាត់មាន​ការ​ក្លាហាន​ជាទី​បំផុត។​ គាត់បាន​ធ្វើកិច្ចការ​នេះ​ដ៏​អស្ចារ្យ​ ហើយ​យើង​ដែល​មាន​ដៃពីរ​ជើង​ពីរ ​ហើយ​គាត់គ្មាន​សុំអ្វីសោះ​ គ្រាន់តែ​ហត្ថលេខា​របស់យើង​ យើងគួរ​តែ​ជួយគ្នា​ឲ្យ​ប្រធានាធិបតី​ស.រ.អា​ អូបាម៉ា​ចូលរួម»។

អ្នកស្រី​ដានី ​បានមកដល់​ប្រទេស​អាមេរិក​កាលពី​ឆ្នាំ១៩៨១​ តាមរយៈ​ជំរំ​ជនភៀសខ្លួន​«ខាវអ៊ីដាង»។​ អ្នកស្រី​បានអះអាង​ថា​អ្នកស្រី​បាន​សង្កេត​ឃើញ​មាន​ការដើរ​ជាន់មីន​ស្លាប់​យ៉ាងច្រើន​នៅឯ​ព្រំដែន​ខ្មែរ​និង​ថៃ​សម័យ​ទសវត្សរ៍​១៩៨០។

ស.រ.អា​ស្ថិតក្នុង​ចំណោម​ប្រទេស៣៩​ ដែល​មិនទាន់​ចូលរួម​ផ្តល់សច្ចាប័ន​បញ្ឈប់​ការប្រើប្រាស់​គ្រាប់មីន។

នៅក្នុង​ញត្តិ​ដែលត្រូវ​ផ្ញើជូន​លោក​ប្រធានាធិបតី​ស.រ.អា​បារ៉ាក់ អូបាម៉ា​ ដើម្បី​ចូលរួម​ក្នុង​សន្ធិសញ្ញា​ហាមប្រាម​ការប្រើប្រាស់​គ្រាប់មីន​ បានឲ្យ​ដឹងថា៖

«ជាពេល​វេលា​ដែល​ស.រ.អា​ត្រូវ​យល់ព្រម​ទៅ​នឹង​សន្ធិសញ្ញា​ហាមឃាត់​គ្រាប់មីន​ហើយ​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក​ក្នុង​ការ​បញ្ចប់​ការ​ប្រើប្រាស់​គ្រាប់មីន​ជាចុង​ក្រោយ»។

ស.រ.អា​ត្រូវគេ​ដឹងថា​កំពុង​ត្រួតពិនិត្យ​មើល​ឡើងវិញ​នូវគោល​នយោបាយ​របស់​ខ្លួន​ស្តីពី​បញ្ហា​គ្រាប់មីន​នេះ។

លោក​ទន់ ​ចាន់ណារ៉េត​ ដែល​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​នៅទីក្រុង​អូស្លូ ​កាលពី​ឆ្នាំ​១៩៩៧​ ជាមួយ​នឹង​ក្រុម​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រាប់មីន​នោះ​ បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ផងដែរ​ ពី​សាកល​វិទ្យាល័យ​ Seattle ​រដ្ឋ Washington​ កាល​ពី​ពីរ​សប្តាហ៍​កន្លង​ទៅ​បន្ថែម​ពី​លើ​បេសកកម្ម​របស់​លោក​ប្រមូល​ស្នាម​មេដៃ​លើ​ញត្តិ​រឿងគ្រាប់មីន​នេះ។​ លោក​ ទន់ ចាន់ណារ៉េត ​អាយុ​៥១​ឆ្នាំ ​ពិការជើង​ទាំងសងខាង​ដោយសារ​ជាន់មីន​កាលពី​ដើម​ទសវត្សរ៍​១៩៨០។​ លោកធ្លាប់​ធ្វើជា​ទាហាន​ចលនា​តស៊ូ​គ្រប់គ្រង​ដោយ​សព​លោក ​សឺន សាន៕

XS
SM
MD
LG