ពួកអ្នកធ្វើយុទ្ធនាការណ៍ដើម្បីពិភពលោកគ្មានគ្រាន់មីនចង្កោមនិយាយថាមានការជឿនលឿនទៅមុខយ៉ាងច្រើនគួរឲ្យកោតសរសើរនៅក្នុងការអនុវត្តអនុសញ្ញាដែលហាមឃាត់ការផលិត ការប្រើប្រាស់និងការស្តុកទុកគ្រាប់មីនចង្កោមចាប់តាំងពីអនុសញ្ញានេះបានចូលជាធរមានកាលពី១១ខែមុន។ អ្នកតំណាងជាង៤រយមកពីប្រទេសចំនួន៨១ទើបបញ្ចប់សន្និសិទមួយដែលមានរយៈពេល៤ថ្ងៃ ដើម្បីវាយតម្លៃការជឿនលឿនលើការហាមឃាត់ហើយនឹងពិភាក្សាបញ្ហាប្រឈមមុខនាពេលខាងមុខ។
ចាប់តាំងពីសន្ធិសញ្ញានេះបានក្លាយជាច្បាប់អន្តរជាតិដែលត្រូវអនុវត្តន៍តាមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០មក រដ្ឋចំនួន១០៩បានចូលរួមអនុសញ្ញានេះហើយរដ្ឋ៥៨ទៀតបានឲ្យសច្ចានុមតិលើអនុសញ្ញានេះ។ អង្គការធំដែលត្រួតពិនិត្យមើលអនុសញ្ញាហៅថាអង្គការCluster Munition Coalition បានហៅការជោគជ័យនេះជាការគួរឲ្យចាប់អារម្មណ៍សម្រាប់អនុសញ្ញាដែលនៅក្មេងខ្ចីនេះ។
លោកSteve Goose ប្រធានអង្គការ Coalition និយាយថាសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនចង្កោមបានចាប់ផ្តើមយ៉ាងខ្លាំងក្លាហើយកំពុងជួយសង្គ្រោះអាយុជីវិតមនុស្សហើយនឹងរារាំងគ្រោះថ្នាក់និងការបាត់បង់អាយុជីវិតរបស់មនុស្សនាពេលអនាគត។ លោកកត់សម្គាល់ថាគ្រាប់មីនចង្កោមមិនបានរើសអើងរវាងជនស៊ីវិលនិងកងទ័ពទេ។ គ្រាប់មីនចង្កោមជាច្រើនមិនបានផ្ទុះភ្លាមៗទេហើយអាចកប់នៅក្នុងដីអស់រយៈពេលជាច្រើនឆ្នាំ សម្លាប់និងធ្វើឲ្យពិការដល់ជនស៊ីវិល រួមមានកូនក្មេង ទោះបីជាជម្លោះបានចប់រាប់ទសវត្សរ៍ហើយក៏ដោយ។
លោកនិយាយទៀតថាភាគីជារដ្ឋ២គឺ Albania និង Zambia បានបញ្ចប់ការបោសសំអាតដីដែលមានគ្រាប់មីនចង្កោមរបស់ខ្លួនហើយភាគីជារដ្ឋ៨និងហត្ថលេខី៣នៃអនុសញ្ញានោះបានបញ្ចប់ការបំផ្លាញឃ្លាំងគ្រាប់មីនចង្កោមរបស់ខ្លួន។
«ពួកគេមានកំណត់ពេល៨ឆ្នាំដើម្បីធ្វើកិច្ចការនេះនៅក្រោមអនុសញ្ញាហើយភាគីជារដ្ឋ៨ហើយនឹងហត្ថលេខីយ៉ាងហោចណាស់ក៏៣ដែរបានបញ្ចប់ការបោសសំអាតគ្រាប់មីនចង្កោមរួចទៅហើយ រួមមានការប្រកាសពីប្រទេសហុងហ្គារីនៅសប្តាហ៍កន្លងមកនេះថាពួកគេបានបញ្ចប់ការបោសសំអាត។
ភាគីជារដ្ឋទាំងអស់ក៏បានបំផ្លាញគ្រឿងផ្ទុះបន្ទាប់បន្សំ៦៤លាន ដែលមាននៅក្នុងគ្រាប់មីនចង្កោមជិត៦សែនគ្រាប់។ គ្រាប់រំសេវបន្ទាប់បន្សំទាំងនោះលែងធ្វើឲ្យជនស៊ីវិលបាត់បង់ជីវិតនិងមានគ្រោះថ្នាក់ទៀតហើយ។»
ប៉ុន្តែ បញ្ហានៅតែមាន។ អង្គការ Coalition អង្គការកាកបាទក្រហមអន្តរជាតិហើយនឹងប្រទេស៧បានថ្កោលទោសការប្រើគ្រាប់មីនចង្កោមកាលពីពេលថ្មីៗនេះរបស់ប្រទេសថៃនិងលីប៊ី។ ថៃបានបាញ់គ្រាប់មីនចង្កោមចូលក្នុងប្រទេសកម្ពុជានៅដើមឆ្នាំនេះក្នុងអំឡុងពេលនៃជម្លោះតាមព្រំដែន។
លោក Gooseនិយាយថាទាំងប្រទេសថៃនិងប្រទេសកម្ពុជាឥឡូវបង្ហាញថាពួកគេ កំពុងចាត់វិធានការដើម្បីចុះហត្ថលេខាលើអនុសញ្ញានេះនៅពេលអនាគតឆាប់ៗនេះ។
លោកនិយាយទៀតថាប្រទេសលីប៊ីនៅជាការព្រួយកង្វល់ដ៏ធំមួយ។ លោកកត់សម្គាល់ថាកងទ័ពរដ្ឋាភិបាលលីប៊ីបានប្រើប្រាស់គ្រាប់មីនចង្កោមចំនួន១២០ក្នុងអំឡុងពេលនៃជម្លោះប្រដាប់អាវុធកាលពីពេលថ្មីៗនេះ។ ហើយ យ៉ាងហោចណាស់ គ្រាប់មីនចង្កោមចំនួន៣បានផ្ទុះនៅទីក្រុង Misrata ។
លោកនិយាយទៀតថាអង្គការ Coalition មានការព្រួយបារម្ភថាប្រទេសលីប៊ីនឹងប្រើប្រាស់អាវុធមិនរើសអើងទាំងនេះម្តងទៀត។
លោកនិយាយថាបញ្ហាដ៏ពិបាកដែលអង្គការ Coalition កំពុងប្រឈមមុខគឺធ្វើឲ្យរដ្ឋទាំងអស់នៅក្នុងពិភពលោកចូលក្នុងអនុសញ្ញានេះ។ លោកមានប្រសាសន៍បន្តទៀតថាប្រទេសមិនចូលរួមក្នុងអនុសញ្ញានេះរួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាននិងអ៊ីស្រាអែល។ លោកនិយាយទៀតថាវាជាការសំខាន់ដែលពួកគេចូលក្នុងសន្ធិសញ្ញានោះ។
«មូលហេតុដែលរដ្ឋនានាស្ថិតនៅក្រៅសន្ធិសញ្ញានោះ មួយផ្នែកពីព្រោះតែប្រទេសនានាដូចជាសហរដ្ឋអាមេរិក រុស្ស៊ីនិងចិន មានគ្រាប់មីនចង្កោមនោះយ៉ាងច្រើន។ សហរដ្ឋអាមេរិក មានគ្រាប់មីនចង្កោម៥លានគ្រាប់ដែលមានគ្រឿងបន្ទាប់បន្សំប្រហែល៧លានគ្រាប់។ ប្រទេសរុស្ស៊ីនិងចិនទំនងជាមានឃ្លាំងគ្រាប់ទាំងនោះប្រហាក់ប្រហែលគ្នា។ »
សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនមានផែនការបំផ្លាញគ្រាប់មីនចង្កោមនៅឆ្នាំ២០១៨។
ទោះជាយ៉ាងណាក៏ដោយ លោក Goose មានប្រសាសន៍បន្តទៀតថាលោកជឿជាក់ថាអនុសញ្ញានេះនឹងបានទទួលជោគជ័យពីព្រោះតែពួកអ្នកគាំទ្រការហាមឃាត់ការប្រើប្រាស់គ្រាប់មីនចង្កោមបានធ្វើឲ្យមានស្លាកស្នាមទុយ៌សទៅដល់
កម្រិតមួយដែលរដ្ឋស្ទើរតែទាំងអស់យល់ព្រមថាពួកគេ មិនគួរប្រើប្រាស់ទៀតទេ។ លោកនិយាយទៀតថាស្លាកស្នាមទុយ៌សនេះ នឹងធ្វើជាការកំញើញដ៏ខ្លាំងមួយដល់ពួកអ្នកប្រើប្រាស់៕
ប្រែសម្រួលដោយជឹង ប៉ូជីន