សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូននាវាចម្បាំងមួយគ្រឿងកាត់តាមច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិកនានា។
នេះគឺជាវិធានការមួយដែលអាចបង្កឲ្យមានប្រតិកម្មខ្លាំងក្លាពីរដ្ឋាភិបាលចិននៅចំពេលដែលទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកំពុងរងសម្ពាធពីជម្លោះពាណិជ្ជកម្ម និងវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រសិនបើសហរដ្ឋអាមេរិកនឹងបញ្ជូននាវាចម្បាំងនេះទៅកាន់ច្រកសមុទ្រតៃវ៉ាន់មែន នោះវាអាចត្រូវគេយល់ឃើញនៅតៃវ៉ាន់ថាជាសញ្ញាគាំទ្រដ៏ថ្មីស្រឡាងមួយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បន្ទាប់ពីមានការធ្វើសមយុទ្ធយោធាចិនជាច្រើនលើកច្រើនសារនៅជុំវិញកោះតៃវ៉ាន់។ ចិនអះអាងថា កោះតៃវ៉ាន់គឺជាកម្មសិទ្ធិរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានជំរុញសហរដ្ឋអាមេរិកឲ្យដោះស្រាយបញ្ហាតៃវ៉ាន់ដោយភាពឆ្លាតវៃ ដើម្បីជៀសវាងធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
លោកស្រី Hua Chunying បានថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលចិនបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាស្នូលដ៏មានសារៈសំខាន់បំផុត និងរសើបមួយនៅក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៕