ក្រុមហ៊ុន AstraZeneca បាននិយាយកាលពីព្រឹកថ្ងៃច័ន្ទថា ការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ខ្លួន នៅចក្រភពអង់គ្លេស និងប្រទេសប្រេស៊ីលបានបង្ហាញថា វាមានប្រសិទ្ធភាពខ្ពស់ក្នុងបង្ការជំងឺកូវីដ១៩ ដោយទប់ស្កាត់មិនឲ្យធ្ងន់ធ្ងរដល់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យឬធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។
ក្រុមហ៊ុនឱសថដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសនេះបានសាកល្បងថ្នាំពីរដូស។ ថ្នាំទីមួយមានអត្រាប្រសិទ្ធភាព៩០%។ ថ្នាំទីពីរមានប្រសិទ្ធភាពជាមធ្យម៧០%។
ក្រុមហ៊ុន AstraZeneca បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទិន្នន័យបន្ថែមនឹងបន្តកើនឡើង ហើយការវិភាគបន្ថែមទៀតនឹងត្រូវបានធ្វើឡើងដើម្បីឲ្យប្រសើរឡើងនូវការបញ្ជាក់ពីប្រសិទ្ធភាព និងបង្កើតរយៈពេលនៃការការពារ»។
ក្រុមហ៊ុន AstraZeneca បាននិយាយថា ខ្លួននឹងសុំការអនុញ្ញាតប្រើប្រាស់ក្នុងគ្រាបន្ទាន់ពីអង្គការសុខភាពពិភពលោក សម្រាប់ពន្លឿនការប្រើប្រាស់វ៉ាក់សាំងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ ស្របគ្នានេះដែរ ការវិភាគពេញលេញនៃលទ្ធផលបណ្តោះអាសន្នកំពុងត្រូវបានដាក់ស្នើសម្រាប់ការបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិឯកទេសមួយ។
ថ្មីៗនេះ ក្រុមហ៊ុនផលិតឱសថពីរផ្សេងទៀតគឺក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ក៏បានប្រកាសលទ្ធផលដំបូងពីការសាកល្បងដំណាក់កាលចុងក្រោយដែលបង្ហាញថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពស្ទើរតែ៩៥% ផងដែរ។
កាលពីថ្ងៃអាទិត្យប្រទេសនានាចាប់ផ្តើមដាក់ផែនការចែកចាយវ៉ាក់សាំងកូវីដ១៩ ដោយអាល្លឺម៉ង់និងសហរដ្ឋអាមេរិកកំពុងត្រៀមចាក់វ៉ាក់សាំងដល់ប្រជាជនមួយចំនួនដែលអាចកើតឡើងនៅដើមខែក្រោយ៕