ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នានា​ចាប់ផ្តើម​រៀបចំ​ផែនការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​​ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​វិទ្យាស្ថាន Serum របស់ឥណ្ឌា ដែល​ជា​កន្លែង​ផលិត​វ៉ាក់សាំង​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​​ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​វិទ្យាស្ថាន Serum របស់ឥណ្ឌា ដែល​ជា​កន្លែង​ផលិត​វ៉ាក់សាំង​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​នានា​កំពុង​ចាប់ផ្តើម​ដាក់​ចេញ​នូវ​ផែនការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ប្រទេស​អាល្លឺម៉ង់​និង​សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​មួយ​ចំនួន​នៅ​ដើម​ខែ​ក្រោយ។

លោក Jens Spahn រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «មាន​ហេតុផល​ដែល​ត្រូវ​មាន​សុទិដ្ឋិនិយម» ថា វ៉ាក់សាំង​នោះ​នឹង​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​មុន​ដំណាច់​ឆ្នាំ​នេះ ហើយ​ថា បន្ទាប់ពី​មាន​ការ​អនុញ្ញាត ការ​ចាក់​វ៉ាក់សាំង​អាច​ចាប់ផ្តើម «ភ្លាមៗ» តែ​ម្ដង។

សហរដ្ឋ​អាមេរិក​បាន​ដាក់​គម្រោង​ដំបូង​ដើម្បី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​លើ​ក្រុម​ពលរដ្ឋ​មួយ​ចំនួន​លឿន​បំផុត​នៅ​ត្រឹម​ថ្ងៃ​ទី ១២ ខែ​ធ្នូ ខាង​មុខ គឺ​ក្នុង​ពេល ២ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ពិនិត្យ​លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer។

នៅឯ​សន្និសីទ​កំពូល G20 កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ បណ្ដា​មេដឹកនាំ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​សន្យា​ធ្វើការ​រួម​គ្នា​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​បំផុត​នៅ​លើ​ពិភពលោក​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នេះ​ដែរ។

មនុស្ស​ជាង ៥៨ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​មនុស្ស​ជាង ១ លាន ៣ សែន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​នាំមុខ​គេ​លើ​ពិភពលោក ដោយ​មាន​ការ​ឆ្លង​ជំងឺ​នេះ​ជាង ១២ លាន​ករណី។ បន្ទាប់​ពី​នេះ​គឺ​ប្រទេស​ឥណ្ឌា ដែល​មាន​ការ​ឆ្លង​ចំនួន​ជាង ៩ លាន​ករណី និង​ប្រទេស​ប្រេស៊ីល​ដែល​មាន​ការ​ឆ្លង​ចំនួន​ជាង ៦ លាន​ករណី៕

XS
SM
MD
LG