Dan Robertson
រាជធានីបាងកក៖ ក្នុងរាជធានីបាងកក លោកប្រធានាធិបតីអូបាម៉ានិងលោកស្រីនាយករដ្ឋមន្រ្តីថៃYingluck Shinawatra បានបញ្ជាក់ឡើងវិញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងប្រទេសថៃ។ លោកអូបាម៉ា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់វត្តបុរាណមួយសម្រាប់ក្រុមគ្រួសាររាជវង្សហើយនឹងជានិមិត្តរូបនៃសាសនានិងវប្បធម៌ព្រះពុទ្ធសាសនារបស់ថៃ លោកអូបាម៉ានិងលោកស្រីរដ្ឋមន្រ្តីការបរទេស Hillary Clinton បានអញ្ជើញទៅមន្ទីរពេទ្យក្នុងទីក្រុងបាងកកដើម្បីធ្វើសវនការជាមួយព្រះមហាក្សត្រដ៏ចាស់ជរា Bhumibol Adulyadej របស់ថៃ។
ក្នុងជន្មាយុ៨៥ព្រះវស្សា ព្រះមហាក្សត្រ មានឥទ្ធិពលដ៏ខ្លាំងក្នុងការបង្រួបបង្រួមជាតិសម្រាប់ប្រជារាស្រ្តថៃដោយសារការចលាចលអស់រយៈពេលជាច្រើនទសវត្សរ៍ រួមទាំងរដ្ឋប្រហារយោធាហើយនឹងវិបត្តិនយោបាយក្នុងឆ្នាំ២០១០។
បន្ទាប់ពីការចរចាទ្វេភាគី លោកអូបាម៉ា និងនាយករដ្ឋមន្រ្តី Yingluck Shinawatra បានប្រើប្រាស់សន្និសីទកាសែតដើម្បីបង្ហាញឲ្យឃើញនូវទំនាក់ទំនងខាងការទូតជិត១៨០ឆ្នាំ ហើយនឹងបញ្ជាក់ឡើងវិញនូវការទាក់ទងយ៉ាងជ្រាលជ្រៅខាងនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខ។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា ដូចនៅក្នុងសហរដ្ឋអាមេរិក លទ្ធិប្រជាធិបតេយ្យជាកត្តាដែលចាំបាច់ត្រូវបន្តធ្វើជាប់ជាប្រចាំ។
«អ្វីដែលអស់លោក អ្នក កំពុងឃើញនៅក្នុងប្រទេសថៃនេះ គឺនាយករដ្ឋមន្រ្តីជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យដែលបានតាំងចិត្តអនុវត្តលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សេរីភាពនៃការនិយាយស្តីនិងសារព័ត៌មាននិងការជួបប្រជុំ។ ប៉ុន្តែ អ្វីដែលជាការពិតគឺក្នុងប្រទេសថៃ ក៏ដូចគ្នាពិតប្រាកដក្នុងប្រទេសអាមេរិក គឺថាពលរដ្ឋទាំងអស់នៅតែជាអ្នកឃ្លាំមើលហើយជានិច្ចកាលមានការធ្វើឲ្យកាន់តែប្រសើរឡើង»។
នាយករដ្ឋមន្រ្តីថៃ បាននិយាយថារដ្ឋាភិបាលរបស់លោកស្រី បានតាំងចិត្តដល់ការបង្រួបបង្រួមជាតិហើយនឹងលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាពមួយ។
«ទិសដៅរបស់យើងគឺលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាពមួយ ពីព្រោះតែយើង ជឿជាក់ថាវា នឹងក្លាយជាមូលដ្ឋាននៃការរីកលូតលាស់សេដ្ឋកិច្ចក្នុងពេលអនាគត។ ដូច្នេះ ទិសដៅត្រូវតែដើរព្រមគ្នាជាមួយនឹងទស្សនៈផ្សះផ្សារជាតិ»។
លោក អូបាម៉ា បានមានប្រសាសន៍បន្តទៀតថានេះមិនមែនជាការចៃដន្យទេដែលមានប្រទេសមួយនៅអាស៊ីគឺប្រទេសថៃដែលជាសម្ព័ន្ធមិត្តដ៏ចាស់បំផុតរវាងសហរដ្ឋអាមេរិកត្រូវបានយកជាការឈប់សំចតនៅនាយសមុទ្រចាប់តាំងពីលោកត្រូវបានជាប់ឆ្នោតម្តងទៀតនោះទេ។ លោក បានមានប្រសាសន៍ថាតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក នឹងកំណត់អាទិភាពនៃសន្តិសុខនិងភាពរុងរឿងរបស់សហរដ្ឋអាមេរិកហើយមានសារៈសំខាន់បំផុតដើម្បីការងារនិងឱកាសខាងការងារសម្រាប់ប្រជាពលរដ្ឋអាមេរិក។
លោកប្រធានាធិបតី ចាកចេញនៅព្រឹកថ្ងៃច័ន្ទនេះទៅកាន់ប្រទេសភូមា ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទីមួយទៅបំពេញទស្សនកិច្ចប្រទេសមួយដែលកំពុងចាប់ផ្តើមធ្វើដំណើរលើផ្លូវដ៏ឆ្ងាយមួយហើយនឹងដ៏លំបាកមួយដើម្បីធ្វើកំណែទម្រង់ខាងនយោបាយនិងសេដ្ឋកិច្ច។
ដោយឆ្លុះបញ្ចាំងពីសាររបស់លោកដល់ប្រទេសភូមា លោកអូបាម៉ា បានមានប្រសាសន៍ថាលោក នឹងស្វាគមន៍ការជឿនលឿនរបស់ប្រជាពលរដ្ឋភូមា ប៉ុន្តែ បានសង្កត់ថាមានផ្លូវដ៏វែងឆ្ងាយទៀតដើម្បីធ្វើកំណែទម្រង់។
«អ្វីដែល គេ នឹងឮមកពីខ្ញុំគឺថាយើង ស្វាគមន៍ពួកគេដល់ការបើកចំហទ្វារដល់ប្រទេសនោះដល់ការគោរពសិទ្ធិមនុស្ស និងការគោរពសេរីភាពខាងនយោបាយ ហើយ ខ្ញុំ កំពុងនិយាយថា ពួកគេ បានតាំងចិត្តឆ្ពោះទៅកាន់រដ្ឋាភិបាលមានលទ្ធិប្រជាធិបតេយ្យកាន់តែច្រើនឡើងថែមទៀត។ ប៉ុន្តែ អស់លោក អ្នក ក៏នឹងឮដែរថាប្រទេសនេះ នៅមានផ្លូវវែងឆ្ងាយទៀត»។
លោក អូបាម៉ា មានប្រសាសន៍បន្តទៀតថាសហរដ្ឋអាមេរិក កំពុងកម្រិតនយោបាយនិងការឆ្លើយតបរបស់ខ្លួនហើយនឹងឆ្លើយតបប្រសិនបើខ្លួន មើលឃើញថាដំណើរការនៃការធ្វើកំណែទម្រង់ដើរថយក្រោយ។
នៅប្រទេសភូមា លោកអូបាម៉ា នឹងជួបជាមួយលោកប្រធានាធិបតី Thein Sein ដែលកំពុងគ្រប់គ្រងដំណើរការកែទម្រង់យ៉ាងប្រយ័ត្នប្រយែង។
លោកប្រធានាធិបតី នឹងទៅគេហដ្ឋានរបស់មេដឹកនាំលទ្ធិប្រជាធិបតេយ្យនិងជាសមាជិកសភាគឺលោកស្រី Aung San Suu Kyi ដែលបានចំណាយពេលរាប់សិបឆ្នាំជាប់ក្នុងការឃុំឃាំងនៅក្នុងផ្ទះនៅក្នុងដៃរបស់រដ្ឋាភិបាលពួកយោធា។ មេដឹកនាំទាំង២ បានជួបគ្នានៅសេតវិមានកាលពីខែកញ្ញាកន្លងមកនេះ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន