ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះឡើង​វិញ​នៃ​ជំងឺកូវីដ​នៅ​អាស៊ី​បំផ្លាញ​ក្តី​សង្ឃឹម​ដល់​ការ​ធ្វើដំណើរ​ក្នុង​ប្រទេស​ដែល​សុវត្ថិភាព​


ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ពិនិត្យ​សីតុណ្ហភាព​នៅពេល​នាង​មក​ដល់​កន្លែង​មើល​ការប្រគុំ​តន្រ្តី​នៅទី​ធ្លា​ចតរថយន្ត Gyeongbok Palace ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២០។
ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ពិនិត្យ​សីតុណ្ហភាព​នៅពេល​នាង​មក​ដល់​កន្លែង​មើល​ការប្រគុំ​តន្រ្តី​នៅទី​ធ្លា​ចតរថយន្ត Gyeongbok Palace ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២០។

ការផ្ទុះ​ឡើង​វិញ​នៃ​វីរុស​កូរ៉ូណា​ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី ដែល​ត្រូវ​បាន​គេ​សរសើរ​ថាជា​ប្រទេស​គំរូ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាតនោះ គូស​បញ្ជាក់​ពី​ភាព​ធន់​របស់​វីរុស​និងផលប៉ះពាល់ការ​ធ្វើដំណើរ​ក្នុង​ចំណោម​ប្រទេសដែល​ស្ថិតក្នុងតំបន់​សុវត្ថិភាព។​

ប្រទេស​វៀតណាម ហុងកុង អូស្ត្រាលី និង​ជប៉ុន បាន​ឃើញ​ការ​រីករាលដាល​នៃ​វីរុស​លឿន​ខ្លាំង​បំផុត​កាលពី​ខែកក្កដា ដែល​ការណ៍នេះអាច​នឹង​បណ្តាលឲ្យ​បន្តផ្អាក​ដំណើរការ​ក្នុងប្រទេស​ត​ទៅ​ទៀត។ ចិន​ដីគោក​ដែល​ជា​ប្រភព​ផ្ទុះ​វីរុស​នោះ ក៏​មាន​ករណី​កើន​ឡើង​ដែរ។

ប្រទេស​ទាំង​នោះ​មួយ​ចំនួន​បាន​ចូល​រួម​កិច្ច​ពិភាក្សា​ស្តី​ពីការ​ធ្វើ​ដំណើរ​ទៅកាន់​បណ្តុំ​ប្រទេស​ជិតខាង​ដែល​ទប់ស្កាត់​ជំងឺកូវីដ​១៩បាន​សម្រេច ឬ«travel bubbles»ដែល​ត្រូវ​បាន​ស្នើឡើងពេល​មានការ​រាតត្បាត​ភ្លាម​ៗ ដើម្បី​ជួយពង្រឹង​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​បើក​ឲ្យ​មានការធ្វើដំណើរ​អាជីវកម្ម​អន្តរជាតិនិងទេសចរ​ដែល​មិន​ត្រូវ​ធ្វើ​ចត្តាឡីស័ក។

លោក Ken Atkinson ​អនុ​ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​វៀតណាម ដែលបាន​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ពិចារណា​អំពី​ការបើក​ឲ្យធ្វើដំណើរក្នុងចំណោមប្រទេសដែលស្ថិត​ក្នុងតំបន់​សុវត្ថិភាព«travel bubbles» បាន​និយាយថា៖ «វាគឺ​ពិត​រឿង​ដ៏​ស្មុគស្មាញ។ ខ្ញុំ​គិត​ថារហូត​ដល់​ឆ្នាំ​ក្រោយ​ទើប​យើង​អាច​មើល​ឃើញ​ការ​ធ្វើ​ដំណើរ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​ពី​គ្រប់កន្លែង»។​

ការ​ផ្ទុះ​ឡើង​វិញ​នៅ​វៀតណាម

ដើម្បី​យល់​ពី​ការ​លំបាក​ក្នុង​ការ​លុបបំបាត់​វីរុស​កូរ៉ូណា យើង​មិន​បាច់​មើល​ទីណា​ក្រៅ​ពី​វៀតណាម​ទេ។ រហូត​ដល់​ខែកក្កដា ប្រទេស​ដែល​មាន​ប្រជាជន​៩៥លាន​នាក់​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​នេះ​ប្រមាណ​៤៥០​ករណី​ហើយ​គ្មានករណី​ស្លាប់។ នេះក៏ដោយសារ​វិធានការ​ធ្វើ​ចត្តាឡីស័ក​ទាន់​ពេល​និង​ការ​តាមដាន​ទំនាក់​ទំនង​យ៉ាង​ហ្មត់ចត់។​

ប្រទេស​វៀតណាមមិនមាន​ករណី​ឆ្លង​ក្នុង​ស្រុក​អស់រយៈពេល​ជិត​១០០ថ្ងៃ ដែលជាលទ្ធផលគួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ប្រទេស​ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​ចិន។ ប៉ុន្តែ​ភាព​ជោគជ័យ​នេះ​មិនគ្រប់គ្រាន់ក្នុងការបង្កាមិន​ឲ្យ​ផ្ទុះឡើង​វិញនោះ​ទេ។

អំឡុង​សប្តាហ៍​ចុងក្រោយ​នៃ​ខែកក្កដា ប្រទេស​វៀត​ណាមបាន​រាយការណ៍​អំពីការឆ្លងថ្មី៩៣​ករណី​ដែលជាផ្នែកនៃ​រលក​រាតត្បាត​ថ្មី​នៅ​កណ្តាល​ក្រុង​ដាណាង។ ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាធរបានជម្លៀសមនុស្ស​៨០,០០០​នាក់​ភាគ​ច្រើន​ជា​ភ្ញៀវទេសចរ​ក្នុង​ស្រុក ហើយ​បាន​ពន្យា​ការ​ហោះហើរ​ទៅ​និង​មក​ទី​ក្រុង​រមណីយដ្ឋាន​ដ៏​មានប្រជាប្រិយ​នេះ ដែល​ឥឡូវ​ស្រដៀង​នឹង​ទីក្រុង​ខ្មោច។

ក្នុង​ទីក្រុង​ហាណូយរដ្ឋធានី​នៃ​ប្រទេស​វៀតណាម​បារ និង​ក្លិបកម្សាន្ត​ពេល​រាត្រី​ត្រូវ​បាន​បិទ​ហើយ​ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ហាម​ឃាត់។ ឆ្នេរ​សមុទ្រ​ក្នុង​ប្រទេស​នេះ​ជាច្រើន​ដែល​តែងតែ​ពេញ​ដោយ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ឥឡូវនេះ​ទទេ​ស្អាត។

លោក ​Marcel Renes ម្ចាស់​មជ្ឈមណ្ឌល​ទេសចរ Ninh Binh ដែល​មាន​ផ្តល់សេវាកម្ម​ទេសចរ​និង​អ្នក​បើករថយន្តផ្ទាល់​ខ្លួន​ក្នុង​ដែនដីសណ្ត​ទន្លេហុង​ភាគខាងជើង​វៀតណាម​បាន​និយាយថា៖ «យើង​មាន​អ្នក​បើករថយន្ត​និងមគ្គុទេស​ទេសចរណ៍​ជាច្រើន​នាក់​ដែល​នៅ​ផ្ទះ​ហើយ​គ្មានការងារ​ធ្វើ»។

​ខណៈ​ដែល​ប្រទេស​វៀតណាម​បាន​បិទ​ព្រំដែន​ជាច្រើន​ខែ​មកហើយ សណ្ឋាគារ រមណីយដ្ឋាន​ជាច្រើន និង​ផ្នែក​ផ្សេង​ទៀត​នៃ​ឧស្សាហកម្ម​ទេសចរ​បាន​យុទ្ធសាស្រ្ត​ផ្តោតលើ​ភ្ញៀវទេសចរណ៍​ក្នុង​ស្រុកជាង​ជនបរទេស។ ប៉ុន្តែការ​ផ្ទុះឆ្លងរាលដាល​ថ្មី​ចុងក្រោយបង្អស់នេះ​បានបង្ក​ហានិភ័យ​ខ្លាំងសូម្បីភ្ញៀវក្នុងស្រុក។

​លោក Renes និយាយ​ថា៖«ខ្ញុំ​មិនដឹង​ថា​ឥឡូវ​យើង​អាច​ធ្វើ​អ្វី​បានទេ។ ព្រំដែន​នៅតែបិទ ហើយ​ខ្ញុំគិត​ថា​វា​នឹង​បន្ត​បិទ​ក្នុងពេល​៦ខែទៀត»។​

ប្រភព​នៃ​ការឆ្លង​រាតត្បាត​ក្នុងប្រទេស​វៀតណាមមាន​ភាពមិនច្បាស់លាស់ ។ តាំង​ពី​ករណី​ថ្មីៗ​ត្រូវ​បានរក​ឃើញមក វៀតណាម​បាន​បង្រ្កាបអន្តោរប្រវេសន៍​ខុសច្បាប់ពី​ប្រទេស​ចិន ទោះ​ជា​អាជ្ញាធរ​មិន​បាន​ភ្ជាប់ទំនាក់ទំនងរវាង​ករណីឆ្លង​ណាមួយទៅ​នឹង​ការ​ឆ្លងព្រំដែន​ខុសច្បាប់​ក៏​ដោយ​។

ការបន្ទោស​លើការ​ធ្វើដំណើរ​ដើម្បី​អាជីវកម្ម​នៅ​ហុងកុង

​ហុង​កុង​ក៏​បាន​ជួប​រលក​ថ្មី​នៃ​ការ​រាតត្បាត​បន្ទាប់​ពី​មិនមាន​ការរាយ​ការណ៍​អំពីករណី​ថ្មី​អស់​បីសប្តាហ៍​។ អំឡុង​ពេល​១០​ថ្ងៃ​ចុងក្រោយ​ក្នុង​ខែ​កក្កដា ហុងកុង​រាយការណ៍ការឆ្លងថ្មី​១០០​ករណីក្នុង​មួយ​ថ្ងៃ។

ដែន​ដី​ចិន​ដែល​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​ការហោះហើរ​បែប​ទស្សនកិច្ច​ការងារ​អន្តរជាតិ បាន​អនុញ្ញាត​ឲ្យ​តែអ្នក​ធ្វើ​ដំណើរកាន់​តំណែង​ជាក់​មួយ​ចំនួន ដែល​រួម​មាន​តំណែង​នាយក​មួយចំនួន​ បុគ្គលិក​អាកាសចរណ៍ និង​មន្ត្រី​រដ្ឋាភិបាល​រួច​ផុត​ពី​ច្បាប់​ដាក់ឲ្យនៅដាច់​ដោយ​ឡែក​ពី​គេ។

​មនុស្ស​ជាង​២៩ម៉ឺននាក់ត្រូវបានបានលើកលែងចេញ​ពីច្បាប់នេះតាំង​ពី​ខែ​កុម្ភៈ យោងតាម​តួលេខ​ផ្លូវការ។ អាជ្ញាធរ​សុខាភិបាល​ឥឡូវ​ទទួល​ស្គាល់​ថា​ការ​លើកលែង​ទាំង​នោះ​យ៉ាង​ហោច​ណាស់​រួម​ចំណែកក្នុង​ការ​ធ្វើ​ឲ្យមាន​ការផ្ទុះ​រាតត្បាតវីរុសនេះ​ឡើង​វិញ៕

ប្រែសម្រួល​ដោយ​ទុំ ម្លិះ

XS
SM
MD
LG