នៅសប្តាហ៍ក្រោយនេះ ប្រទេសភូមានឹងទទួលស្វាគមន៍មេដឹកនាំសមាគមអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត។ ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីរុស្ស៊ីក៏ដូចជាមេដឹកនាំជាន់ខ្ពស់ចិន ហើយនឹងលោកនាយករដ្ឋមន្ត្រីឥណ្ឌា ព្រមទាំងមេដឹកនាំអាស៊ីអាគ្នេយ៍នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ហើយមានអំពីក្តីរំពឹងទុកដ៏តិចតួចពីជំនួបប្រជុំនេះ។
ការឯកភាពគ្នា ការសម្រុះសម្រួលគ្នា និងគោលការណ៍មិនជ្រៀតជ្រែករបស់សមាគមអាស៊ានបានជួយឲ្យប្រទេសក្នុងតំបន់ ដែលធ្លាប់មានអំពើហិង្សាកាលពីមុននេះ មានសន្តិភាពក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ លោក Rodolfo Severino អតីតអគ្គលេខាធិការអាស៊ាន និយាយតាម Skypeថា នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពតែមួយគត់ដើម្បីឲ្យអាស៊ានដំណើរការទៅមុខ។
លោកនិយាយថា៖
«ទេ អាស៊ានគឺមិនផ្តោតលើការសម្រេចធំៗទេ។ អាស៊ានគឺធ្វើការផ្អែកលើមូលដ្ឋានកើនឡើងតាមកម្រិត»។
ប៉ុន្តែការណ៍នេះអាចជាឧបសគ្គក្នុងការដោះស្រាយបញ្ហាចម្បងៗ បើតាមលោកសាស្ត្រាចារ្យ Jason Briggs នៃសាកលវិទ្យាល័យ Webster នៅទីក្រុងបាងកក។
«ជាធម្មតា នៅពេលសមាជិកសមាគមអាស៊ានជួបប្រជុំ លទ្ធផលទទួលបានគឺអនុស្សរណៈ សេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍រួមគ្នា ដែលជាយន្តការច្បាប់ធូររលុង ជាជាងវិធានការច្បាប់តឹងរ៉ឹង»។
សមិទ្ធផលដ៏សំខាន់មួយរបស់អាស៊ានត្រូវបានរំពឹងថា ជាការចាប់ផ្តើមសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំក្រោយនេះ ដោយសម្រួលការធ្វើជំនួញ និងការធ្វើដំណើរឆ្លងព្រំដែន។ ប៉ុន្តែលោក Severino អតីតអគ្គលេខាធិការអាស៊ានមកពីហ្វីលីពីន និយាយថា ព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់ ដែលជាកិច្ចការមួយដែលត្រូវតែបញ្ជាក់ឲ្យច្បាស់នៅក្នុងសន្និបាតឆ្នាំនេះ។
លោក Severino ថា៖
«តើសហគមន៍ប្រភេទណាដែលយើងកំពុងតែសម្លឹងមើល ហើយនៅទីនេះ មេដឹកនាំត្រូវតែដៅប្រភេទសហគមន៍របស់ខ្លួន ពីព្រោះវានៅមិនឆ្ងាយទេ។ រឿងនេះនឹងកើតឡើងនៅក្នុងពេលដែលម៉ាឡេស៊ីធ្វើប្រធានអាស៊ាន។ វានឹងកើតឡើង»។
ក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន លោកប្រធានាធិតីបារ៉ាក់ អូបាម៉ាបានលុបចោលដំណើរទៅចូលរួម ដោយសារតែការផ្អាកដំណើរការរដ្ឋាភិបាលអាមេរិក ដែលបានឲ្យចិនចាប់យកឱកាសលេចធ្លោ។
នយោបាយការទូតសំខាន់របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះគឺការជួបផ្ទាល់ ម្តងមួយៗជាមួយនឹងមេដឹកនាំរដ្ឋាភិបាលដែលមិនមែនជាសមាជិកអាស៊ាន។
លោកសាស្ត្រាចារ្យ Briggs និយាយថា៖
«មេដឹកនាំពីប្រទេសឥណ្ឌា ក្រោមការដឹកនាំរបស់លោក Modi និងមេដឹកនាំប្រទេសរុស្ស៊ីក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសន្និបាតនេះដែរ ទោះបីជានៅសហរដ្ឋអាមេរិក យើងមានក្តីកង្វល់ពីទំនាក់ទំនងទ្វេរភាគីច្រើនជាមួយនឹងរុស្ស៊ីក៏ដោយ។ នេះក៏ជាឱកាសមួយ ពីព្រោះវាអាចមានការពិភាក្សាដ៏មានប្រយោជន៍មួយចំនួនរវាងលោកប្រធានាធិបតីអូបាម៉ា និងមេដឹកនាំទាំងនោះ»។
ជំនួបពិភាក្សារវាងមេដឹកនាំទាំងនោះជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក នឹងផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន រួមមានចលនាជ្រុលនិយមរបស់រដ្ឋអ៊ីស្លាម ភាពវឹកវរជាបន្តបន្ទាប់នៅអ៊ុយក្រែន ផលលំបាកក្នុងការចរចាផ្នែកជំនួញនៅតំបន់ប៉ាស៊ីហ្វិក ការពង្រីកដែនសមុទ្ររបស់ចិន និងការទប់ស្កាត់ការរាតត្បាតនៃជំងឺ អ៊ីបូឡា នៅអាហ្រ្វិកខាងលិច៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត