ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បរាជ័យ​កិច្ច​ប្រជុំ​អាស៊ាន​បង្ហាញ​ពី​ភាពខ្សោយ​របស់​អង្គការ​នេះ


រដ្ឋមន្ត្រី​ការ​បរទេស​​និង​មន្ត្រី​រដ្ឋាភិបាល​នានា ចូល​រួម​​ប្រជុំ​ក្នុង ​«វេទិកា​តំបន់​សហរដ្ឋ​អាមេរិក-អាស៊ាន» នៅ Nusa Dua លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី២៣​ខែ​កក្កដា​ឆ្នាំ​២០១១។
រដ្ឋមន្ត្រី​ការ​បរទេស​​និង​មន្ត្រី​រដ្ឋាភិបាល​នានា ចូល​រួម​​ប្រជុំ​ក្នុង ​«វេទិកា​តំបន់​សហរដ្ឋ​អាមេរិក-អាស៊ាន» នៅ Nusa Dua លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី២៣​ខែ​កក្កដា​ឆ្នាំ​២០១១។
ដោយ​ Nash Jenkins​
វ៉ាស៊ីនតោន​៖ នៅ​ពេល​ដែល​សន្និសីទ​ក្នុង​តំបន់​របស់​អាស៊ាន​បាន​បញ្ចប់​ដោយ​គ្មាន​ការ​មូល​មតិ​គ្នា​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ព្រឹត្តិការណ៍​ដែល​កើត​មាន​បន្ត​មក​ទៀត​បាន​បង្ហាញ​ឲ្យ​ឃើញ​បរាជ័យ​ធំ​ពីរ។​ មានការ​មិន​អាច​ធ្វើ​សេចក្តី​ព្រាង​ត្រឹម​ត្រូវ​តាម​ច្បាប់​មួយ​បាន​សម្រាប់​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​ក្រោយ​មក​មាន​ផល​វិបាក​ពី​បរាជ័យ​ទាំង​នេះ​ ដូច​ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​ដែល​ត្រូវ​ធ្វើ​ឲ្យ​ទាន់​ពេល​វេលា​ ដែល​ឥឡូវ​បាន​ទុក​មួយ​អន្លើ​សិន។​

ផែនការ​សម្រាប់​បង្កើត​សហគមន៍​សេដ្ឋកិច្ច​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី​ជា​ប្រធានបទ​មួយ​ដែល​មិន​សូវ​មាន​ឮ​ការ​បញ្ចេញ​យោបល់​ជា​ស្ថាបនា​ទេ​ចាប់​តាំង​ពី​ពេល​ដែល​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​បាន​ធ្វើ​សេចក្តី​ព្រាង​ពី​ដំបូង​ អំពី​គម្រោង​សម្រាប់​បង្កើត​«សមាគម​អាស៊ាន​រួម​គ្នា​ដ៏​ខ្លាំង​និង​ជិត​ស្និទ្ធ​ជាង​មុន»​មួយ​ កាល​ពី​ឆ្នាំ​ ២០០៨។​

ផែនការ​នេះ​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​មួយ​របស់​អាស៊ាន​ ទុក​ជា​អង្គភាព​សេដ្ឋកិច្ច​ពហុភាគី​មួយ​ ដែល​នឹង​គ្រប់​គ្រង​លើ​ប្រទេស​អាស៊ាន​ទាំង​អស់​ ដោយ​មាន​ប្រព័ន្ធ​ផ្សារ​រួម​តែ​មួយ​ បើក​ឲ្យ​មាន​លំហូរ​ទំនិញ​ សេវា​ មូលធន​ និង​វិនិយោគទុន​ ទៅ​វិញ​ទៅ​មក​ដោយ​សេរី។​

នេះ​ជា​គោល​ដៅ​ដ៏​ទូលំ​ទូលាយ​មួយ​ ដែល​មាន​ទ្រឹស្តី​សេដ្ឋកិច្ច​ជាធំ​ តែ​ជា​លទ្ធផល​នឹង​ជៀស​មិន​ផុត​ពី​ទ្រឹស្តី​នយោបាយ​ សង្គម​និង​វប្បធម៌​មួយ​បាន​ទេ​ ហើយ​ក៏​ជា​គោល​ដៅ​ដ៏​លោភលន់​មួយ​ ដែល​មន្ត្រី​និង​អ្នក​តំណាង​អាស៊ាន​នៅ​ទី​បំផុត​បាន​ទទួល​ស្គាល់។​

គម្រោង​សម្រាប់​សហគមន៍​អាស៊ាន​មួយ​ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​ ២០០៩​ ទុក​ជា​ក្បួន​ណែនាំ​សម្រាប់​ការ​រួម​បញ្ចូល​គ្នា​ បាន​កំណត់​ឆ្នាំ​ ២០១៥​ ជា​ទិសដៅ​ដែល​ពិភពលោក​អាច​មើល​ឃើញ​លទ្ធផល​ច្បាស់​លាស់​នៃ​កិច្ច​ប្រឹង​ប្រែង​នៅ​ក្នុង​ការ​រួម​បញ្ចូល​សេដ្ឋកិច្ច​ក្នុង​តំបន់។​ពេល​វេលា​ស្ថាបនា​សហគមន៍​ក្នុង​រយៈ​ពេល​ ប្រាំ​មួយ​ឆ្នាំ​ ឥឡូវ​បាន​កន្លង​ផុត​អស់​ពាក់​កណ្តាល​ទៅ​ហើយ​ ដោយ​មាន​ការ​ជឿនលឿន​ជា​ដុំ​កំភួន​ដ៏​តិច​តួច​ ឆ្ពោះ​ទៅ​រក​ការ​រួម​បញ្ចូល​សេដ្ឋកិច្ច។​

ផែនការ​នោះ​ផ្ទាល់​មាន​ភាព​ទូលំទូលាយ​ណាស់​ ដែល​បាន​សរសេរ​ឲ្យ​មាន​ន័យ​មិន​ច្បាស់​លាស់​ ដូច​សេចក្តី​ផ្តួច​ផ្តើម​ភាគ​ច្រើន​ឯ​ទៀត​របស់​អាស៊ាន​ ហើយ​បាន​សរសើរ​ដល់​អង្គភាព​ដែល​គេ​បាន​គិត​ទុក​ក្នុង​ចិត្ត​នេះ​ ថា​ជា​«សហគមន៍​មួយ​នៃ​គុណសម្បត្តិ​និង​បរិមាណ​ យោង​ទៅ​តាម​បទ​ប្បញ្ញតិ»។​

លោក​ ហ្ក្រេកហ្កូរី ផូលលីង(Gregory​ Poling)​ អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈ​មណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ​នៅ​ក្រុង​វ៉ាស៊ីនតោន​ បាន​ឲ្យ​ដឹង​ថា​ ជំហាន​សំខាន់​បំផុត​ឆ្ពោះ​ទៅ​រក​ឯកភាព​វូបនីយកម្ម​តាំង​ពី​ឆ្នាំ​ ២០០៩​ មក​ គឺ​មាន​តែ​ការ​អនុវត្ត​ឈ្មោះ​ ASEAN​ Single​ Window​ ឬ​«ច្រក​ចេញ​ចូល​តែ​មួយ​របស់​អាស៊ាន»។​ កិច្ច​ព្រមព្រៀង​នេះ​ជា​ការ​បន្ធូរ​បទដ្ឋាន​ខាង​គយ​ ដែល​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​បង្កើត​ឡើង​ ហើយ​មក​ទល់​នឹង​ពេល​នេះ​មាន​ប្រើ​តែ​នៅ​ក្នុង​ប្រទេស​ខ្លះ​ប៉ុណ្ណោះ​ទេ។​

លោក​ Poling​ ថ្លែង​ថា​ ការ​ជឿនលឿន​ដ៏​តិច​តួច​នេះ​ជា​លំនាំ​ធម្មតា​សម្រាប់​មាគ៌ា​និយតកម្ម​របស់​អាស៊ាន​ ហើយ​ថា​វិធានការ​ដើម្បី​បង្កើត​សហគមន៍​សេដ្ឋកិច្ច​ អាស៊ាន​ ក៏​នឹង​មានដំណើរ​យឺតៗ​ដូច​គ្នា​នេះ​ដែរ។​ បើ​និយាយ​ឲ្យ​ចំ​ទៅ​ គឺ​ថា​គម្រោង​សម្រាប់ឆ្នាំ​ ២០១៥​ នេះ​ នឹងមិនមាន​ការ​ផ្លាស់​ប្តូរ​អ្វី​ច្រើន​ទេ។​

«លោក​អ្នក​នឹង​ឃើញ​នៅ​គ្រប់​កិច្ច​ប្រឹង​ប្រែង។​ អាស៊ាន​នឹង​កំណត់​ពេល​វេលា​ ហើយ​និយាយ​ថា​ ‘យើង​នឹង​មាន​ផ្សារ​រូបិយបណ្ណ​រួម​គ្នា​នៅ​ថ្ងៃ​នេះ'។​ តែ​ពេល​ថ្ងៃ​នេះ​មក​ដល់​ អាស៊ាន​ទើប​នឹង​ទៅ​ដល់​ជំហាន​ទី​មួយ​នៃ​ជំហាន​ប្រាំ​ ហើយ​ពួក​គេ​យល់​ព្រម​ដោយ​មូលមតិ​គ្នា​ថា​ នឹង​ចាប់​ធ្វើ​ជំហាន​ទី​ពីរ​ ទី​បី​ ។ល។​ រហូត​ដល់​ចប់»។​

នា​បច្ចុប្បន្ន​ អ្វី​ដែល​ជា​គម្រោង​សម្រាប់​បណ្តាញ​នៃ​ប្រទេស​រួម​បញ្ចូល​ទាំងមូល​របស់​ អាស៊ាន​ គឺ​ពិត​ជា​អ្វី​ដែល​ខុស​ស្រឡះ​ពី​នេះ​ទៅ​វិញ។​ ប្រទេស​ទាំង​ដប់​ជា​សមាជិក​ មាន​ប្រព័ន្ធ​នយោបាយ​ ហិរញ្ញវត្ថុ​ និង​វប្បធម៌​ខុស​ៗ​គ្នា​ ដោយ​នៅ​ចុង​ម្ខាង​ មាន​ប្រទេស​សឹង្ហបូរី​ ដែល​មាន​សេដ្ឋកិច្ច​មូលធននិយម​ដ៏​ជឿនលឿន​បំផុត​មួយ​ក្នុង​ពិភពលោក​ និង​នៅ​ចុង​ម្ខាង​ទៀត​មាន​ប្រទេស​ដូច​ជា​លាវ​ជា​ដើម​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ប្រចាំ​ឆ្នាំ​របស់​អ.ស.ប​ ជា​ប្រទេស​មាន​ការ​លូត​លាស់​តិច​បំផុត​ក្នុង​ពិភពលោក។​

លោក​ Poling​ បញ្ជាក់​ថា​ គម្លាត​ផ្នែក​អភិវឌ្ឍន៍​នេះ​ជា​កត្តា​ចាំបាច់​ណាស់​ដែល​មិន​ត្រូវ​មាន​ការ​រួម​បញ្ចូល​គ្នា​ជា​សហគមន៍​មួយ​ទេ​ ពីព្រោះ​ប្រទេស​ដូច​ជា​ លាវ​និង​កម្ពុជា​ ច្បាស់​ជា​មិន​មាន​សមត្ថភាព​អាចតាម​ប្រទេស​ឯ​ទៀត​បាន​ទេ។​

ការ​សម្រួល​ទៅ​តាម​ការ​ខ្វះខាត​របស់​ប្រទេស​ទាំង​នេះ​ ភាគ​ច្រើន​បណ្តាល​ឲ្យ​មាន​ការ​គិត​គូរ​ឡើង​វិញ​តាម​ក្រោយ​មក​ទៀត​ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គោល​ដៅ​ ពេល​វេលា​កំណត់​ ដែល​នៅ​ទី​បញ្ចប់​ធ្វើ​ឲ្យ​ប្រទេស​ទន់​ខ្សោយ​ទាំង​នោះ​ ឃ្លាត​នៅ​ក្រោយ​កាន់​តែ​ឆ្ងាយ​ទៅៗ។​

«អាស៊ាន​មិន​អាច​កំណត់​ពេល​វេលា​ជាក់​លាក់​សម្រាប់​ធ្វើ​អ្វីមួយ​បាន​ទេ​ ហើយ​មិន​អាច​ផ្លាស់​ប្តូរ​ពេល​វេលា​ទាំង​នោះ​បាន​ទៀត​ នៅ​ពេល​ណា​ដែល​គេ​មើល​ឃើញ​ច្បាស់​ថា​ពេល​វេលា​ទាំង​នោះ​មិន​អាច​ធ្វើ​ឲ្យ​សម្រេច​បាន​ទេ។​ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ធ្វើ​សេចក្តី​ប្រកាស​មិន​ឲ្យ​ច្បាស់​លាស់​ ដូច​ជា​ថា​ ‘ប្រទេស​មិន​សូវ​ជឿនលឿន​នឹង​លើក​លែង​ពី​តម្រូវ​ការ​ទាំង​នេះ​ រហូត​ទៅ​ដល់​ពេល​ណា​ដែល​ពួក​គេ​មាន​សមត្ថភាព​អាច​ធ្វើ​តាម​បាន’។​ ករណី​នេះ​មាន​ន័យ​ថា​ យើង​នឹង​ឈាន​ជើង​ទៅ​មុខ​ ដោយ​គ្មាន​ប្រទេស​ទន់​ខ្យោយក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ រហូត​ដល់​ពេល​ដែល​ប្រទេស​ទាំង​នេះ​សម្រេច​ថា​ពួក​គេ​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ ដើម្បី​ចូល​រួម»។​

ការ​ជឿន​លឿន​ក៏​មាន​ស្តួច​ស្តើង​ដែរ​ ដោយសារ​ជម្លោះ​មនោគមវិជ្ជា​ក្នុង​តំបន់​ ដែល​បាន​រីក​រិត​តែ​ធំ​ឡើង​ពី​ការ​មិន​ចុះសម្រុង​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​សន្និសីទ​អាស៊ាន​នៅ​ក្រុង​ភ្នំពេញ។​ បរាជ័យ​របស់​មេ​ដឹកនាំ​ អាស៊ាន​ ក្នុង​ការ​សម្រេច​សេចក្តីព្រាង​នៃ​ផែនការ​ជាក់​លាក់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ក្នុង​ការ​ខ្វែង​គំនិត​គ្នា​និង​ការ​ចោទ​ប្រកាន់​គ្នា​ដ៏​ជូរ​ចត់​អំពី​រឿង​ពុក​រលួយ​ ហើយ​លាត​ត្រដាង​ឲ្យ​គេ​មើល​ឃើញនូវ​ការ​មិន​ស្រុះ​ស្រួល​គ្នា​ជា​ចាំបាច់​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។​

លោក​ Poling​ ថ្លែង​ថា​ និយាយ​ឲ្យ​ខ្លី​ ផែនការ​ពិត​ប្រាកដ​ណា​មួយ​ដើម្បី​បង្រួប​បង្រួម​ អាស៊ាន​ ឲ្យ​ទៅ​ជា​អង្គភាព​សេដ្ឋកិច្ច​រួម​តែ​មួយ​តាម​ពេល​វេលា​កំណត់​ គឺ​ជា​ «សេចក្តី​ប្រាថ្នា​»។​ ការ​លូត​លាស់​នឹង​មើល​ឃើញ​ច្បាស់​បំផុត​នៅ​ក្នុង​ប្រទេស​ថ្នាក់​កណ្តាល​ ដូច​ជា​ ម៉ាឡេស៊ី ​និង​ ថៃ​ ដែល​នឹង​បាន​ទទួល​ផល​ច្រើន​ជាង​គេ។​ តាម​អាការៈ​ក្រៅ ផែនការ​នេះ​បង្ហាញ​ឲ្យ​ឃើញភិនភាគ​និង​ដំណើរការ​ស្រដៀង​គ្នា​នឹង​សហភាព​ អឺរ៉ុប​ ដែល​ធ្វើ​ឲ្យ​មាន​សេចក្តី​ព្រួយ​បារម្ភ​ បន្ទាប់​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​ប្រើ​ប្រាក់​ អឺរ៉ូ។​

លោក​ Poling​ បាន​បដិសេធ​ការ​ប្រៀប​ប្រដូច​នេះ​ ដោយ​បាន​រំលឹក​អំពី​ពាក្យ​របស់​មេ​ដឹកនាំ​ អាស៊ាន។​

ឯកសារ​មួយ​ដែល​មន្រ្តី​អាស៊ាន​បាន​ចែក​ចាយ​ក្នុង​ឆ្នាំ​ ២០០៨​ ដើម្បី​បំភ្លឺ​សេចក្តី​ព្រួយ​បារម្ភ​ដែល​មាន​ចារ​នៅ​ក្នុង​ផែនការ​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​ អាស៊ាន​ បាន​អាន​យ៉ាង​ដូច្នេះ៖​ «សហភាព​អឺរ៉ុប​ ជា​គំរូ​នៃ​ការ​បង្រួប​បង្រួម​មួយ​ ដែល​ខុស​គ្នា​ទាំង​ស្រុង​ពី​ អាស៊ាន»។​
នៅ​ក្នុង​ការ​ពន្យល់​អំពី​ភាព​ខុស​គ្នា​សំខាន់ៗ​ រវាង​ទ្វីប​ អឺរ៉ុប​ និង​ ភូមិភាគ​អាស៊ី​អាគ្នេយ៍​ លោក​ Poling​ បាន​វែក​ញែក​អំពី​ប្រវត្តិសាស្រ្ត​នៃ​ទ្វីប​ អឺរ៉ុប​ ដែល​មាន​ជម្លោះ​ដ៏​យូរ​ឆ្លង​ព្រំដែន​ ផ្ទុយ​គ្នា​ពី​ការ​នៅ​បែក​តែ​ឯង​នៃ​ប្រទេស​និមួយៗ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។​ សំខាន់​បំផុត​គឺ​នៅ​មាន​បញ្ហា​នៃ​ភាព​ខុស​ពី​គ្នា៖​ គម្លាត​ខាង​សមត្ថភាព​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​ ប្រហែល​ជា​មាន​ទំហំ​ធំ​ពេក​ ដែល​មិន​អាច​ភ្ជាប់​គ្នា​បាន​ទេ។​

«សុំ​ពិនិត្យ​មើល​តំបន់​ប្រើ​ប្រាក់​ អឺរ៉ូ។​ សុំ​មើល​ប្រទេស​ ដូច​ជា​ អាឡឺម៉ង់​ ហើយ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ ក្រិក។​ ប្រទេស​ទាំង​ពីរ​នេះ​មាន​គម្លាត​ដ៏​តូច​បំផុត​ បើ​ប្រៀប​ធៀប​ទៅ​នឹង​គម្លាត​រវាង​ប្រទេស​សឹង្ហបូរី​និង​ប្រទេស​លាវ»។​
នៅ​ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​ អឺរ៉ុប​ មេ​ដឹកនាំ​ អាស៊ាន​ បាន​វាយ​តម្លៃ​ផែនការ​របស់​ខ្លួន​ជា​ថ្មី​ឡើង​វិញ​សម្រាប់​ការ​រួម​បញ្ចូល​គ្នា។​ អាស៊ាន​ គ្មាន​ផែនការ​បង្កើត​រូបិយបណ្ណ​រួម​ឬ​អត្តសញ្ញាណ​នយោបាយ​មួយ​ទេ​ ហើយ​បើ​សិន​ជា​គេ​មាន​ផែនការ​ ប្រវត្តិសាស្រ្ត​ថ្មីៗ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​អំពី​ប្រសិទ្ធភាព​នៃ​ផែនការ​ទាំង​នោះ។​
លោក​ Poling ​ថ្លែង​ថា​ ក្នុង​ពេល​បច្ចុប្បន្ន​ អាស៊ាន​ នឹង​បន្ត​ស្វែង​រក​លទ្ធភាព​ដ៏​ងាយ​បំផុត​ ដើម្បី​ធ្វើ​ការ​រួម​បញ្ចូល​គ្នា៖​ គឺ​ព្រឹត្តិការណ៍​ដែលគេ​អាច​ការពារ​បាន​ ដើម្បី​ចង​ភ្ជាប់​ប្រទេស​ទន់​ខ្សោយ​បំផុត​ទៅ​នឹង​ប្រទេស​ខ្លាំង​បំផុត​ក្នុង​តំបន់៕៚​
ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន​
XS
SM
MD
LG