ចៅក្រមជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ បានសម្រេចមិនប្រើប្រាស់ឈ្មោះប្រទេស អង្គការ ឬបុគ្គលបរទេសណា នៅក្នុងសាលក្រម ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា។
នៅក្នុងសវនាការជំនុំជម្រះក្ដីលើលោក កឹម សុខា ដែលចាប់ផ្ដើមនៅថ្ងៃពុធនេះ មេធាវីតំណាងរដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន បានស្នើសុំឲ្យតុលាការប្រើប្រាស់អក្សរកាត់សម្រាប់ប្រទេស អង្គការ និងបុគ្គលបរទេសណាដែលពាក់ព័ន្ធនឹងលោក កឹម សុខា ដោយបារម្ភថា ការប្រើប្រាស់ឈ្មោះចំអាចប៉ះពាល់ទំនាក់ទំនងកម្ពុជា ជាមួយប្រទេស ឬស្ថាប័នទាំងនោះ។
ក្រោយមក នៅរសៀលថ្ងៃពុធនេះ ចៅក្រមជំនុំជម្រះ បានសម្រេចថាឲ្យប្រើប្រាស់ឈ្មោះប្រទេស ឈ្មោះអង្គការ និងបុគ្គលបរទេសណា ដែលពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា តែក្នុងដំណើរសវនាការតែប៉ុណ្ណោះ តែប្រើប្រាស់អក្សរកាត់នៅក្នុងសាលក្រម។ នេះបើយោងតាមមេធាវីម្នាក់របស់លោក កឹម សុខា។
លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃពុធនេះថា៖ «ចៅក្រមបានសម្រេចថានៅក្នុងសាលក្រម គេប្រើអក្សរកាត់ ប៉ុន្តែនៅក្នុងសវនាការ យើងអាចបញ្ចេញឈ្មោះ បញ្ចេញអីធម្មតា។ អញ្ចឹងយើងបានសម្រេចលើចំណុចហ្នឹងមួយ»។
លោកបន្តថា តុលាការបានសាកសួរអំពីប្រវត្តិការងាររបស់លោក កឹម សុខា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ នៅរសៀលថ្ងៃពុធនេះ បន្ថែមពីការសាកសួរកាលពីព្រឹកថ្ងៃពុធ អំពីវីដេអូឃ្លីប ដែលជាភស្តុតាងរឹងមាំមួយ ដែលរដ្ឋាភិបាលបានចោទលោក កឹម សុខា ថាក្បត់ជាតិ។ តែលោក កឹម សុខា បានទាមទារឲ្យតុលាការបញ្ចាំងវីដេអូរយៈពេលជាង១ម៉ោង ដែលលោកថាអាចបង្ហាញភាពស្អាតស្អំរបស់លោក។
មេធាវីរបស់លោក កឹម សុខា ម្នាក់ទៀត លោកស្រី ម៉េង សុភារី បានថ្លែងថា លោក កឹម សុខា បានប្រាប់ទៅតុលាការអំពីប្រវត្តិរបស់លោកថាជាសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងការងារជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកស្រីបានថ្លែងថា៖ «គាត់បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គាត់ទទួលជំនួយបរទេសពីUSAID។ អាហ្នឹងជាទូទៅទេ។ ឥឡូវទៅមើលស្រុកខ្មែរយើង អង្គការដែលបង្កើតមកនេះ អង្គការណាមួយ អត់ទទួលជំនួយពីបរទេស»។ ប៉ុន្តែលោកស្រីបញ្ជាក់ថាជំនួយទាំងនេះ មិនខុសច្បាប់នោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «ហើយអត់មានថាទទួលលុយពីក្រុមឧទ្ទាម ឬមួយក៏ពីអង្គការខុសច្បាប់ណាទេ»។
កាលពីព្រឹកថ្ងៃពុធ មេធាវីរបស់រដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន បានថ្លែងថាមានប្រទេសចំនួន៩ ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ក្នុងនោះរួមមានឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។ លោកបានស្នើឲ្យប្រើប្រាស់អក្សរតំណាង ដោយក្នុងនោះសហរដ្ឋអាមេរិក ត្រូវនឹងអក្សរ«ង»។
លោកបញ្ជាក់ថា៖ «សំណើនោះសូមបញ្ជាក់ជូនថា ដោយសារនៅក្នុងសំណុំរឿងនេះ វាមានពាក់ព័ន្ធនឹងបរទេស ពាក់ព័ន្ធនឹងប្រទេស មានប្រទេសប្រហែលជា៩ ហើយក៏ពាក់ព័ន្ធជាមួយនឹងអង្គការមួយចំនួនទៀត ហើយក៏ពាក់ព័ន្ធជាមួយនឹងបុគ្គលបរទេសមួយចំនួនទៀត ដែលនៅក្នុងសំណុំរឿងនេះ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេសក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា«ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល»ដោយមានបរទេសនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ។
សវនាការជំនុំជម្រះលើលោក កឹម សុខា នឹងបន្តនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ VOA កាលពីថ្ងៃអង្គារថា សវនាការជំនុំជម្រះក្តីលើលោក កឹម សុខា អាចប្រើរយៈពេលដល់ទៅ៣ខែ៕