ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ថា លោក កឹម សុខា គ្មាន​ទោស និង​ទាម​ទារ​​​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូបលោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទិដ្ឋភាពទូទៅនៅក្នុង​ការ​តវ៉ា​អហិង្សា​នៅមុខ​វិមាន​រដ្ឋសភាអាមេរិកដើម្បីទាម​ទាររដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​លោក​កឹម សុខា ​កាល​ពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ (VOA Khmer)

​នៅ​ក្នុង​បាតុកម្ម​អហិង្សា​នេះ លោក លោក អេង ឆៃ​អ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា លោក កឹម សុខា ​គ្មាន​ទោស​ទេ ហើយ​ការ​ចោទ​ប្រកាន់​លោក​​អយុត្តិធម៌។​

ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​កាណាដា និង​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជាង ២០០ នាក់ បាន​មក​ជួប​ជុំ​គ្នា នៅ​មុខ​វិមាន​សភា សហរដ្ឋ​អាមេរិក កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១១ ខែ​ មករា ឆ្នាំ២០២០ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ លោក កឹម​ សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​នឹង​ត្រូវ​តុលាការ​ជម្រះ​ក្ដី​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៅ​ ថ្ងៃ​ពុធ​ ទី១៥ ខែ​មករា ឆ្នាំ២០២០។

​នៅ​ក្នុង​បាតុកម្ម​អហិង្សា​នេះ លោក លោក អេង ឆៃ​អ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា លោក កឹម សុខា ​គ្មាន​ទោស​ទេ ហើយ​ការ​ចោទ​ប្រកាន់​លោកអយុត្តិធម៌។​

លោក អេង ឆៃ​អ៊ាង បាន​និយាយ​ថា៖ «ពួក​យើង​ដែល​ជា​ខ្មែរ​ដែល​នៅ​ក្រៅ​ប្រទេស​ហ្នឹង គឺ​យើង​កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ការ​កាត់​ក្ដី​លោក​ប្រធាន​ កឹម សុខា ពី​សំណាក់​តុលាការ​របស់​លោក ហ៊ុន សែន​ ថ្ងៃ​ទី​១៥ [មករា] នេះ ព្រោះ​យើង​ដឹង​ហើយ​ថា​សវនាការ​ហ្នឹង​ គឺ​ជា​សវនាការ​ឡប់ឡែ ឡប់ឡែ​គឺ​ជា​សវនាការ​វា​មិន​អាច​ជា​សវនាការ​មួយ​ដែល​ផ្ដល់​យុត្តិធម៌ ឲ្យ​លោក​ប្រធាន​ កឹម​ សុខា ទេ។ អញ្ចឹង​ហើយ​បាន​យើង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី នៅ​មុខ​វិមាន​សភា​នេះ គឺ​យើង​សុំ​ឲ្យ​របប​លោក​ ហ៊ុន សែន ហ្នឹង​ត្រូវ​តែ​ទម្លាក់​ចោល​នូវការ​ចោទ​មក​លើ​លោក ប្រធាន កឹម សុខា ព្រោះ​ការ​ចោទ​ហ្នឹង​មិន​មែន​វា​អត់​ត្រឹម​ត្រូវ​ វា​អត់​សមរម្យ​ទេ ជា​ការ​ចោទ​មួយ​ដែល​គេ​សើច​ចំអក ទាំង​សហរដ្ឋ​អាមេរិក ទាំង​សហគមន៍​អឺរ៉ុប​ជា​ដើម។

ចំណែក លោក ហ៊ូរ វ៉ាន់ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ ​បាន​ចោទ​តុលាការ​កម្ពុជា​ថា​ជា​តុលាការ​តេឡេ ជម្រះ​ក្ដី​តាម​បញ្ជា​របស់​លោក នាយក​មន្ត្រី​ ហ៊ុន សែន។

លោក ហ៊ូរ វ៉ាន់ បាន​ថ្លែង​ថា៖ «ហ៊ុន សែន ក៏ដូចជា​តុលាការ​តេឡេ​ដែរ គឺ​ដោះ​លែងលោក​ប្រធាន ​កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ កុំ​ធ្វើ​របៀប​ថា​ ខ្ញុំ​ត្រូវ​តែ​កាត់​ទោស ត្រូវ​តែ​មាន​សាក្សី មាន​ស្អី បាយ​ឡុក​បាយ​ឡ​ហ្នឹង ហើយ​បើ​បាយ​ឡុក​បាយ​ឡ កុំ​នាំ​ជាតិ​ឲ្យ​កង្វល់​ ឲ្យ​អំពល់។ រឿង​តុលាការ​របស់​ហ៊ុន​ សែន គេ​ហៅ​តុលាការ​តេឡេ​ហ្នឹង​អី។ ទី​ពីរ​ទៀត​ចំពោះ​លោក​ប្រធាន​ កឹម​ សុខា គឺ​គាត់​មិន​បាន​ធ្វើ​អំពើ​ក្បត់​ជាតិ​ណា​មួយ ដែល​ដូច​ការ​ចោទ​ប្រកាន់​ទេ»។

ទិដ្ឋភាពទូទៅ​ក្នុ​ងការ​ដាក់​ញត្តិ​នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំសហរដ្ឋ​អាមេរិកក្នុង​រដ្ឋ​ធានី Washington កាល​ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ (សឿន វឌ្ឍនា/VOA Khmer)
ទិដ្ឋភាពទូទៅ​ក្នុ​ងការ​ដាក់​ញត្តិ​នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំសហរដ្ឋ​អាមេរិកក្នុង​រដ្ឋ​ធានី Washington កាល​ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ (សឿន វឌ្ឍនា/VOA Khmer)

បាតុកម្ម​អហិង្សា​នៅ​មុខ​វិមាន​រដ្ឋ​សភា​អាមេរិក ប្រព្រឹត្តិ​ទៅ​អស់​រយៈ​ប្រមាណ​ជា​ពីរ​ម៉ោង តាម​ការ​គ្រោង​ទុក។ ក្រៅ​ពី​ការ​ថ្លែង​សារ​នយោបាយ​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​រៀប​ចំ​បាតុកម្ម​អហិង្សា​នេះ ក៏​មាន​ផង​ដែរ​នូវ​ការ​លើក​បដា​ដែល​មាន​សរសេរអក្សរ​ខ្មែរ ឬ​អង់គ្លេស​ថា​ «មិន​ទទួល​ស្គាល់​ការ​កាត់​ទោស​លោក​ កឹម សុខា» ឬ «លោក ហ៊ុន សែន ជា​ឃាតក» ជា​ដើម។

លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា​ បើ​កម្ពុជា​បាត់​បង់ EBA នោះ​កម្ពុជា​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ដែល​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ហើយ​នេះជា​កំហុស​របស់​លោក​នាយក​មន្ត្រី ហ៊ុន សែន»។

លោក​ អ៊ុង រិទ្ធី បាន​និយាយ​ថា៖ «យើង​ចង់​រំឭក​តុលាការ​តេឡេ ថា​បើ​សិន​ណា​តុលាការ​តេឡេ មិន​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​លោក​ប្រធាន​ កឹម​ សុខា ឲ្យ​លោក​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញ​លេញនោះ​ទេ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ដុនដាប ហើយ​នរណា​ជា​អ្នក​ត្រូវ​ទទួល​កំហុស​រឿង​ហ្នឹង​គឺ​លោក ហ៊ុន សែន ដែល​មិន​ព្រម​ទទួល​ស្គាល់​នូវ​ការ​ពិត​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​ ជា​ពិសេស​ដល់​អ្នក​ក្រី​ក្រ​ ដែល​កំពុង​ត្រូវ​ការ​ការ​ងារ ត្រូវ​ការ​ថវិកា​ចិញ្ចឹម​គ្រួសារ​របស់​ពួកគេ​បាទ»។

បន្ទាប់​ពី​ការ​តវ៉ា​អហិង្សា​បាន​បញ្ចប់ ក្រុម​អ្នក​តវ៉ា​ចំនួន​ចន្លោះ​ពី ៦០ ទៅ​ ៨០ នាក់​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ធានី​ Washington នា​ថ្ងៃ​ដ​ដែល។ ​អ្នក​រៀប​ចំ​កម្ម​វិធី​ និង​អ្នក​ចូល​រួម​បាន​ឲ្យ​ដឹង​ថា​ញត្តិ​នេះ ​គឺ​ដើម្បីទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ចិន​គោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ ឯករាជ្យ​ជាតិ​ខ្មែរ។

អ្នកស្រី ណា​ឡែន ស្មីត តំណាង​អ្នក​រៀប​ចំ​កម្មវិធី​បាតុកម្ម​ និង​ការ​ដាក់​ញត្តិ​នេះ​បាន​ប្រាប់​វីអូអេ​ថា៖ «យើង​ចង់​ប្រាប់​រដ្ឋាភិបាល​ចិន​ហ្នឹង ឲ្យ​ដឹង​ថា​គាត់​រំលោភ​សិទ្ធិ​ទៅ​លើ​ស្រុក​ខ្មែរ​យើង គាត់​បង្ហូរ​ប្រជាពលរដ្ឋ​គាត់​ច្រើន​ណាស់​ចូល​មក​ស្រុក​ខ្មែរ​យើង ហើយ​ដូច​ថា​ជា​ឧក្រិដ្ឋកម្ម​កាប់​ចាក់​គ្នា ហើយ​រំលោភ​ដី​ខ្មែរ​យើង​ក៏​មាន​ដែរ​។ អញ្ចឹង​ទៅ​យើង​មក​នេះ​គឺ​ទាម​ទារ​ឲ្យ​ពួក​គាត់​ហ្នឹង​រក្សា​សិទ្ធិ​របស់​ពួកគាត់​ហ្នឹង គោរពច្បាប់​នៅ​ស្រុក​ខ្មែរ​ផង។ កុំ​រំលោភ​អញ្ចឹង​ បើ​មិន​អញ្ចឹង​ទេ​សូម​ឲ្យ​គាត់ ដក​ប្រជាពលរដ្ឋ​គាត់​ហ្នឹង​ចេញ​ពី​ប្រទេស​កម្ពុជា»។

អ្នកស្រី ទេព វន្នី ​អតីត​សកម្មជន​ការពារ​លំនៅ​ឋាន​តំបន់​បឹង​កក់បាន​និយាយ​ថា អ្នកស្រី​មក​ចូល​រួម​ក្នុង​ការ​ដាក់​ញត្តិ​នៅ​មុខ​ស្ថាន​ទូត​ចិន​នេះ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ចិន​គោរព​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​មួយ​ ក្នុង​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និងមិន​ចង់​ឲ្យ​មាន​រំលោភ​សិទ្ធិ​មនុស្ស និង​សកម្មភាព​អសន្តិសុខ​ក្នុង​សង្គម​ខ្មែរ​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​វិនិយោគរបស់​ចិន និង​ដោយ​សារ​ប្រជាជន​ចិន​ខិលខូចមួយ​ចំនួន។​

អ្នកស្រី ទេព វន្នី អតីតសកម្មជន​ការពារលំនៅឋានតំបន់បឹងកក់នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំសហរដ្ឋ​អាមេរិកក្នុង​រដ្ឋ​ធានី Washington កាល​ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ (សឿន វឌ្ឍនា/VOA Khmer)
អ្នកស្រី ទេព វន្នី អតីតសកម្មជន​ការពារលំនៅឋានតំបន់បឹងកក់នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំសហរដ្ឋ​អាមេរិកក្នុង​រដ្ឋ​ធានី Washington កាល​ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ (សឿន វឌ្ឍនា/VOA Khmer)

អ្នកស្រី​ទេព វន្នី ពន្យល់​ថា​ការ​វិនិយោគ​ច្រើន​ខុស​ធម្មតា​របស់​ចិន​អាច​បង្ក​ឲ្យ​មាន​ការ​រំលោភ​យក​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​ជា​តំបន់​បឹង​កក់​របស់​អ្នកស្រី។​

«ជីវិត​ខ្ញុំ​នេះ​គឺ​រង​នូវភាព​អយុត្តិធម៌​ជា​ច្រើនដែល​ពាក់​ព័ន្ធ​នឹង​របប​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន​ សែន​ មួយ​នេះ​ ហើយ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​ និង​លាន​នាក់​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​រង​នឹង​ការ​ឈឺចាប់​ដោយ​សារ​ក្រោម​ការ​ដឹក​នាំ​របស់​គាត់​ ហើយ​ប្រឈមនឹង​ការ​បណ្ដេញ​ចេញ​ជា​បន្ត​បន្ទាប់​ឥត​ឈប់​ឈរ ហើយ​ការ​បណ្ដេញ​ចេញ​ហ្នឹង​វា​កើត​ឡើង​ដូច​ជា​ជំងឺ​មហារីក​ ដែល​គ្មាន​ដំណោះ​ស្រាយ​ណា​ពិត​ប្រាកដ​ពី​រដ្ឋាភិបាល»។

ចំណែក​ លោក សៀ ភារម្យ អតីត​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​លំនៅឋាន ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ងាក​មក​ធ្វើការ​ជា​មួយ​ប្រជាជន​ខ្មែរ និង​គណបក្ស​ប្រឆាំង​ផង​ដើម្បី​ឲ្យ​មាន​តម្លាភាព កុំឡើយ​ធ្វើ​ការតែ​ជាមួយ​បក្ស​កាន់​អំណាចតែ​ម្ខាង​នោះ។

លោក​និយាយ​ថា៖ «ដូច​អ្វី​ដែល​ខាង គណៈកម្មការ​គេ​បាន​រៀប​ចំ​ញត្តិអញ្ចឹង គឺថា​សុំ​ឲ្យ​រដ្ឋាភិបាល​ចិន​ហ្នឹង​កុំ​ឲ្យ​ឃុបឃិត​តែ​ជាមួយ​រដ្ឋាភិបាល​ដែល​ខុស​ច្បាប់​ គឺ​ថា​ត្រូវ​តែ​ធ្វើ​ការ​ងារ​ជាមួយប្រជាពលរដ្ឋ​ខ្មែរ​ហើយ អតីត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គាត់ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កន្លះ​ប្រទេស​ដែល​បាន​បោះឆ្នោត​ និង​គាំទ្រ​ ដូច្នេះ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ គោរព​នូវ​ការ​ចុះ​ហត្ថលេខា​របស់​ខ្លួន នៅ​ថ្ងៃ​ ២៣ តុលា ឆ្នាំ​១៩៩១ ដែល​ជា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ត្រូវ​គោរព​នូវ​អ្វី​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា អញ្ចឹង​ធ្វើ​យ៉ាង​ណា​ធានា​ថា កម្ពុជា​ត្រូវ​តែ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​កាល​ពី​ឆ្នាំ​៩៣ មាន​ការ​បោះឆ្នោត​ដែល​ចូល​រួម​ពី​ពហុបក្ស​ត្រឹម​ត្រូវ​ ដែល​ប្រជាពលរដ្ឋ​ពេញ​ចិត្ត មិន​មែន​គណបក្ស​ដែល​រៀប​ចំ​ឡើង គណបក្ស​អាយ៉ង​ដែល​គណបក្ស​កាន់​អំណាច​រៀប​ចំនោះ​ទេ​»។​

នៅ​ក្នុង​ការ​ដាក់​ញត្តិ​នោះ ព្រះ​តេជគុណ ប៊ុត​ ប៊ុន​តិញ អគ្គនាយក​ទូរទស្សន៍ព្រះ​អាទិត្យ​ ដែល​ជា​ទូរទស្សន៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​ចិន​គាំទ្រ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដោយ​សារ​ចិនមើល​ឃើញ​ពី​ប្រយោជន៍​ប៉ុណ្ណោះ តួយ៉ាង​កាល​ពី ប៉ុល ពត នៅ​កាន់​អំណាច​ រដ្ឋាភិបាល​ចិន​គាំទ្រ ប៉ុល ពត ហើយ​ឥឡូវ​លោក ហ៊ុន សែន​កាន់​អំណាច ចិន​គាំទ្រ​ លោក ហ៊ុន សែន៕

XS
SM
MD
LG