ជំនាញទន់ខ្សោយរបស់យុវជនកម្ពុជានិងផលិតកម្មតិចតួចរបស់កម្ពុជានឹងក្លាយ ជាការប្រឈមខ្លាំងសម្រាប់កម្ពុជានិងអាស៊ានពេលសមាហរណកម្មសេដ្ឋកិច្ច អាស៊ានចាប់ផ្តើមនៅចុងឆ្នាំនេះ។ នេះបើតាមការអះអាងរបស់លោក ប៉ែន សុមុន្នី នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្ត ដើម្បីសង្គមដែលបានថ្លែងក្នុងកម្មវីធី ហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០១៥។
«បើយើងប្រើប្រាស់កម្លាំងយុវជនឲ្យបានត្រឹមត្រូវ វាអាចជួយអភិវឌ្ឍកម្ពុជាក៏ដូច ជាអាស៊ាន តែបើប្រើប្រាស់មិនត្រឹមត្រូវទេ យុវជនអាចជាកម្លាំងមួយដែលអាច ធ្វើឲ្យប៉ះពាល់ដល់កម្ពុជានិងអាស៊ានដែរក្នុងហ្នឹង»។
លោកថា យុវជនគឺជាកម្លាំងខ្លាំងក្លាមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងកម្ពុជានិងអាស៊ាន។ សមាជិកអាស៊ាន១០ប្រទេសរួមទាំងកម្ពុជាមានពលរដ្ឋជាង៦០០ លាននាក់។ ក្នុងនោះមានប្រមាណ៦០ភាគរយដែលមានអាយុក្រោម៣៥ឆ្នាំ ហើយជាមនុស្សពេញកម្លាំងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ដោយឡែកកម្ពុជាមាន ចំនួន៣៣ភាគរយក្នុងចំណោមពលរដ្ឋសរុបចំនួន១៥លាននាក់ ដែលរដ្ឋាភិបាល និងយុវជនខ្លួនឯងត្រូវពង្រឹងសមត្ថភាពពេលនេះ។
លោកថ្លែងថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ានមានន័យថា ជាលំហូរដោយសេរី ទាំងវិនិយោគ សេវាកម្ម ធនធានមនុស្ស ហើយបើករបាំងពន្ធដោយសេរី គ្មានការបង់ពន្ធ គឺប្រកួតប្រជែងគ្នាដោយសេរី។ ហើយចំពោះធនធានមនុស្ស ក៏ដូចគ្នាដែរ គេអាចមកស្រុកយើងៗអាចទៅស្រុកគេដើម្បីធ្វើដូចគ្នា។
«បើសិនជាប្រទេសកម្ពុជាយើងមានសមត្ថភាពខ្សោយជាងគេ យើងនឹងចាញ់ គេ។ យើងនឹងប្រកួតប្រជែងអត់ឈ្នះគេទេ។ ឧទាហរណ៍ថាយើងមានទំនិញមួយ មានស្រូវឬអង្គរហ្នឹង យើងអាចនាំទៅលក់នៅប្រទេសថៃ ឬក៏ផលិតផល៤ ទៅ៥មុខទៀត តែយើងក្រឡេកមើលប្រទេសថៃវិញគឺគេមានផលិតផលច្រើន គេអាចផលិតច្រើន ហើយនាំចូលមកប្រទេសកម្ពុជាយើងច្រើន ហើយអត់មានរបាំងពន្ធគយទេ។ អញ្ចឹងធ្វើឲ្យលទ្ធភាពនៃការប្រកួតប្រជែងពីសំណាក់ថៃហ្នឹងផ្តល់ នៅភាពងាយស្រួលដល់គេខ្លាំងមែនទែន។ អញ្ចឹងហើយវាអាចប៉ះពាល់ដល់ ផលិតកម្មនៅក្នុងស្រុកដែរនៅពេលដែលមានការប្រកួតប្រជែងពីខាងក្រៅដោយសារយើងដឹងហើយថា ភាគច្រើននៅប្រទេសយើងផលិតផលដែលយើងផលិតបានហ្នឹងច្រើនតែមានតម្លៃខ្ពស់ ហើយនៅស្រុកគេផលិតបានក្នុងតម្លៃទាប។ អញ្ចឹងហើយ គ្មានរបាំងពន្ធគយទៀត គេនាំចូលមកធ្វើឲ្យប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ានផ្សេងៗទៀតពិបាកធ្វើការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតដែរ»។
លោកបានបន្តថា នៅពេលយើងធ្វើសមាហរណកម្មអាស៊ានគឺនឹងមានឱកាសនិងការប្រឈមមុខដូចគ្នា។ ឱកាសគឺការបង្កើតការងារធ្វើច្រើនក្នុងស្រុកយើង ពេលមានលំហូរចូលមករបស់ក្រុមអ្នកវិនិយោគ។ តែក្រឡេកមើលធនធានមនុស្សគឺយុវជននិងបុគ្គលិកផ្សេងៗអាចមកធ្វើការនៅស្រុកយើងផងដែរ។ គេអាចធ្វើមេយើង គេអាចបានប្រាក់ខែច្រើនជាងយើង តែបើសមត្ថភាពយើងទាបជាងគេ យើងអាចធ្វើការងារទាបជាងគេ និងបានប្រាក់ខែទាបជាងគេ។ នេះជាឱកាសផងនិងឧបសគ្គផង។
លោកបានស្នើថាការហ្វឹកហ្វឺនជំនាញដល់យុវជននៅថ្នាក់អនុវិទ្យាល័យ គឺជា រឿងសំខាន់ដើម្បីជួយដល់យុវជនមានជំនាញសម្រាប់អនាគតរបស់ពួកគេ ទោះបីគេគ្មានលទ្ធភាពនឹងបញ្ចប់ថ្នាក់ឧត្តមសិក្សា។ លោកក៏មិនរំពឹងខ្លាំងថា ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនិងថៃរាប់ម៉ឺននាក់ អាចមានជំនាញពិតប្រាកដនៅពេលពួកគេមកកាន់ប្រទេសកម្ពុជាវិញដែរក្រៅពីមានផលល្អសម្រាប់ពួកគេដែលទទួលបានប្រាក់ខែខ្ពស់ដោយការប្រើកម្លាំងនោះ៕