ពលរដ្ឋឥណ្ឌូនេស៊ីរាប់ម៉ឺននាក់បានចេញមកប្រមូលផ្តុំនៅរដ្ឋធានីរបស់ខ្លួននៅថ្ងៃសៅរ៍នេះ ដើម្បីស្តាប់បុព្វជិតសាសនាជំរុញឲ្យពួកគេបោះឆ្នោតឲ្យអ្នកនយោបាយដែលកាន់សាសនាឥស្លាមនៅក្នុងការបោះឆ្នោតនៅក្នុងទីក្រុងនិងសង្កាត់នានា ដែលធ្វើឡើងនៅទូទាំងប្រទេសនៅសប្តាហ៍ក្រោយ។
ការប្រមូលផ្តុំហ្វូងមនុស្សនៅឯវិហារសាសនាឥស្លាម Istiqlal ដែលស្ថិតក្នុងទីក្រុង ហ្សាការតា បានបណ្តាលឲ្យមនុស្សកកកុញយ៉ាងច្រើនពាសពេញដងផ្លូវ។
បុព្វជិតនៅទីក្រុងហ្សាការតាចង់ឲ្យពលរដ្ឋឥស្លាមបោះឆ្នោតទម្លាក់លោក Basuki Tjahaja Purnama ដែលជាអភិបាលក្រុងដែលជាប់ខ្សែស្រឡាយចិនកាន់សាសនាគ្រិស្ត ហើយដែលកំពុងពាក់ព័ន្ធនឹងរឿងក្តីប្រមាថគម្ពីរសាសនាឥស្លាម។
បញ្ហានយោបាយរបស់លោក Basuki បានចាប់ផ្តើមកាលពីខែតុលា នៅពេលដែលលោកបណ្តេញគូប្រជែងរបស់លោកដែលបានលើកឡើងពីគម្ពីកូរ៉ាន់ ដែលព្រមានប្រឆាំងនឹងអ្នកកាន់សាសនាឥស្លាមណាដែលគាំទ្រអ្នកដែលមិនមានជំនឿ។
លោកអភិបាលក្រុងរូបនេះបានថ្លែងថា ពលរដ្ឋរស់នៅក្នុងទីក្រុងហ្សាការតា ត្រូវបានគេកុហកដោយប្រើប្រាស់ឃ្លាណាមួយនៅក្នុងគម្ពី។ លោកបានថ្លែងក្នុងសម្តីដើមថា៖ «ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចបោះឆ្នោតឲ្យខ្ញុំ ដោយសារតែអ្នកខ្លាចចុះនរកនោះ កុំបារម្ភអី។ នេះគឺជាសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក»។
លោក Basuki ក្រោយមកបានធ្វើការសុំទោស ហើយលោកបានថ្លែងថា លោកគ្មានចេតនាចង់និយាយឲ្យប៉ះពាល់ដល់អ្នកណាម្នាក់នោះទេ ប៉ុន្តែការសុំទោសនេះបានបំបាត់កំហឹងរបស់អ្នកកាន់សាសនាឥស្លាមបានតិចតួចតែប៉ុណ្ណោះ ដោយអ្នកទាំងនោះមានការខឹងសម្បាដែលទីក្រុងដ៏ធំមួយរបស់ពលរដ្ឋកាន់សាសនាឥស្លាមត្រូវបានគ្រប់គ្រងដោយអ្នកកាន់សាសនាគ្រិស្តមួយរូបទៅវិញ។
ថ្ងៃសៅរ៍នេះគឺជាថ្ងៃចុងក្រោយហើយ ដែលក្រុមអ្នកនយោបាយអាចធ្វើយុទ្ធនាការឃោសនារបស់ខ្លួនមុននឹងឈានដល់ថ្ងៃបោះឆ្នោតនៅថ្ងៃពុធសប្តាហ៍ក្រោយ។
ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានក្រុមមនុស្សភាគច្រើនកាន់សាសនាឥស្លាមច្រើនជាងគេបំផុតមួយនៅលើពិភពលោក ហើយជាប្រទេសដែលមានក្រុមមនុស្សភាគតិចដែលកាន់សាសនាគ្រិស្តច្រើនផងដែរ៕