ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាស៊ាន​សម្រេច​ឱ្យ​ប្រទេស​ទីម័រ​ខាង​កើត​ចូល​ជា​សមាជិក​អាស៊ាន ​ហើយ​រង់ចាំ​ការ​ចូល​ពេញ​សិទ្ធិ​នៅ​ឆ្នាំ​ក្រោយ​


រូប​ឯកសារ៖ ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន សែន​ ជួប​ជាមួយ​​លោក​ប្រធានាធិបតី​ទីម័រ​ខាងកើត លោក Jose Ramos-Horta នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២២។ (AFP Photo/Cambodia's Government Cabinet)
រូប​ឯកសារ៖ ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន សែន​ ជួប​ជាមួយ​​លោក​ប្រធានាធិបតី​ទីម័រ​ខាងកើត លោក Jose Ramos-Horta នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២២។ (AFP Photo/Cambodia's Government Cabinet)

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​អះអាង​ថា​កម្ពុជា​សាទរ​និង​ជំរុញ​ឱ្យ​ប្រទេស​ទីម៉រ​ខាងកើត​ចូល​ជា​សមាជិក​ទី​១១​របស់​អង្គការ​តំបន់​អាស៊ាន​ ស្រប​ពេល​ដែល​មេ​ដឹកនាំ​អាស៊ាន ​កាល​ពី​ថ្ងៃ​សុក្រ ​បាន​អនុញ្ញាត​ប្រទេស​មួយ​នេះ​ចូល​ជា​សមាជិក​ តាម​គោល​ការណ៍​ តែ​មិន​ទាន់​ពេញ​សិទ្ធិ។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​ប្រចាំ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤០-៤១ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នានា ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​នេះ ​លោក​ គង់ ភោគ​ អ្នក​នាំ​ពាក្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​លើក​ឡើង​ថា​ បញ្ហា​ពាក់ព័ន្ធ​ការ​ដែល​ប្រទេស​ទីម័រ​ខាងកើត​សុំ​ចូល​ជា​សមាជិក​របស់​អាស៊ាន​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​១១​ឆ្នាំ​មក​ហើយ​ ខណៈ​ឆ្នាំ​នេះ​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​បាន​បោះ​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​នាំ​ប្រទេស​មួយ​នេះ​ចូល​ក្នុង​ប្លុក ​ដែល​មាន​សមាជិក​១០​ប្រទេស​នេះ។​

លោក ​គង់ ភោគ​ ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា​ ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រ​ខាងកើត​ នឹង​នាំ​មក​នូវ​ប្រយោជន៍​មិន​មែន​ត្រឹម​តែ​ប្រជាជន​យើង​នៅ​ក្នុង​តំបន់​នេះ​ទេ ​ ប៉ុន្តែ​ប្រជាជន​នៅ​ទីម័រ​ខាងកើត​ដែរ​ ទាំង​ជា​ប្រយោជន៍​សេដ្ឋ​កិច្ច​ ទាំង​ជា​ប្រយោជន៍​យុទ្ធសាស្ត្រ។ ​ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​ក៏​ជា​លទ្ធភាព​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ទៅ​ជួយ​ពង្រឹង​ទីម័រ​ខាងកើត ​ហើយ​ប្រជាពល​រដ្ឋ​នៅទី​នោះ​មាន​ជីវភាព​ល្អ​ ហើយ​អនុញ្ញាត​ឱ្យ​គាត់​ចូល​រួម​ចំណែក​ត្រឡប់​មក​វិញ​ ដើម្បី​កសាង​សហគមន៍​អាស៊ាន​ផង​ដែរ»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រមុខ​ដឹកនាំ​អាស៊ាន​ស្តីពី​សំណើ​សុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រ​ខាងកើត​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ​អាស៊ាន​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​ទីម័រខាង​កើត​ចូល​ជា​សមាជិក​ទី​១១ ​តាម​គោល​ការណ៍​ ហើយ​បើក​ផ្លូវ​ឱ្យ​ចូល​រួម​រាល់​កិច្ច​ប្រជុំ​របស់​អាស៊ាន​ទាំង​អស់​ក្នុង​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍។ ​សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា​ អាស៊ាន​ក៏​បាន​បង្កើត​ជា​ផែន​ទី​បង្ហាញ​ផ្លូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត​សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទីម័រ​ខាងកើត​ រួម​ទាំង​ផ្អែក​លើ​សមិទ្ធ​ផល​សំខាន់​នានា​ផង​ដែរ។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា៖​ «ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​និង​ដៃគូ​ខាង​ក្រៅ​ត្រូវ​ផ្តល់​ការ​គាំទ្រ​ដោយ​ពេញ​លេញ ​ចំពោះ​ទីម័រ​ខាងកើត ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ដែល​បាន​កំណត់​ទាំង​នោះ​ តាម​រយៈ​ការ​កសាង​សមត្ថភាព​ និង​ផ្តល់​ការ​គាំទ្រ​ចាំ​បាច់​ផ្សេងៗ​ទៀត​សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទីម័រ​ខាងកើត»។​

ឯកអគ្គ​រដ្ឋទូត​របស់​ទីម័រ​ខាងកើត​ប្រចាំ​នៅ​កម្ពុជា​ លោក​ អឺមេណេ​ហ្ស៊ីដូ គូប៉ា ​ឡូប៉េស ​(Ermenegildo Kupa Lopes)​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​លោក​ពេញ​ចិត្ត​និង​មាន​មោទន​ភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដែល​មេ​ដឹកនាំ​អាស៊ាន​សម្រេច​ចិត្ត​ឱ្យ​ប្រទេស​របស់​លោក​ចូល​ជា​សមាជិក​ទី​១១​របស់​អាស៊ាន ហើយ​នេះ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​និង​អាស៊ាន​ទាំង​មូល​តែ​ម្តង។​

លោក​អះអាង​ប្រទេស​របស់​លោក​មាន​ការ​ប្តេជ្ញា​ចិត្ត​គោរព​ទៅ​តាម​គោល​ការណ៍​របស់​អាស៊ាន​ ដើម្បី​ឱ្យ​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ពេល​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន​មក​ដល់​នា​ឆ្នាំ​២០២៣ ​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។​

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស​ហើយ​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ថា៖​ «យើង​នឹង​កាន់តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​តម្រូវ​ការ​នានា​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។​ យើង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ទាំង​អស់​ដើម្បី​ឱ្យ​អាស៊ាន​ហ្នឹង​មាន​ភាព​ស្និទ្ធ​ស្នាលដូច​ជា​បង​ប្អូន​ អាស៊ាន​ ដូច​ជា​បង​ប្អូន​ប្រុស ​អាស៊ាន​ដូច​ជា​បង​ប្អូន​ស្រី​ អាស៊ាន​ជា​គ្រួសារ​ អាស៊ាន​មាន​បរិយាកាស​ល្អ។​ អាស៊ាន​ជា​តំបន់​មាន​សន្តិភាព។

​ដូច​នេះ​ អាស៊ាន​នឹង​កាន់​តែ​មាន​ការ​វិនិយោគ​ពី​ខាងក្រៅ​ ដែល​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ធន់។ ​ ទីបំផុត​ អាស៊ាន​នឹង​មាន​តំណែង​លេខ១​នៅ​ក្នុង​ពិភព​លោក​នា​ពេល​អនាគត»។​

ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក​ គិន ភា​ ប្រាប់​វីអូអេ​ថា​ ការ​ចូល​ជា​សមាជិក​របស់​ទីម័រ​ខាង​កើត​មាន​សារៈ​សំខាន់​ ពី​ព្រោះ​ថា​ វា​បង្ហាញ​ពី​ការ​រួបរួម​គ្នា​របស់​ប្រទេស​នៅ​ក្នុង​តំបន់​ ធ្វើ​ឱ្យ​អាស៊ាន​កាន់​តែ​មាន​សក្តានុពល​ខាង​ផ្នែកទីផ្សារ​សេដ្ឋ​កិច្ច​និង​ផលិត​កម្ម​ ព្រម​ទាំង​កាន់តែ​មាន​ឥទ្ធិ​ពល​និង​ជ្រាល​ជ្រៅ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ពួក​មហា​អំណាច។​

បើ​តាម​លោក ​គិន ភា​ បញ្ហា​ប្រឈម​សម្រាប់​អាស៊ាន​មិន​មាន​ឡើយ​ពាក់​ព័ន្ធ​នឹង​ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ។ ​ប៉ុន្តែ​លោក​ថា​ វា​នឹង​ប្រឈម​សម្រាប់​ទីម័រ​ខ្លួន​ឯង​ផ្ទាល់​ ដែល​ត្រូវ​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​របស់​អាស៊ាន​ដូច​ជា​លក្ខខណ្ឌ​ច្បាប់ ​និង​ហិរញ្ញ​វត្ថុ​ដើម្បី​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ។​

លោក​ថ្លែង​ថា៖​ «ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មាន​សេដ្ឋកិច្ច​រីកលូត​លាស់​ហ្នឹង​គួរ​ជួយ​ទីម័រ​ ដើម្បី​ឱ្យ​គាត់​អាច​មាន​លក្ខណៈ​សម្បត្តិ​ពេញ​លេញ​ក្នុង​ការ​ចូល​ជា​សមាជិក​អាស៊ាន។​ ហើយ​ប្រទេស​ដៃគូ​អាស៊ាន​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ដែរ​ដើម្បី​ឱ្យ​សហគមន៍​អាស៊ី​អាគ្នេយ៍​នេះ​ជា​សហគមន៍​មួយ​ដែល​មិន​មាន​ប្រទេស​ណាមួយ​ត្រូវ​បាន​ផាត់​ចេញ​ពី​ក្នុង​តំបន់»។​

លោក ​គិន ភា​ អះអាង​ថា​ នៅ​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ​ កាល​ណា​ប្រទេស​មួយ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ជា​មួយ​មហា​អំណាច​ណា​មួយ​ វា​បង្ហាញ​ពី​ឥទ្ធិពល​របស់​ប្រទេស​នោះ​ទៅ​កាន់​ប្រទេស​មួយ​ទៀត។​

ទីម័រ​ខាងកើត​ មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ទីម័រ​ខាងកើត ​ជា​ប្រទេស​ដែន​កោះ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ប្រទេស​ដែន​កោះ​មួយ​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​មាន​ប្រជាជន​ប្រមាណ​១​លាន​៣​សែន​នាក់​ ព្រម​ទាំង​មាន​ផ្ទៃ​ដី​សរុប​១៤ ៨៧០​គីឡូ​ម៉ែត្រ​ក្រឡា។ ​ ទីម័រ​ខាងកើត​មាន​រដ្ឋធានី​ឈ្មោះ​ថា ​ឌីលី​ ហើយ​

ភាសា​ផ្លូវការ​ គឺ​ព័រទុយហ្គាល់​ និង​ភាសា​តាទុម​ រីឯ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ពាណិជ្ជ​កម្ម​ប្រេង។​

ប្រទេស​នេះ​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​របស់​ប្រទេស​ព័រទុយហ្គាល់​ ហើយ​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ​ប្រទេស​នេះ​ទទួល​បាន​ឯក​រាជ្យ​ភាព​វិញ។ ​ ទោះ​យ៉ាង​ណា ​ ក្រោយ​ការ​ទទួល​បាន​ឯករាជ្យ​ភាព​ពី​ប្រទេស​ព័រទុយហ្គាល់​ក្នុង​រយៈពេល​៩​ថ្ងៃ​ ប្រទេស​ដែនកោះ​មួយ​នេះ​ត្រូវ​បាន​ឈ្លាន​ពាន​និង​កាន់កាប់​ដោយ​យោធា​ឥណ្ឌូណេស៊ី ​ហើយ​ទទួល​បាន​ឯករាជ្យ​ភាព​ពេញ​លេញ​វិញ​នៅ​ឆ្នាំ​២០០២។​

ក្រោយ​ទទួល​បាន​ឯក​រាជ្យភាព​ពី​ប្រទេស​ឥណ្ឌូណេស៊ី ​ទីក្រុង​ឌីលី​បាន​ខិតខំ​ភ្ជាប់​ខ្លួន​ជាមួយ​អង្គការ​អន្តរ​ជាតិ​ក៏​ដូច​ជា​តំបន់​នានា។ កាល​ពី​ឆ្នាំ​២០១១ ទីម័រ​ខាងកើត​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​អង្គការ​តំបន់​អាស៊ាន​ ប៉ុន្តែ​ដោយ​សារតែ​ប្រទេស​មួយ​នេះ​មិន​ទាន់​មាន​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ចូល​ជា​សមាជិក​ ហេតុ​នេះ​ វា​បាន​អូស​បន្លាយ​ពេល​មក​ជាង​១១​ឆ្នាំ​មក​ហើយ៕

XS
SM
MD
LG