បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នឹងពិភាក្សាគ្នាអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឯកិច្ចប្រជុំកំពូលមួយក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋានអាស៊ាននៅថ្ងៃអង្គារនេះ។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បាននិយាយថា រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai នឹងតំណាងប្រទេសថៃចូលរួមនៅក្នុងសន្និសីទនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Prayuth បានប្រាប់អ្នកកាសែត នៅក្រោយការប្រជុំប្រចាំសប្ដាហ៍របស់គណៈរដ្ឋមន្ត្រីថៃថា៖ «ប្រទេសខ្លះទៀតក៏នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន [ទៅចូលរួមនៅក្នុងកិច្ចប្រជុំនោះ] ដែរ»។
មន្ត្រីរដ្ឋាភិបាលថៃមួយរូបបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបានបញ្ជាក់អំពីចំណុចនេះក៏ដោយ។
សមាគមអាស៊ានបានព្យាយាមស្វែងរកវិធីដើម្បីឲ្យមីយ៉ាន់ម៉ាចេញផុតពីភាពចលាចលបង្ហូរឈាម ដែលកើតឡើងក្រោយពីយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី ១ ខែកុម្ភៈ។
ប៉ុន្តែ គេឃើញមានទស្សនៈផ្សេងគ្នាក្នុងចំណោមសមាជិកអាស៊ានទាក់ទិននឹងរឿងនេះ។
ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរីមានបំណងចង់បង្កើនសម្ពាធលើរបបយោធាមីយ៉ាន់ម៉ា។ ចំណែកឯប្រទេសថៃវិញមានការ «ព្រួយបារម្ភខ្លាំង» អំពីការបង្ហូរឈាមនៅមីយ៉ាន់ម៉ា ប៉ុន្តែទំនាក់ទំនងយោធាជិតស្និទ្ធ និងការភ័យខ្លាចក្រែងមានលំហូរជនភៀសខ្លួនចូលក្នុងប្រទេសរបស់ខ្លួន មានន័យថា រដ្ឋាភិបាលថៃនឹងមិនទំនងជាធ្វើលើសពីនេះនោះទេ៕