ក្រុមមន្ត្រីបាននិយាយថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឆ្លងផុតការជាប់គាំងនៅថ្ងៃច័ន្ទនេះ នៅពេលដែលប្រទេសហ្វីលីពីនបានបោះបង់ចោលសំណើសម្រាប់សេចក្តីថ្លែងការណ៍រួម ដោយដាក់បញ្ចូលខ្លឹមសារលើកឡើងពីសាលក្រមតុលាការដែលមានលក្ខណៈប្រវត្តិសាស្រ្តស្តីពីសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការជំទាស់ពីប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសចិនបានថ្លែងអំណរគុណប្រទេសកម្ពុជាជាសាធារណៈចំពោះការគាំទ្រជំហររបស់ខ្លួននៅក្នុងជម្លោះដែនសមុទ្រ ដែលនេះជាជំហរមួយដែលធ្វើឲ្យក្រុមប្រទេសអាស៊ានបែកខ្ញែកគ្នានៅឯកិច្ចប្រជុំកាលពីចុងសប្តាហ៍នេះនៅក្នុងទីក្រុង វៀងច័ន្ទ។
ការទាមទារផ្លូវនាវាចរណ៍ដ៏សំខាន់ជាន់គ្នាជាមួយនឹងចិន គឺជាបញ្ហាដ៏ធំបំផុតសម្រាប់បណ្តាប្រទេសដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសមាជិកទាំង១០របស់សមាគមនេះមានការប្រទាញប្រទង់បំណងក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួន ខណៈដែលព្យាយាមស្វែងរកដំណោះស្រាយរួម និងពង្រឹងចំណងទាក់ទងជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
នៅក្នុងសាលក្រមដែលតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិបានចេញកាលពីថ្ងៃទី១២ ខែកក្កដា ប្រទេសហ្វីលីពីនបានទទួលជ័យជម្នះខាងផ្លូវច្បាប់នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយនឹងប្រទេសចិន។
ប្រទេសហ្វីលីពីននិងប្រទេសវៀតណាមចង់ឱ្យសេចក្តីថ្លែងការណ៍រួមមានបញ្ចូលសាលក្រមនេះនិងការអំពាវនាវឱ្យគោរពច្បាប់សមុទ្រអន្តរជាតិ។ សាលក្រមនេះ
ច្រានចោលការទាមទារស្ទើរតែទាំងស្រុងរបស់ចិនទៅលើផ្លូវនាវាចរណ៍យុទ្ធសាស្រ្ត សម្រាប់ពាណិជ្ជកម្មសាកលលោក ដែលស្មើនឹងទឹកប្រាក់ជាង៥លានលានដុល្លារជារៀងរាល់ឆ្នាំនោះ។
ដោយគាំទ្រសំណើរបស់ចិនឲ្យធ្វើការពិភាក្សាលក្ខណៈទ្វេភាគី ប្រទេសកម្ពុជាជំទាស់នឹងពាក្យពេចន៍ដែលសរសេរនៅលើសេចក្តីថ្លែងការណ៍រួម។ នេះបើយោងតាមសម្តីរបស់មន្ត្រីការទូត។
រដ្ឋាភិបាលក្រុងម៉ានីលបានឯកភាពមិនដាក់បញ្ចូលការនិយាយយោងដល់សាលក្រមនោះទេនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយទប់ស្កាត់កុំឲ្យមានការមិនឯកភាពគ្នា ដែលអាចធ្វើឲ្យសមាគមនេះមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន។ នេះបើយោងតាមសម្តីរបស់មន្ត្រីការទូតម្នាក់ដែលនិយាយនៅថ្ងៃច័ន្ទនេះ។
លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់នៅពេលដែលអ្នកសារព័ត៌មានសាកសួរ។
សេចក្តីថ្លែងការណ៍រួមនេះសំដៅទៅលើតម្រូវការក្នុងការស្វែងរកដំណោះស្រាយទៅលើជម្លោះនៅសមុទ្រចិនខាងត្បូង ដោយយោងទៅតាមច្បាប់អន្តរជាតិ ដែលរួមមានទាំងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ដែលសាលក្រមតុលាការនោះបានយោងតាមផងដែរ៕