ប្រទេសចិននិយាយថាជំនួយហិរញ្ញវត្ថុទៅប្រទេសកម្ពុជាគឺមិនផ្អែកលើការគាំទ្រផ្នែកការទូតដែលប្រទេសកម្ពុជាផ្តល់ឱ្យចិននោះទេ ដែលក្នុងនោះមានពាក់ព័ន្ធនឹងជម្លោះដែលរដ្ឋាភិបាលក្រុងប៉េកាំងមានជាមួយនឹងប្រទេសសមាជិកអាស៊ានមួយចំនួនលើបញ្ហាសមុទ្រចិនខាងត្បូង។
នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការរបស់ចិនស៊ីនហួរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លូ កាង បាននិយាយថាប្រទេសចិនសង្ឃឹមថាភាគីពាក់ព័ន្ធនានានឹងមិនមើលមកជំនួយរបស់ប្រទេសចិនដល់កម្ពុជាតាមរយៈ«កញ្ចក់បិទពណ៌» និងធ្វើឱ្យសភាពការណ៍ពុះកញ្ជ្រោលឡើងទេ។
លោក លូ កាង បន្ថែមថាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រទេសចិនបានផ្តល់ជំនួយនិងការគាំទ្រហិរញ្ញវត្ថុដល់ប្រទេសកម្ពុជាដើម្បីជួយដល់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អត្ថាធិប្បាយរបស់លោក លូ កាង ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍សារព័ត៌មានថា ជំនួយ៦០០លានដុល្លារដែលចិនផ្តល់ឱ្យកម្ពុជាគឺដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ក្នុងសេចក្តីរាយការណ៍កន្លងមកទីភ្នាក់ងារសារព័ត៌មាន AP បានសរសេរថា៖
«ជំនួយនេះគឺជាការតបស្នងចំពោះប្រទេសកម្ពុជាដែលគាំទ្រចិននៅលើឆាកអន្តរជាតិ ក្នុងនោះមានលើបញ្ហាជម្លោះដែលកំពុងកើតមានឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំងជាមួយនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ានលើបញ្ហាសមុទ្រចិនខាងត្បូងផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីសប្តាហ៍មុនថា ជំនួយរបស់ប្រទេសចិននឹងត្រូវយកមកប្រើប្រាស់លើផ្នែកអប់រំ វិស័យសុខាភិបាលនិងវិស័យមួយចំនួនទៀត។
ទីភ្នាក់ងារសារព័ត៌មាន AP ក៏បានរាយការណ៍ដែរថា កាលពីខែមិថុនា ប្រទេសកម្ពុជាបានបណ្តេញចេញជនសង្ស័យឧក្រិដ្ឋជនចំនួន៣៩នាក់ទៅប្រទេសចិន ក្នុងនោះមានជនជាតិតៃវ៉ាន់ចំនួន២៥នាក់ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងទទូចថា វាស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួនបើទោះបីជាមានការជំទាស់ពីរដ្ឋបាលកោះតៃប៉ិក៏ដោយ៕