មេដឹកនាំទាំងពីរបានទទួលស្គាល់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដូចជាកំណែទម្រង់ផ្នែកលិទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែប្រទេសមីយ៉ាន់ម៉ាបានធ្វើឲ្យជឿនលឿនយ៉ាងច្រើន ចាប់តាំងពីលោក អូបាម៉ា បានទៅសួរសុខទុក្ខ លោកស្រី អង់សាន ស៊ូជី ដែលពេលនោះលោកស្រី កំពុងតែស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះរបស់លោកស្រី។
នេះមិនមែនជាជំនួបលើកទីមួយទេដែលមេដឹកនាំទាំងពីរបានជួបគ្នា ប៉ុន្តែជំនួបពេលនេះ គឺស្ថិតនៅក្នុងកាលៈទេសៈផ្សេងគ្នា។
«ប្រសិនបើអ្នកបានទស្សន៍ទាយកាលពី៥ឆ្នាំមុនថា លោកស្រី អង់សាន ស៊ូជី ឥឡូវនេះនឹងអាចអង្គុយនៅទីនេះ ជាតំណាងអ្នកជាប់ឆ្នោតរបស់ប្រទេសលោកស្រី មនុស្សជាច្រើន នឹងមានការមន្ទិលសង្ស័យ។ ប៉ុន្តែ វាជាដំណឹងល្អនៅពេលនេះដែលយើងឃើញប្រទេសនេះកំពុងស្ថិតក្នុងទិសដៅផ្សេងពីមុន»។
បន្ទាប់ពីកិច្ចប្រជុំនៅថ្ងែពុធនៅឯសេតវិមានមក លោកប្រធានាធិបតីមានសេចក្តីប្រកាសដ៏សំខាន់មួយ។
«សហរដ្ឋអាមរិកឥឡូវនេះ ប្រុងប្រៀបដកចេញទណ្ឌកម្ម ដែលបានដាក់លើមីយ៉ាន់ម៉ាជាយូរមកហើយ។ ការណ៍ធ្វើបែបនេះជារឿងត្រឹមត្រូវ ដើម្បីធានាថា ពលរដ្ឋមីយ៉ាន់ម៉ាបានឃើញពីប្រយោជន៍នៃវិធីថ្មីនៃការធ្វើអាជីវកម្ម»។
លោកស្រី អង់សាន ស៊ូជី បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី និងសភាសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងឲ្យមានលិទ្ធិប្រជាធិបតេយ្យ ប៉ុន្តែឥឡូវនេះជាពេលវេលាដែលត្រូវដកចេញហើយ។
«ការរួបរួមក៏ត្រូវការភាពរុងរឿងដែរ ពីព្រោះថា នៅពេលណាដែលមនុស្សប្រយុទ្ធគ្នា លើសពីធនធានដែលខ្លួនមាននោះ ពួកគេភ្លេចថា ការរួបរួមគ្នាគឺជារឿងសំខាន់»។
មេដឹកនាំទាំងពីរបានជំរុញឲ្យពលរដ្ឋអាមេរិកាំងទៅទស្សនា និងធ្វើការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាជាប្រទេស ដែលមានធម្មជាតិស្រស់ស្អាត និងមានកេរដំណែលវប្បធម៌ដ៏សម្បូរបែប។
ប៉ុន្តែមេដឹកនាំសិទ្ធិមនុស្សមួយចំនួន បានក្រើនរំឭកប្រឆាំងនឹងការដកទណ្ឌកម្មទាំងស្រុងចេញពីប្រទេសមីយ៉ាន់ម៉ា ដោយបានចង្អុលបង្ហាញអំពីប្រវត្តិបញ្ហាសិទ្ធិមនុស្សផ្សេងៗដែលកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងករណីដែលប្រទេសមីយ៉ាន់ម៉ាមិនខ្វាយខ្វល់ចំពោះស្ថានការណ៍យ៉ាប់យ៉ឺនរបស់ជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ដែលជាក្រុមជនជាតិភាគតិចទទួលរងនូវការធ្វើទុក្ខបុកម្នេញខ្លាំងជាងគេមួយនៅក្នុងពិភពលោក។
លោកស្រី អង់សាន ស៊ូជី បានថ្លែងពីបញ្ហាជម្លោះជាតិសាសន៍ ហើយបាននិយាយទៀតថា លោកស្រីចង់ឃើញពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់ ទទួលបានសិទ្ធិពេញលេញជាពលរដ្ឋនៅក្នុងប្រទេសនេះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា