ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធសាស្ត្រ​ការទូត​បត់បែន​ដូច​«ដើមឬស្សី»​របស់​វៀតណាម​ត្រូវបាន​សាទរ​ចំពោះ​ការ​រក្សា​លំនឹង​គោល​នយោបាយ​ការបរទេស​រវាង​សហរដ្ឋអាមេរិក​និង​ចិន


រូបឯកសារ៖ ទង់ជាតិ​វៀតណាម​និង​ទង់ជាតិ​ចិន​ត្រូវបាន​រៀបចំដាក់​តាំង​ ក្នុង​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតីចិន​លោក Xi Jinping នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
រូបឯកសារ៖ ទង់ជាតិ​វៀតណាម​និង​ទង់ជាតិ​ចិន​ត្រូវបាន​រៀបចំដាក់​តាំង​ ក្នុង​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតីចិន​លោក Xi Jinping នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

អគ្គលេខាធិការគណបក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong បាន​កោត​សរសើរ​ទំនាក់​ទំនង​ល្អ​ប្រសើរជាង​មុនជាមួយ​សហរដ្ឋអាមេរិក​និង​ចិន ថាជា​ការ​បោះជំហាន​ទៅ​មុខ​ជា​ដុំកំភួន​នៅ​ក្នុង​យុទ្ធសាស្រ្ត​ការទូត «ដើម​ឬស្សី» របស់​វៀតណាម​ ដើម្បី​រក្សា​លំនឹង​ទំនាក់ទំនង​ជាមួយមហា​អំណាច។

កាល​ពី​ឆ្នាំ​មុន​ វៀតណាម​បាន​ទទួលប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ពេល​ចន្លោះ​គ្នា​តែ​បី​ខែ​ប៉ុណ្ណោះ ដោយ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយ​នឹងមហាអំណាច​ទាំង​ពីរ​កាន់​តែ​ជិតស្និទ្ធ​ជាង​មុន។ អ្នក​ជំនាញ​ដែលវីអូអេ​បាន​សម្ភាសន៍ បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​និងប្រទេស​ចិន​ចង់​បាន​ការ​គាំទ្រ​ពី​វៀតណាម។

​វៀតណាមក៏​បាន​លើក​តម្កើង​ប្រទេស​ជប៉ុន​ជា​ដៃគូ​មួយ​ក្នុង​ចំណោម​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​ទាំង​ប្រាំពីរ​របស់ខ្លួន ដូចជាមួយ​សហរដ្ឋអាមេរិក​និង​ចិន​ផងដែរ។

​នៅក្នុងការ​ថ្លែង​ក្នុងសន្និសីទ​ការទូត​ថ្នាក់​ជាតិ​លើក​ទី ៣២ នៅ​ក្រុង​ហាណូយ​កាលពី ថ្ងៃទី១៩ខែធ្នូ​កន្លងទៅ លោក Trong បានថ្លែង​ថា ទំនៀមទម្លាប់​ការទូត​របស់​វៀតណាម​គឺ​ ចាក់ឬស​យ៉ាង​ជ្រៅ​នៅ​ក្នុង​បែបផែន​ដូចដើម​ឬស្សី ដែល​មាន «ឬស​គល់​រឹងមាំ» និង «មែកធាង​បត់បែន»។ នេះ​បើ​យោង​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន VCCI News។

​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​រូប​នេះ ថ្លែងថា​ការ​ទូត​របស់​វៀតណាម​គួរ​តែ​មាន​លក្ខណៈ​សម្របនិង​បត់បែន ទៅតាម​គោលការណ៍​ចម្បង​នៃ «ភាព​រឹងមាំ​ក្នុង​គោលដៅ ក៏ដូចជា ភាព​បត់បែន​ក្នុង​ផ្នែក​យុទ្ធសាស្រ្ត​និង​វិធីសាស្ត្រ»។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ថ្លែងនៅក្នុងសន្និសីទសារព៍ត៌មានមួយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ថ្លែងនៅក្នុងសន្និសីទសារព៍ត៌មានមួយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

«ភាព​បត់បែន» ដើម្បី​រក្សា​លំនឹង

ពាក្យយុទ្ធសាស្ត្រ«ការ​ទូត​ដើម​ឬស្សី» នេះត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​លោក Trong កាល​ពី​ឆ្នាំ ២០១៦ បន្ទាប់​ពី​លោក​បាន​ជាប់​ឆ្នោត​ជាអ្នក​ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​វៀតណាម ម្តងទៀត​ជា​លើក​ទីពីរ។ វៀតណាម​បាន​ជំរុញ​យ៉ាង​សកម្ម​លើ​គោលនយោបាយ​ការទូតនេះ​ ដើម្បី​សម្រួល​ទៅ​តាម​ភាព​តានតឹងកំពុង​កើន​ឡើង​នៅ​លើ​សាកលលោក​ចាប់តាំង​ពី​ឆ្នាំ ២០២១​មក។

គោលនយោបាយ​នេះ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ឡើង​តាមរយៈការ​រក្សា​លំនឹង​ផ្នែក​ការទូត​របស់​វៀតណាម។ គោលនយោបាយ​នេះរួម​មាន​ការ​ចែករំលែក​ការ​ព្រួយបារម្ភ​ជាមួយ​សហរដ្ឋអាមេរិក​ជុំវិញ​ការ​កើនឡើង​ភាព​គឃ្លើន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ប៉ុន្តែ​ក៏​រួម​មាន​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​សំខាន់​ជាមួយ​ចិន​ផងដែរ។

បន្ទាប់​ពី​ការ​ពង្រឹងទំនាក់ទំនង​ខ្លាំង​ជាង​មុន​ទ្វេដង​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ជាមួយ​សហរដ្ឋអាមេរិក​កាល​ពី​កញ្ញា វៀតណាម​បាន​ប្តេជ្ញាក្នុង​ការ​បង្កើត «អនាគត​រួម​គ្នា» មួយ​ជាមួយ​ចិន​កាល​ពី​ខែ​ធ្នូ។

លោក Hoang Viet សាស្រ្តាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​នីតិសាស្រ្ត​ក្រុង​ហូជីមិញ និង​ជា​អ្នក​ជំនាញ​ផ្នែក​វិវាទ​អន្តរជាតិ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «នៅ​ក្នុង​ពិភព​លោក​មួយ ដែលមហាអំណាច​តែងតែ​ប្រជែង​គ្នា និង​នៅ​ក្នុង​ពិភពលោក​មួយ ដែល​គ្មាន​អនាគត​ច្បាស់លាស់ វៀតណាម​ច្បាស់​ជាបាន​ទទួល​ជោគជ័យ​មួយ​ចំនួន​ ជាពិសេស​នៅ​ក្នុង​ការ​រក្សា​លំនឹង​រវាង​មហាអំណាច​ទាំង​ពីរ ដែល​កំពុង​ប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា»។

មេធាវី Dang Dinh Manh ដែល​ជាអ្នក​តាមដាន​នយោបាយ​វៀតណាម ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុងសហរដ្ឋអាមេរិក បាន​និយាយ​ថា ក្រោយ​ពី​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ សហរដ្ឋអាមេរិក​និង​ជប៉ុន «ទទួល​បានការ​ធានា​ថា វៀតណាម​នឹងមិនងាករេ​ទៅ​កាន់​ចិន​ខ្លាំងពេកទេ ស្របពេល​ប្រទេសចិន​ទទួល​បាន​ការធានា​ថា វៀតណាម​បន្ត​ស្ថិត​នៅ​ក្នុង​គន្លង​មិត្តភាព​ជាមួយ​បងធំ​ចិន»។

​លោក Hoang Viet ដែល​ជា​អ្នកជំនាញស្តី​ពី​ការ​ពង្រីក​ខ្លួន​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ បាន​និយាយ​ថា វៀតណាម​ត្រូវ​ទទួល​ស្គាល់​ការ​ចូលរួម​ក្នុង «សហគមន៍​នៃ​អនាគត​រួម​គ្នា» ជាមួយ​ចិន ដើម្បី​មិន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនសប្បាយចិត្ត និង​រក្សា​លម្ហ​ការទូត​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាង​មុន​ជាមួយ​សហរដ្ឋអាមេរិក ជប៉ុន និង​បស្ចឹម​ប្រទេស​សម្រាប់​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច។

លោក Hoang Viet បាន​ថ្លែង​ថា៖ «វៀតណាម​ភ័យខ្លាច​មាន​ប្រតិកម្ម​អវិជ្ជមាន​ពី​ចិន​ដោយសារ​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមរិក​និង​ជប៉ុន។ សហរដ្ឋអាមេរិក​បាន​ជំរុញ​វៀតណាម​ឱ្យ​ពង្រឹង​ទំនាក់​ទំនង​ជា​យូរ​មក​ហើយ ហើយ​វៀតណាម​ត្រូវ​ជ្រើសរើស​ពេលវេលា​ឱ្យបាន​សមស្រប។ បើ​មិន​ដូច្នោះ​ទេ វៀតណាម​នឹង​ប្រឈម​ការ​ខឹង​សម្បារ​ពី​ចិន»។

ក្នុងអំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ចំនួន ៣៦ រួម​មាន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និង​សន្តិសុខ។ វៀតណាម​និង​ចិន​ថែមទាំង​បាន​ចេញ​សេចក្តី​ប្រកាស​រួមមួយ ដើម្បីបង្ហាញ​ពី​ការ​ប្តេជ្ញា​ទូលំទូលាយ​នានា​ផងដែរ។

លោក Carl Thayer សាស្រ្តាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ University of New South Wales បាន​ចាត់ទុក​សេចក្តី​ប្រកាស​រួម​នេះ​ថា​ជា «ការធ្វើឱ្យល្អមើលពីក្រៅ» ដោយ​និយាយ​ថា វៀតណាម «និយាយតែមាត់» ប៉ុណ្ណោះ​ចំពោះ​គំនិត​របស់ចិន​ដូចជា គម្រោងផ្លូវក្រវាត់​ពាណិជ្ជកម្ម និង​ផែនការ «សហគមន៍នៃ​អនាគត​រួម​គ្នា» ជាដើម។

លោក Thayer ដែល​ជា​អ្នក​ជំនាញ​ស្តីពី​វៀតណាម​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «​[វៀតណាម] មិនខាតបង់​អ្វី​ទាល់តែសោះ។ ពួកគេ​មិនបាន​បញ្ជាក់​គោលជំហរ​រឹងមាំ​ណា​មួយ ហើយ​ពួកគេ​គ្រាន់​តែ​បង្ហាញ​ថា ពួកគេ​គាំទ្រ​ ឬ​យ៉ាង​ហោចណាស់ មិន​ប្រឆាំង​តែ​ប៉ុណ្ណោះ»។

ពាណិជ្ជកម្ម​ជាផ្នែក​សំខាន់មួយ​នៃ​យុទ្ធសាស្រ្ត​រក្សា​លំនឹង​របស់​វៀតណាម។ សហរដ្ឋអាមេរិក ដែល​ជា​អតីត​សត្រូវ​របស់​វៀតណាម បាន​ក្លាយ​ជា​ទីផ្សារ​នាំចេញ​ធំជាង​គេបង្អស់​សម្រាប់​ទំនិញ​វៀតណាម ស្របពេល​ចិន ជាទីផ្សារ​នាំចូល​ធំ​ជាង​គេ​បង្អស់​របស់​វៀតណាម។

ក្រោយពីការ​ពង្រឹង​ទំនាក់ទំនង​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក​និង​ចិន វៀតណាម ដែល​កាន់​តែក្លាយ​ជា​ដៃគូ​យុទ្ធសាស្រ្ត​នៅ​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៅ​លើ​សាកលលោក​ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ទទួល​បាន​លំហូរ​មូលធន​បរទេស​យ៉ាង​ធំ។

លោក Jensen Huang ប្រធាន​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Nvidia បាន​ធ្វើ​ទស្សនកិច្ច​ក្នុងទីក្រុង​ហាណូយ​កាល​ពី​ខែ​ធ្នូ ហើយបាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា លោក​ចង់​បង្កើត​មូលដ្ឋានក្រុមហ៊ុន​មួយ​នៅ​វៀតណាម។ នៅស្របពេល​ជាមួយគ្នានេះ វៀតណាម​ក៏​កំពុង​ឃើញ​មាន​លំហូរ​ចូល​នៃ​ក្រុមហ៊ុនចិន​ជា​បន្តបន្ទាប់​ផង​ដែរ។

រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និង​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​វៀតណាមលោក Nguyen Phu Trong នៅក្នុង​ពិធីទទួល​ស្វាគមន៍​ប្រធានាធិបតីចិន​ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​លោក​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និង​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​វៀតណាមលោក Nguyen Phu Trong នៅក្នុង​ពិធីទទួល​ស្វាគមន៍​ប្រធានាធិបតីចិន​ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​លោក​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

អព្យាក្រឹតភាព​ក្នុង​ពិភពលោក​ដែលបែងចែកគ្នា

ទោះជា​នយោបាយ​ការ​ទូត​ដើម​ឬស្សី​បានផ្តល់ផលប្រយោជន៍​ជាច្រើន​ដល់​វៀតណាម ខណៈ​ពេល​មាន​ការ​ប្រជែង​គ្នា​រវាងមហាអំណាច​សម្រាប់​ឥទ្ធិពល​និង​ការ​វិនិយោគ ក៏ដោយ ក៏អ្នកវិភាគ​បាន​ព្រមាន​ពី​ភាព​មាន​កម្រិត​នៃគោលនយោបាយ​អព្យាក្រឹត្យ​របស់​វៀតណាម។

លោក Thayer បាន​ថ្លែង​ថា៖ «នយោបាយការ​ទូត​ដើម​ឬស្សី​ ផ្តោត​ទៅលើការរក្សា​ស្វ័យភាព​និង​ឯករាជ្យភាព​របស់​វៀតណាម និង​មិនផ្សារ​ភ្ជាប់​នឹង​ប្រទេស​ណា​មួយ។ ប៉ុន្តែ​ឥឡូវ​នេះ ពិភពលោក​កាន់​តែ​មាន​ភាព​បែងចែកគ្នា​ជាង​ពេល​ណា​ទាំង​អស់ ហើយខ្ញុំ​គិត​ថា វៀតណាម​នឹង​កាន់តែ​លំបាកឡើង​ក្នុង​ការ​មិន​ប្រឡូក​ពាក់ព័ន្ធ។

សេចក្តីប្រកាស​ស្តី​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាលវៀតណាម​កាល​ពី​ឆ្នាំ ២០១៩ បានចែង​ថា វៀតណាម​កំពុង​អនុវត្ត​គោលនយោបាយ​មិន​ផ្សារភ្ជាប់​នឹង​ប្រទេស​ណា​មួយ ដែល​ត្រូវ​បាន​ស្គាល់​ថា «ការជៀសវាង​ចំនួន​បួន» គឺមិនចង​សម្ព័ន្ធភាព​យោធា មិន​ចូល​រួម​ជាមួយ​ប្រទេស​ណា​មួយ​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត មិនឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស និង​មិន​ប្រើប្រាស់​កម្លាំង ឬ​គំរាម​ប្រើប្រាស់​កម្លាំង​នៅ​ក្នុង​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ។

វៀតណាម​បានសម្រេច​មិន​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការ​ឈ្លានពាន​អ៊ុយក្រែន ហើយ​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ផ្អាក​សមាជិកភាព​របស់​ប្រទេស​រុស្ស៊ី ដែល​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ធំ​បំផុត និង​សម្ព័ន្ធមិត្ត​យូរ​អង្វែង​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ពី​ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

លោក​ Thayer បាន​ថ្លែង​ថា៖ «និយាយទៅ វៀតណាម​នឹង​បាត់បង់​ជំនឿ​ទុក​ចិត្តខ្លះ ចំពោះ​ការ​មិន​ហារមាត់រិះគន់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស» ។ លោកបន្ថែមថា «ករណី​រុស្ស៊ី​និង​អ៊ុយក្រែន​គឺ​ជា ឧទាហរណ៍​សំខាន់​មួយ»។

លោក Alexander Vuving សាស្រ្តចារ្យ​ប្រចាំ​វិទ្យាស្ថាន​សិក្សា​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ហាវ៉ៃ លើកឡើងថា​ការ​កើនឡើង​ការបែកចែក​រវាង​បស្ចឹមប្រទេស​នៅ​ផ្នែក​ម្ខាង​ និង​ចិន​និង​រុស្ស៊ី​នៅ​ផ្នែក​ម្ខាង​ទៀត នឹង​ធ្វើ​ឱ្យ​គោល​នយោបាយដើម​ឬស្សី កាន់តែ​មាន​ភាពស្មុគ្រស្មាញ​សម្រាប់​ប្រទេស​វៀតណាម។

លោក Vuving បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «គោលនយោបាយ​ការទូត​ដើម​ឬស្សី​នឹង​មិន​ផ្តល់​ជា​មធ្យោបាយ​ប្រកប​ដោយ​ចីរភាព​សម្រាប់​វៀតណាម​នៅ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ស្ថានភាព​ផ្លាស់ប្តូរ​ដោយ​មិន​រំពឹងទុក​នៃ​សង្រ្គាម​ត្រជាក់​ទី​ពីរ​នោះ​ទេ»។ លោក​បន្ថែម​ថា វៀតណាម​ត្រូវ​ការ «វិធីទប់ទល់» ថ្មី​មួយ» ដែល​សមស្រប​ទៅ​តាម​ស្ថានភាព​ថ្មី។

ស្រដៀង​នេះ​ដែរ លោក Vu Duc Khanh សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​ប្រចាំ​សាកល​វិទ្យាល័យ University of Ottawa ដែល​តាមដាន​នយោបាយ​វៀតណាម បាន​ចោទសួរ​ថា​តើ​វៀតណាម​អាច​រក្សា​អព្យាក្រឹត្យភាព​ នៅ​ចំពោះ​មុខ​ការ​ប្រជែង​គ្នា​រវាងមហា​អំណាច​ឬទេ។

​លោក Khanh បាន​និយាយ​ថា៖ «សង្រ្គាម​នៅ​អ៊ុយក្រែន​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ទាំងស្រុង​របស់​ប្រទេស​នានា​ដូចជា ហ្វាំងឡង់ ស៊ុយអែត និង​ដាណឺម៉ាក»។

ហ្វាំងឡង់​និង​ស៊ុយអែត​បាន​ដាក់ពាក្យ​ចូលជាសមាជិក​របស់​អង្គការ​អូតង់​ដែលជា​ការ​ឆ្លើយតប​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ។ ចំណែក​ប្រទេស​ដាណឺម៉ាក ដែល​ជា​សមាជិក​ស្ថាបនិក​អង្គការ​អូតង់ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្នែក​មូលដ្ឋាន​ការពារជាតិ​ជាមួយ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​មុន។

លោក Thayer បាន​និយាយ​ថា លោក​មាន​ជំនឿ​ថា «វៀតណាម​នឹង​ជួប​ការ​លំបាក» ប្រសិន​បើ​សង្រ្គាម​នៅ​អ៊ុយក្រែន​និង​តំបន់​ហ្កាហ្សា នាំឱ្យ​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​ចិន កើនឡើង។

លោក Thayer បាន​ថ្លែង​ថា៖ «រដ្ឋបាល​លោក​ Biden អាច​ត្រូវ​បាន​ជំនួស​ដោយ​រដ្ឋបាល​លោក Trump។ ឬ​សភា​អាមេរិក​អាច​ខឹងវៀតណាម ចំពោះ​រឿងអ្វីមួយ។ ឬ​មួយក៏​គោលជំហរ​របស់​វៀតណាម​នឹង​បង្ក​ជា​ឧបសគ្គ​ចំពោះ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក»។

បើ​តាម​លោក Hoang Viet វៀតណាម​កំពុង​តែ​មើលស្ថានការ​ដើម្បី​រៀនសូត្រ ស្រប​ពេល​មាន​ការ​ប្រឈម​គ្នា​ជាមួយ​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

លោក Hoang Viet បាន​ថ្លែង​ថា៖ «សម្រាប់​ពេល​នេះ វៀតណាម​ក៏ដូចជា ប្រទេសដទៃ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ព្យាយាម​មិន​កាន់ជើង​ខាងណា តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ វៀតណាម​នឹង​រក្សា​គោលនយោបាយ​នេះ រហូត​ដល់​ពួកគេ​លែងអាច​ធ្វើបាន​ត​ទៅ​ទៀត»។

កាល​ពី​ខែ​មុន លោកអគ្គលេខាធិការ Trong បាន​រំពឹង​ថា ស្ថានភាព​ប្រាស្រ័យ​ទាក់ទង​ក្នុង​តំបន់​និង​លើ​សាកលលោក​នឹង​មាន «ភាព​ស្មុគស្មាញ​និង​មិនអាច​ព្យាករណ៍​បាន»។

លោក​បាន​ព្រមាន​ថា៖ «នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការ​ប្រទាញប្រទង់​និង​ការ​បែងចែកគ្នា​ខ្លាំង ការ​ប្រជែង​គ្នាផ្នែក​យុទ្ធសាស្រ្ត​នៅ​ក្នុង​ចំណោម​មហាអំណាច​គឺ​ជា​រឿងដែលជៀស​មិន​ផុត ខណៈ​ហានិភ័យ​នៃ​ជម្លោះ​និង​ការ​ប្រឈម​គ្នា​កើន​ឡើង​ខ្ពស់​ជាង​មុន​ ដោយ​បង្ក​ជា​បញ្ហា​ប្រឈម​ធំៗ​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍»។

លោក​ Trong ក៏​បាន​ជំរុញ​ឱ្យ​អ្នកការទូត​វៀតណាម​តាមដាន​ស្ថានការ​ឱ្យបានដិតដល់ ដើម្បី​អាច​ព្យាករណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ «មាន​ភាព​មោះមុត ប៉ុន្តែ​បត់បែន» នៅ​ក្នុង​វិស័យការទូត៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG