ប្រទេសវៀតណាមសង្ឃឹមថានឹងបង្កើនការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិនក្នុងឆ្នាំនេះ ខណៈដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាពិនិត្យមើលឡើងវិញលើគោលការណ៍មួយចំនួន ដើម្បីបើកទីផ្សារទទួលបរិមាណផលិតផលបសុបក្សី ត្រីនិងផ្លែឈើឱ្យកាន់តែច្រើនថែមទៀត។
អ្នកស្រី Pham Thi Huan ស្ថាបនិកនៃក្រុមហ៊ុន Ba Huan Corp ក្នុងទីក្រុងហូជីមិញ ដែលជាកន្លែងផ្គត់ផ្គង់បសុបក្សីនិងស៊ុតដ៏ធំបំផុតមួយក្នុងប្រទេសវៀតណាម និយាយថា អ្នកស្រីទទួលស្វាគមន៍ការប្រើប្រាស់ទីផ្សារក្នុងប្រទេសចិន ដែលមានអតិថិជនប្រមាណ ១.៤០០ លាននាក់ កាន់តែខ្លាំងជាងមុន។
អ្នកស្រីបានប្រាប់វីអូអេភាសាវៀតណាមតាមទូរស័ព្ទ កាលពីថ្ងៃទី ២១ ខែកុម្ភៈថា៖ «ក្រុមហ៊ុនរបស់ខ្ញុំនៅមិនទាន់បាននាំចេញសាច់មាន់ឬស៊ុតទៅប្រទេសចិនដីគោកនៅឡើយទេ។ ការដកចេញបម្រាមនេះនឹងបើកទ្វារឱ្យក្រុមហ៊ុនខ្ញុំ និងកសិករវៀតណាមដែលចិញ្ចឹមបសុសត្វជាច្រើនទៀត»។
កាលពីឆ្នាំ ២០២៣ ផលិតផលបសុសត្វមានចំនួនតែ ១ភាគរយប៉ុណ្ណោះ នៃផលិតផលកសិកម្ម ព្រៃឈើនិងជលផលដែលមានតម្លៃ ១២,២ ពាន់លានដុល្លារ ត្រូវបាននាំចេញទៅប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្លូវការវៀតណាម Vietnam Plus។ ការនាំចេញទឹកដោះគោឬផលិតផលទឹកដោះគោមានចំនួន ៩៣ភាគរយ នៃតម្លៃនាំចេញសរុបនៃផលិតផលបសុសត្វទៅកាន់ប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Tran Thanh Nam បានប្រកាសនៅក្រោយដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃទៅកាន់ប្រទេសចិន កាលពីខែមករាថា ប្រទេសចិនបានយល់ព្រមដើម្បីពិចារណាដកចេញបម្រាមលើការនាំចូលផលិតផលបសុសត្វមកពីប្រទេសវៀតណាម។ នេះបើតាមសារព័ត៌មានវៀតណាមនិងក្រសួងកសិកម្មវៀតណាម ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ៣១ ខែមករាកន្លងទៅ។
លោក Nam និយាយថា តម្រូវការរបស់អតិថិជនចិនលើផលិតផលសាច់ មានតម្លៃប្រមាណ ៤០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយវាមានសក្តានុពលជាខ្លាំងក្នុងការនាំចូលសាច់ពីប្រទេសវៀតណាម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ។
លោក Nam និយាយថា ដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់រដ្ឋធានីប៉េកាំង និងខេត្ត Guangzhou ក្នុងប្រទេសចិនពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមករាកន្លងទៅ មានបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងសកម្មភាពនាំចេញនិងនាំចូលនៃផលិតផលកសិកម្ម។
កាលពីថ្ងៃទី ១៦ ខែមករា លោក Nam មានកិច្ចប្រជុំដាច់ដោយឡែកជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងកិច្ចការជនបទចិន លោក Ma Youxiang និងអគ្គនាយករងគយនិងរដ្ឋាករចិន លោក Zhao Zenglian ដើម្បីស្នើសុំដល់ប្រទេសចិនឱ្យបើកទីផ្សាររបស់ខ្លួន សម្រាប់ផលិតផលរបស់វៀតណាម។
លោក Nam បន្ថែមទៀតថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានយល់ព្រមបញ្ចប់ការពិនិត្យមើលឯកសារឱ្យបានឆាប់ដើម្បីចុះហត្ថលេខាលើពិធីសារចំនួន ៣ ជាមួយវៀតណាម។
កិច្ចព្រមព្រៀងទាំងនេះនឹងអនុវត្តលើការនាំចេញគ្រឿងសមុទ្រ ការនាំចេញសត្វក្រពើចិញ្ចឹម និងការនាំចេញសត្វស្វាចិញ្ចឹមសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រពីប្រទេសវៀតណាម ទៅកាន់ប្រទេសចិន។ នេះបើយោងទៅលើគេហទំព័រក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរក៏បានស្រុះស្រួលគ្នាក្នុងការបើកទីផ្សារប្រទេសចិនឡើងវិញ ដើម្បីនាំចូលបង្កងថ្មត្រូពិកពីប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក Nam។ លោកបន្ថែមទៀតថា ប្រទេសចិនកំពុងពិចារណានាំចូលផ្លែបឺនិងផ្លែផាសិនពីវៀតណាមផងដែរ។
លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែនិងផ្លែឈើវៀតណាម ដែលអមដំណើរលោក Nam ទៅកាន់ប្រទេសចិន បានប្រាប់វីអូអេភាសាវៀតណាមតាមទូរស័ព្ទ កាលពីថ្ងៃទី ២១ ខែកុម្ភៈថា: «ដំណើរធុរកិច្ចរបស់លោក Nam ទៅចិន នឹងជួយដល់ការនាំចេញផ្លែឈើនិងបន្លែវៀតណាមទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៤»។
វៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងចំណោមបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានចាប់តាំងពីឆ្នាំ ២០១៦ មក ដោយពាណិជ្ជកម្មទ្វេភាគីមានចំនួន ២៥ ភាគរយ នៃចំនួនពាណិជ្ជកម្មសរុបរបស់ចិនទាំងអស់ជាមួយប្លុកអាស៊ាន ដែលមានប្រទេស ១០ ជាសមាជិក ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣។ នេះបើយោងទៅលើអគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រទេសចិន។
ប្រទេសក្បែរខាងទាំងពីរនេះ មានកិច្ចសហប្រតិបតិ្តការជាច្រើនក្នុងវិស័យកសិកម្ម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន Xinhua ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៣ ខែធ្នូកន្លងទៅ។
ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ កន្លងទៅ ប្រទេសចិននាំចូលផលិតផលកសិកម្មពីវៀតណាម ក្នុងចំនួនទឹកប្រាក់ជាង ៦.២០០ លានដុល្លារអាមេរិក ដែលធ្វើឱ្យមានការកើនឡើងក្នុងអត្រា ២០,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua។
ក្នុងឆ្នាំ ២០២៣ ផលិតផលបសុសត្វរបស់វៀតណាមមានចំនួនតែ ១ ភាគរយប៉ុណ្ណោះនៃតម្លៃនាំចេញសរុបលើវិស័យនេសាទ ព្រៃឈើនិងកសិកម្ម ដោយមានទឹកប្រាក់ប្រមាណ ១២.២០០ លានដុល្លារ។ នេះបើយោងលើតួលេខរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិ (ITC) ។
ក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិ ITC និយាយថា អត្រាភាគរយទាបនេះដោយសារតែកង្វះការអនុញ្ញាតជាផ្លូវការសម្រាប់ការនាំសាច់ចេញទៅប្រទេសចិន ដោយយោងលើបម្រាមនាំចូល ដែលពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី ដែលត្រូវបានដាក់បម្រាមដោយចិន។
អស់ពេលជាច្រើនឆ្នាំកន្លងទៅហើយ ផលិតផលបសុសត្វរបស់វៀតណាមជាច្រើន ដែលរួមមានសាច់ជ្រូក សាច់គោ មាន់ និងសាច់ក្របី ត្រូវស្ថិតក្រោមចំនួននាំចូលដែលបានកំណត់នៅកន្លែងឆ្លងកាត់ព្រំដែន។ នេះបើតាមក្រុមប្រឹក្សាពាណិជ្ជកម្ម ITC ដែលមានសមាជិក ១៧៩ ប្រទេស។ ផលិតផលទាំងនេះជួបឧបសគ្គជាច្រើននៅព្រំដែន និងមានបទដ្ឋានត្រួតពិនិត្យតឹងតែងខ្លាំង។ នេះបើយោងទៅលើក្រុមប្រឹក្សា ITC។
ប្រទេសចិនជាទីផ្សារនាំចូលផ្លែឈើដ៏ធំបំផុតពីវៀតណាម ដោយមានការនាំចូលគិតជាទឹកប្រាក់ប្រមាណ ៣.៧០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ដែលឡើងជិតដល់ ២៥០ ភាគរយនៃតម្លៃ និងចំនួន ៦៥ ភាគរយនៃតម្លៃភាគហ៊ុនទីផ្សារ បើប្រៀបធៀបកាលពីឆ្នាំ ២០២២។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានវៀតណាម។
ប្រទេសវៀតណាមមានផ្លែឈើនិងផលិតផលកសិកម្មចំនួន ១៤ ប្រភេទ ដែលមានអាជ្ញាបណ្ណផ្លូវការអាចនាំចូលប្រទេសចិនបាន ដែលក្នុងនោះរួមមានផ្លៃស្រកានាគ ឪឡឹក ចេក គូលែន មៀន សាវម៉ាវ ខ្នុរ ស្វាយ មង្ឃុត ធុរេន និងផ្លែផាសិន ចាហួយខ្មៅ ដំឡូងជ្វា និងសំបុកត្រចៀកកាំ។ នេះបើយោងទៅលើគេហទំព័រសេដ្ឋកិច្ចផ្លូវការវៀតណាម និងវិទ្យុវៀតណាម។
កិច្ចព្រមព្រៀងនាំចូលផ្លែឪឡឹកពីវៀតណាមត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ប្រទេសវៀតណាម កាលពីខែធ្នូឆ្នាំទៅ ដែលត្រូវបានបន្ថែមបញ្ចូល ៥ មុខទៀត ក្នុងពិធីសារក្នុងពេលកន្លងទៅ ដែលរួមមាន ផ្លែមង្ឃុត ចាហួយខ្មៅ ធុរេន ចេក និងដំឡូងជ្វា។
លោក Dang និយាយថា ទីផ្សារប្រទេសចិន មានអំណោយផលល្អខ្លាំងដល់ផ្លែឈើនិងបន្លែវៀតណាម។ លោកបន្ថែមទៀតថា អតិថិជនចិនចូលចិត្តផលិតផលធុរេនវៀតណាម។ ប្រសិនបើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យមានការនាំចូលធុរេនបង្កកត្រូវបានចុះហត្ថលេខានោះ លោកប៉ាន់ស្មានថា ទីផ្សារចិននឹងស្រូបទាញផ្លែធុរេនស្រស់និងបង្កកពីវៀតណាម ដែលមានទឹកប្រាក់ប្រមាណ ៣.៥០០ លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ