ការគាំទ្រដ៏ក្លៀវក្លារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr ចំពោះគោលនយោបាយច្បាប់និងសណ្តាប់ធ្នាប់សង្គមរបស់លោកប្រធានាធិបតី Donald Trump ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កំពុងបណ្តាលឱ្យមានការជជែកដេញដោលអំពីភាពត្រឹមត្រូវនៃតួនាទីរបស់ក្រសួងយុត្តិធម៌ក្នុងនយោបាយបោះឆ្នោត។
នៅពេលដែលលោក Trump អញ្ជើញទៅបំពេញទស្សនកិច្ចក្នុងទីក្រុង Kenosha រដ្ឋ Wisconsin កាលពីថ្ងៃអង្គារសប្តាហ៍មុន ដើម្បីពិនិត្យមើលអាជីវកម្មនានាដែលរងការខូចខាត និងដើម្បីប្រកាសផ្តល់ថវិកាគ្រាអាសន្នចំនួនជាង ៤០ លានដុល្លារសម្រាប់សុវត្ថិភាពសាធារណៈសម្រាប់ទីក្រុង Kenosha និងរដ្ឋ Wisconsin លោកបាននាំលោក Barr ទៅជាមួយ។
ដោយបន្ទោរតាមវោហាសាស្រ្តយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump អំពីក្រុមមនុស្សមួយចំនួនដែលត្រួតត្រាលើការតវ៉ាទាក់ទិននឹងភាពអយុត្តិធម៌ជាតិ សាសន៍ និងភាពព្រៃផ្សៃរបស់ប៉ូលិស លោក Barr បានថ្លែងប្រាប់ក្រុមមេដឹកនាំមូលដ្ឋានថា ដោយសារតែបញ្ជារបស់លោក Trump តែប៉ុណ្ណោះ ដែលលោកអាចមានពេលប៉ុន្មានថ្ងៃមុនពេលដាក់ពង្រាយភ្នាក់ងារសហព័ន្ធនៅទីក្រុង Kenosha។
ទីក្រុង Kenosha បានជួបប្រទះនូវបាតុកម្មហិង្សា និងកុបកម្មរយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីប៉ូលិសម្នាក់បានបាញ់លោក Jacob Blake ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកជាច្រើនគ្រាប់កាលពីថ្ងៃទី ២៣ ខែសីហា ដែលបណ្ដាលឱ្យលោកពិការ។
លោក Barr បាននិយាយថា៖ «រដ្ឋាភិបាលសហព័ន្ធនឹងប្រើច្បាប់ទាំងអស់ដើម្បីនាំមនុស្សទាំងនោះឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់»៕