ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលបានរំលាយគណនីថវិកាអនឡាញ (cryptocurrency)របស់អ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមភេរវកម្មជាច្រើនដែលក្នុងនោះមានក្រុមអាល់កៃដា (al-Qaida) និងរដ្ឋឥស្លាម។
ក្រសួងយុត្តិធម៌បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សកម្មភាពទាំងនេះតំណាងឲ្យការរឹបអូសយកថវិកាអនឡាញដ៏ធំបំផុតសម្រាប់ប្រតិបត្តិការភេរវកម្ម»។
ក្រសួងយុត្តិធម៌ថ្លែងថាការរឹបអូសយកថវិការជាច្រើនលានដុល្លារបានប៉ះពាល់ដល់«គណនីថវិកាអនឡាញជាង៣០០ គេហទំព័រចំនួន៤ និងទំព័រហ្វេសប៊ុកចំនួន៤ ដែលពាក់ព័ន្ធនឹងក្រុមទុច្ចរិត»។
លោកWilliam P. Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គ្មានអ្វីដែលគួរឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលទេថាសត្រូវរបស់យើងបានប្រើប្រាស់បច្ចេកវិទ្យាទំនើប បណ្តាញសង្គមនិងថវិកាអនឡាញដើម្បីសម្រួលដល់របៀបវារៈហិង្សានិងអាក្រក់របស់ពួកគេ»។
ក្រៅពីក្រសួងយុត្តិធម៌ នៅមានទីភ្នាក់ងារដទៃទៀតដែលចូលរួមស៊ើបអង្កេតយុទ្ធនាការផ្តល់ហិរញ្ញវត្ថុដល់ក្រុមភេរវករដែរ ក្នុងនោះមានសេវាប្រាក់ចំណូលផ្ទៃក្នុង ក្រសួងសន្តិសុខមាតុភូមិ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)និងការិយាល័យរដ្ឋអាជ្ញារដ្ឋធានី វ៉ាស៊ីនតោន។
ប្រាក់អនឡាញ(cryptocurrency) ត្រូវបានគេជឿថាមិនអាចបន្សល់ដានឲ្យគេអាចតាមរកឃើញអ្នកផ្ញើទេ ដែលនាំឲ្យអ្នកឧបត្ថម្ភថវិកាយល់ថាវិភាគទានរបស់ពួកគេនឹងនៅតែជាអនាមិក៕