ការទាក់ទងរបស់សហរដ្ឋអាមេរិកកាលពីជិត៥០ឆ្នាំជាមួយប្រទេសចិនលែងមានដំណើរការទៀតហើយ ហើយត្រូវមានវិធីទាក់ទងផ្សេងនិងតឹងតែងជាងមុន។ នេះបើតាមលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo។
លោករដ្ឋមន្រ្តីការបរទេស Pompeo បានថ្លែងដូច្នេះ កាលពីថ្ងៃព្រហស្បតិ៍នៅឯមូលនិធិនិចសុនក្នុងទីក្រុង Yorba Linda រដ្ឋកាលីហ្វ័រញ៉ា ដែលបានដាក់ឈ្មោះប្រធានាធិបតីនិចសុន។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បាននិយាយទៀតថា «ការទាក់ទងបែបនេះដែលយើងបានធ្វើមិនបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងប្រទេសចិនដែលលោកប្រធានាធិបតីនិច សុនសង្ឃឹមនោះទេ»។
លោករដ្ឋមន្រ្តីការបរទេស បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលក្រុងប៉េកាំងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនជាងសហរដ្ឋអាមេរិកហើយថា ចិនបានខាំដៃសហគមន៍អន្តរជាតិដែលបានចិញ្ចឹមខ្លួន។
សុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍របស់លោក Pompeo គឺជាលើកទី៤នៅក្នុងសុន្ទរកថាជាបន្តបន្ទាប់ដោយពួកមន្រ្តីរដ្ឋបាលដើម្បីពន្យល់អំពីអ្វីដែលលោករដ្ឋមន្រ្តីការបរទេស Pompeo ហៅថា ទំនាក់ទំនងរបស់អាមេរិកជាមួយចិននិងអតុល្យភាពនៃទំនាក់ទំនងនេះ។
កាលពីពេលមុន លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិ បានថ្លែងអំពីការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីធ្វើឲ្យប្រព័ន្ធនយោបាយរបស់ចិនស្ថិតនៅលើផ្លូវកណ្តាល។ លោក Christopher Wray នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បាននិយាយអំពីចារកម្មសេដ្ឋកិច្ចនិងការលួចកម្មសិទ្ធបញ្ញានិងលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ William Barr បាននិយាយអំពីយុទ្ធនាការវាយប្រហារខាងសេដ្ឋកិច្ចដើម្បីជំនួសសហរដ្ឋអាមេរិកជាមហាអំណាចពិភពលោកផុតលេខរបស់ពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោករដ្ឋមន្រ្តីការបរទេស Pompeo បានរំលឹកឡើងវិញថា កាលពីពេលមុន លោកប្រធានាធិបតីនិចសុន បាននិយាយថា លោកភ័យខ្លាចថា លោកបានបង្កើតព្រាយបីសាច Frankenstein ជាមួយចិន ហើយឥឡូវនេះ យើងបានស្ថិតនៅទីនេះមែន។
លោករដ្ឋមន្រ្តីការបរទេស Pompeo បាននិយាយថា ចិនបានកេងប្រយោជន៍ពីសង្គមសេរីនិងបើកចំហររបស់សហរដ្ឋអាមេរិកដោយការបញ្ជូនអ្វីដែលលោក បានហៅថា ពួកអ្នកឃោសនាទៅកាន់មហាវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវសហរដ្ឋអាមេរិកនិងសន្និសីទកាសែត៕