ការយល់ព្រមមួយដែលនាំឱ្យមានការភ្ញាក់ផ្អើលដោយប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ នឹងជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលនឹងមានឡើង«មិនហួសពីខែឧសភា»។ ជំនួបដើម្បីពិភាក្សាគ្នាអំពីការបញ្ចប់កម្មវិធីបរមាណូដ៏គំរាមរបស់កូរ៉េខាងជើងនេះ បាននាំឱ្យមានប្រតិកម្មចម្រុះដោយមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ននិងការសង្ស័យ។
លោក Chung Eui-yong ប្រធានការិយាល័យសន្តិសុខជាតិនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសអំពីកិច្ចព្រមព្រៀងនេះកាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកបានឋិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីនិយាយត្រួសៗប្រាប់ប្រធានាធិបតី ត្រាំ និងពួកមន្ត្រីសេតវិមានដោយមានរួមបញ្ចូលទាំងលោក H. R. McMaster ទីប្រឹក្សាសន្តិសុខជាតិស.រ.អា.ផងដែរ អំពីការជឿនលឿនខាងការទូតដែលបានត្រូវធ្វើឱ្យមានក្នុងឱកាសទស្សនកិច្ចរបស់លោកក្នុងក្រុងព្យុងយ៉ាង កាលពីដើមសប្តាហ៍នេះ។ លោកក៏បានពាំនាំសេចក្តីអញ្ជើញផ្ទាល់មាត់ពីលោក គីម ជុងអ៊ុន មកប្រាប់ប្រធានាធិបតីស.រ.អា.ផងដែរ។
លោក Chung បានមានប្រសាសន៍ថា៖ «ប្រធានាធិបតី ត្រាំ បានអរគុណដល់ការនិយាយត្រួសៗប្រាប់លោកហើយបានថ្លែងថា លោកនឹងជួបជាមួយលោក គីម ជុងអ៊ុន មិនហួសពីខែឧសភាទេដើម្បីធ្វើឱ្យបានសម្រេចការគ្មានអាវុធបរមាណូជាអចិន្ត្រៃយ៍។"
លោក Chung បានដឹកនាំគណៈប្រតិភូការទូតកូរ៉េខាងត្បូងមួយដែលបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅក្នុងក្រុងព្យុងយ៉ាង កាលពីថ្ងៃចន្ទ។ បន្ទាប់មកលោកបាននិយាយអំពីចំណង់របស់លោក គីម ជុងអ៊ុន ក្នុងការធ្វើកិច្ចចរចាជាមួយស.រ.អា.អំពីការធ្វើមិនឱ្យមានអាវុធបរមាណូនិងអំពីការសន្យារបស់លោកថានឹងផ្អាកការពិសោធន៍បរមាណូនិងការពិសោធន៍បាញ់បង្ហោះកាំជ្រួចមីស៊ីល នៅពេលមានកិច្ចចរចានេះ។
គោលជំហររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដូចដែលបានថ្លែងដោយលោក Chung គឺថា«គ្មានហេតុផលអ្វីត្រូវមានអាវុធបរមាណូទេបើសុវត្ថិភាពនៃរបបគ្រប់គ្រងកូរ៉េខាងជើងបានត្រូវធានាហើយការគំរាមកំហែងយោធាប្រឆាំងនឹងកូរ៉េខាងជើងបានត្រូវដកចេញហើយនោះ»៕