ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង​ចំពោះ​ការ​ប្រើ​ថ្នាំ​គីមី​ពុល​សម្លាប់​បងប្រុសរបស់​​ គីម ជុងអ៊ុន


ជន​ជាតិ​វៀតណាម​ឈ្មោះ Doan Thi Huong ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​សម្លាប់​​ Kim Jong Nam ត្រូវ​បាន​នាំ​ខ្លួន​ដោយ​ប៉ូលិស​​ នៅ​ពេល​មក​ដល់​តុលាការជាន់​ខ្ពស់​ Shah Alam ក្នុង​ក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​​ទី​២៧ ខែ​កុម្ភៈ ២០១៨។
ជន​ជាតិ​វៀតណាម​ឈ្មោះ Doan Thi Huong ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​សម្លាប់​​ Kim Jong Nam ត្រូវ​បាន​នាំ​ខ្លួន​ដោយ​ប៉ូលិស​​ នៅ​ពេល​មក​ដល់​តុលាការជាន់​ខ្ពស់​ Shah Alam ក្នុង​ក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​​ទី​២៧ ខែ​កុម្ភៈ ២០១៨។

សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ពុល​ដើម្បី​សម្លាប់​បងប្រុស​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ គីម ជុងអ៊ុន ដែល​ទាស់​ទែង​គ្នា។

ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​បាន​កំណត់​ថា រដ្ឋា​ភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ប្រើប្រាស់​ថ្នាំ​គីមី​ពុល​ប្រភេទ ​VX ​ដែល​ត្រូវ​បាន​គេ​ហាម​ឃាត់ ដើម្បី​សម្លាប់​លោក ​គីម ជុងណាំ ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧ ខណៈ​ដែល​លោក​កំពុង​ដើរ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ។

ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​នោះ​ថា​បាន​បាញ់​សារធាតុ​ទឹក​ម៉្យាង​ទៅ​លើ​មុខ​របស់​លោក គីម ជុងណាំ។ លោក​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយ​មក។ ​

លោកស្រី ​Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​«ការ​បង្ហាញ​ជា​សាធារណៈ​ចំពោះ​ការ​ប្រមាថ​ទៅ​នឹង​ច្បាប់​សកល​លោក​ដែល​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ បង្ហាញ​ពី​ធម្មជាតិ​ដ៏​ព្រហើន​គ្មាន​កោត​ក្រែង​របស់​កូរ៉េ​ខាងជើង​និង​គូស​បញ្ជាក់​ថា យើង​មិន​អាច​អត់​ឱន​ចំពោះ​កម្មវិធី​អាវុធ​ប្រល័យ​លោក​របស់​កូរ៉េខាងជើង​ណា​មួយ​បាន​ឡើយ»។

ក៏​ប៉ុន្តែ​ក្រសួង​ការបរទេស​អាមេរិក​មិន​បាន​បញ្ជាក់​បន្ថែម​ថា​តើ​ខ្លួន​បាន​កំណត់​សេចក្តី​សន្និដ្ឋាន​នេះ​យ៉ាង​ដូច​ម្តេច​នោះ​ទេ។

សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មីៗ​មួយ​ចំនួន​ទៀត​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​លើ​បងប្រុស​លោក​ គីម ជុងអ៊ុន ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​មែន​នោះ ក៏​ទណ្ឌកម្ម​ថ្មីៗ​ទាំង​នោះ​បង្ក​ជា​ផល​ប៉ះពាល់​តិចតួច​ណាស់​ទៅ​លើ​កូរ៉េខាងជើង ដោយ​សារ​តែ​ប្រទេស​នេះ​កំពុង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ចំពោះ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​បាញ់ឆ្លង​ទ្វីប​របស់​ខ្លួន​រួច​ទៅ​ហើយ។

ស្ត្រី​ពីរ​នាក់​ដែល​មាន​ឈ្មោះ ​Siti Aisyah ជនជាតិ​ឥណ្ឌូណេស៊ី អាយុ​២៥​ឆ្នាំ និង​នាង Doan Thi Huong ជនជាតិ​វៀតណាម អាយុ២៨​ឆ្នាំ កំពុង​រង់ចាំ​ការ​កាត់ក្តី​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក គីម ជុងណាំ។ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​អះអាង​ថា ពួកគេ​ត្រូវ​បាន​ភ្នាក់ងារ​កូរ៉េខាងជើង​បោកបញ្ឆោត​ ថា​ឲ្យ​ពួកគេ​ចូល​លេង​ក្នុង​កម្មវិធី​ពញ្ញាក់​អារម្មណ៍​មួយ​លើ​កញ្ចក់​ទូរទស្សន៍៕

XS
SM
MD
LG