ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​អវិជ្ជមាន​​ចំពោះ​ការ​បញ្ជូន​ពលករ​ខ្មែរ​ចេញ​ពី​ប្រទេស​ថៃ


អាជ្ញាធរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​យោធា​ថៃ​បាន​បញ្ជូន​ពលករ​កម្ពុជា​ខុស​ច្បាប់​​ជិត៣​ម៉ឺន​នាក់​ត្រឡប់​មក​កម្ពុជា​វិញ។
អាជ្ញាធរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​យោធា​ថៃ​បាន​បញ្ជូន​ពលករ​កម្ពុជា​ខុស​ច្បាប់​​ជិត៣​ម៉ឺន​នាក់​ត្រឡប់​មក​កម្ពុជា​វិញ។
គណបក្ស​សង្គ្រោះជាតិ​និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក នៅ​ថ្ងៃ​សុក្រនេះ បាន​រិះ​គន់​អាជ្ញាធរ​ថៃ​ដែល​បាន​បញ្ជូន​ពលករ​កម្ពុជា​មក​កាន់​មាតុ​ប្រទេស​វិញ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត។

អាជ្ញាធរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​យោធា​ថៃ​បាន​បញ្ជូន​ពលករ​កម្ពុជា​ខុស​ច្បាប់ជិត៣​ម៉ឺន​នាក់​ត្រឡប់​មក​កម្ពុជា​វិញ។ ពលករ​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ថៃ​ភាគ​ច្រើន​បាន​ធ្វើ​ខាងផ្នែក​កសិកម្ម នេសាទ សំណង់ និង​ជំនួយ​ការ​ផ្នែក​លក់​ដូរ​ជាដើម ត្រូវ​បាន​បញ្ជូន​ដោយ​រថយន្ត​មាន​ទ្រុង​បិទ​ជិត​មក​កាន់​កម្ពុជា ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​តាំង​ពី​យោធា​ថៃបាន​ឡើង​កាន់​អំណាច​ក្រោយ​ពី​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ កាល​ពី​ខែ ​ឧសភា។

គណបក្ស​សង្គ្រោះជាតិ​បាន​នាំ​យក​ពលករ​ប្រមាណ​ជិត​១០០​នាក់​មក​កាន់​ទីស្នាក់​ការ​របស់​ខ្លួន​ដើម្បី​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័តមាន។ ពលករ​រួម​មាន​កុមារ​តូចៗ យុវជន និង​ស្ត្រី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ពួក​គេ​មិន​មាន​អាហារ​ទទួល​ទាន​ចំនួន​ពីរ​ថ្ងៃ​ដោយសារ​តែ​អ្នក​នាំ​ផ្លូវ​យក​ពួក​គេ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃ​ខ្លះ​និង​ខ្លះ​ទៀត​ត្រូវ​បាន​នាំ​មក​កាន់​ច្រក​អន្តរជាតិ​ព្រំ​ដែន​ប៉ោយ​ប៉ែត។

ពលករ​ នឹម សំអាត អាយុ​៥០​ឆ្នាំ កំពុង​ទទួល​ទាន​នំបុ័ង​មួយ​កំណាត់​ដែល​គណបក្ស​សង្គ្រោះជាតិ​ផ្តល់​ឲ្យ បាន​បញ្ជាក់​ថា មាន​ពលករ​ខ្មែរ​ប្រមាណ​៥០​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំ​នៅ​ស្រុក​អារញ្ញ​ប្រទេស​ថៃដោយសារ​តែ​ពុំ​មាន​ប្រាក់​ឲ្យ​តម្រួត​ថៃ​ជាថ្នូរ​នឹង​ការ​ដោះលែង​ពួក​គេ​ឲ្យ​មក​ស្រុក​កំណើត​វិញ។ លោក នឹម សំអាត​ ជាកសិករ​មកពី​ខេត្ត​កំពង់​ស្ពឺ​ ហើយ​បាន​ចេញ​ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់​ក្នុង​ប្រទេស​ថៃ​មួយ​ឆ្នាំ។ លោក​បញ្ជាក់​ថា គាត់​ត្រឡប់​មក​កម្ពុជា​វិញ​ដោយសារ​តែ​ទាហ៊ាន​ថៃ​ចាប់​ផ្តើម​បោស​សម្អាត​ពលករ​រស់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ។

«ខ្ញុំ​មើល​ទូរទស្សន៍ ឃើញ​រដ្ឋាភិបាល​ថៃ​គេ​និយាយ​ព័ត៌មាន​តាម​ទូរទស្សន៍។ គេ​ថា​បើ​សិន​គេ​ឲ្យ​មក​ហើយ​មិន​ចេញ​ទេ ដល់​ថ្ងៃ​ក្រោយ​ គេចាប់​បាន​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​រាង​កាយ»។

អ្នក​ស្រី តាំង រតនា​ អាយុ​២៧​ឆ្នាំ មក​ពី​ខេត្ត​ព្រៃ​វែង ជាកម្មករ​នៅ​កន្លែង​សិប្បកម្ម​ធ្វើ​ស្រោម​ជើង​ក្នុង​ខេត្ត​បុទុម​ថានី មាន​ប្រសាសន៍ថា អ្នកស្រី​បាន​បង់​ឲ្យ​ទាហាន​ថៃ​ចំនួន​៥០០​បាត​ក្នុង​ម្នាក់ៗ។ អ្នក​ស្រី​បាន​បញ្ជាក់​ថា ការ​សម្រេច​មក​កម្ពុជា​វិញ​គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ដោយសារ​ភ័យ​ខ្លាច​ស្ថានភាព​ក្នុង​ប្រទេស​ថៃ។

«ដោយសារ​មាន​រឿង​ជ្រួល​ច្រល់​អញ្ចឹង​បាន​ត្រឡប់​មក​វិញ។ កុំ​អី​មិន​មកទេ»។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​លើ​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន​ ដែល​មិន​មាន​សមត្ថភាព​ផ្តល់​ការ​ងារ​ឲ្យ​ពលករ​ទាំង​នេះ ​បាន​ជា​ពួក​គាត់​រាប់​ម៉ឹន​នាក់​ចេញ​ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ក្រៅ​ប្រទេស។

«អ្នក​ដែល​ថៃ​បញ្ជូន​មក​នេះ​ត្រូវ​ដោះស្រាយ​បញ្ហា​មុន។ គឺ​បញ្ហា​ភាព​ក្រី​ក្រ​ បញ្ហា​អត់​ការងារ​ធ្វើ​ដែល​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​យុវជន​ខ្មែរ​ជាច្រើន​ចាក​ចេញ​ពី​ប្រទេស គេ​ហៅ​ថា​ចំណាក​ស្រុក​ទៅ​ថៃ​ហ្នឹង​ជា​បរាជ័យ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន»។

របាយការណ៍​ពី​អង្គការ​នានាឲ្យ​ដឹង​ថា ពលករ​កម្ពុជា​ខុស​ច្បាប់​និង​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ​ជាង​៤០ ​ម៉ឺន​នាក់។ ពលករ​ទាំង​នេះ​ធ្វើ​ការ​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ ដូចជា​ខេត្ត​ឈុនបូរី ខេត្ត​បូរីរ៉ាំ និង​ខេត្ត​បុទុម​ឋានី​ជាដើម​។​

សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និងសម្ព័ន្ឋ​និស្សិត​បញ្ហាវ័ន្ត​កម្ពុជា​បាន​ចាត់​ទុក​ការ​បញ្ជូន​ពលករ​កម្ពុជា​ថា​ជា​អំពើ​មនុស្ស​ធម៌​ដែល​អាជ្ញាធរ​ថៃ​បាន​ធ្វើ​មក​លើ​ពលរដ្ឋ​កម្ពុជា៕​
XS
SM
MD
LG