ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រតារាចម្រៀង Taylor Swift នៅអាស៊ីអាគ្នេយ៍ចាត់ទុកតារាចម្រៀងរូបនេះជា «អ្នកប្រឹក្សាយោបល់ផ្លូវចិត្តដោយឥតគិតថ្លៃ»


អ្នកគាំទ្រតារាចម្រៀងអាមេរិកនាង Taylor Swift ថតរូប​នៅពេល​ចូលរួម​ទស្សនា​ការប្រគុំតន្ត្រី Eras Tour នៅពហុកឡដ្ឋានជាតិ​នៅទីក្រុងសិង្ហបុរី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។
អ្នកគាំទ្រតារាចម្រៀងអាមេរិកនាង Taylor Swift ថតរូប​នៅពេល​ចូលរួម​ទស្សនា​ការប្រគុំតន្ត្រី Eras Tour នៅពហុកឡដ្ឋានជាតិ​នៅទីក្រុងសិង្ហបុរី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

អ្នកគាំទ្រ​តារាចម្រៀង​អាមេរិកាំង​កញ្ញា​ Taylor Swift ប្រមាណ ៣ម៉ឺន​នាក់​នៅ​សិង្ហបុរី​និង​តំបន់​ជុំវិញ​ បាន​សម្រុក​ទៅកាន់​ក្រុង​សិង្ហបុរី​កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ ​ដើម្បី​ទស្សនា​ការ​ប្រគុំ​តន្រ្តី​របស់​តារាចម្រៀង​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​ ដែល​មាន​ចំនួន​សរុប​ ៦លើក ហើយដែល​សំបុត្រ​ត្រូវបាន​លក់អស់។

សិង្ហបុរី​គឺជា​ទីដៅ​ប្រគុំ​តន្រ្តី​តែមួយ​គត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ការ​ប្រគុំតន្រ្តីជុំវិញ​ពិភពលោក Eras tour របស់​តារា​ចម្រៀង​ Taylor Swift ហើយអ្នកគាំទ្របាន​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ និង​សណ្ឋាគារ​ដើម្បី​មក​មើល​តារា​ចម្រៀង​ដែល​ពួកគេ​ស្ងើចសរសើរ​រូបនេះ។

នៅ​មុន​ការ​ប្រគុំ​តន្រ្តី​កាលពីថ្ងៃ​សៅរ៍ ទី៩ ខែ​មីនា ទីភ្នាក់ងារ​ព័ត៌មាន​ Agence France-Presse បាន​និយាយ​ជាមួយអ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​ចំនួន​ប្រាំ​មួយ​នាក់​របស់​តារាចម្រៀង​ Taylor Swift ដែលពួក​អ្នកគាំទ្រ​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Swifties» អំពី​បទចម្រៀង​ដែល​ពួកគេ​ពេញចិត្ត​ និង​ឥទ្ធិពល​របស់​តារាចម្រៀងរូប​នេះមាន​មក​លើពួកគេ។

កញ្ញា Searle Lira អាយុ ៣៣​ឆ្នាំ បាន​កា្លយ​ជា​អ្នក​គាំទ្រ​តារា​ចម្រៀង Taylor Swift ពេល​រៀន​នៅ​វិទ្យាល័យ​ បន្ទាប់​ពី​ស្តាប់​បទ​ចម្រៀង​ក្រោម​ចំណង​ជើង​ថា «Teardrops on My Guitar»។ ​បទចម្រៀង​នេះ​ជួយ​ឱ្យ​កញ្ញា​ងើបរើ​ពី​ការ​ខូចចិត្ត​ពី​ស្នេហា​តែ​ម្ខាង។

កញ្ញា​ Lira ដែល​ជា​អ្នកសារព័ត៌មាន​ក្រៅ​ស្ថាប័ន​មួយ​រូប​ពី​ហ្វីលីពីន​ បាន​និយាយ​ក្នុង​សម្តី​ដើមថា៖ «ខ្ញុំ​គិត​ថា កញ្ញា Taylor Swift ជា​អ្នក​ផ្តល់​ការ​ប្រឹក្សាផ្នែក​ផ្លូវ​ចិត្តដោយប្រយោល​មួយ​ចំពោះ​ស្រ្តី​វ័យក្មេង»។

​កញ្ញា​បាន​បន្ត​ថា៖ «អ្វី​ទាំងអស់​ដែល​ពួកគេ​បាន​ឆ្លង​កាត់ ពួកគេ​អាច​ផ្សារភ្ជាប់​ជាមួយ​នឹង​បទចម្រៀង​របស់​កញ្ញា Taylor Swift»។

កញ្ញា Lauren Fang អាយុ ២៣​ឆ្នាំ​ បាន​ស្តាប់​បទចម្រៀង​របស់​កញ្ញា Taylor Swift ដំបូង​នៅ​ពេល​កញ្ញា​ស្ថិត​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ។

កញ្ញា Fang ​ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ធនធាន​មនុស្ស​ពី​កោះ​តៃវ៉ាន់និយាយថា ពេលនោះ​កញ្ញា​មាន​អាយុ ១៨​ឆ្នាំ​ ហើយបាន​និយាយទៀត​ថា បទ​ចម្រៀង​របស់​កញ្ញា​ Taylor Swift បាន​ជួយ​ជ្រោម​ជ្រែង​ឱ្យ​កញ្ញា​ជាសះស្បើយ។

បទចម្រៀង​ដែល​កញ្ញា​ពេញ​ចិត្ត​មាន​ចំណងជើង​ថា «Back to December» ដែល​រៀបរាប់​ពី​ការ​ស្តាយក្រោយ​ដោយសារ​បាន​ចាកចេញ​ពី​មនុស្ស​ម្នាក់។

កញ្ញា​បាន​លើកឡើង​ឃ្លាមួយ​ក្នុងបទចម្រៀងនោះ​ដែល​មាន​ខ្លឹមសារ​ថា៖ «ប្រសិន​បើ​ខ្ញុំ​អាច​រស់​ឡើង​វិញ​សាជាថ្មី ខ្ញុំ​សច្ចា​ថា​ នឹង​ស្រឡាញ់​ខ្លួន​ឯង​ឱ្យ​ត្រឹមត្រូវ។ កញ្ញា​បាន​បន្ត​ថា៖ «បទ​ចម្រៀង​នេះ​បាន​បង្រៀន​ខ្ញុំថា ប្រសិន​ខ្ញុំ​អាច​កែប្រែ​ជីវិត​របស់​ខ្ញុំ​ឡើង​វិញ ខ្ញុំ​សូម​សច្ចា​ថា​ ខ្ញុំ​នឹង​ធ្វើ​រឿង​ត្រឹមត្រូវ​សម្រាប់​ជីវិត​របស់​ខ្ញុំ»។

កញ្ញា Sarah Lui អាយុ ២១​ឆ្នាំ បាន​ចាប់​ផ្តើម​ស្តាប់​បទចម្រៀង​របស់​ Taylor Swift ពេល​រៀន​នៅ​បឋមសិក្សា ហើយបន្ត​ស្តាប់​ជាប់​មក​រហូត។

កញ្ញា Lui ដែល​ជិត​នឹង​បញ្ចប់​ការ​សិក្សា​ផ្នែកឧក្រិដ្ឋវិទ្យា​នៅ​ក្រុង​ហុងកុង និង​ត្រៀម​បន្ត​ការ​សិក្សា​សញ្ញាប័ត្រ​ផ្នែក​ច្បាប់ បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​នៅ​តែ​ជា​ Swiftie ឬ​អ្នកគាំទ្រ​កញ្ញា Taylor Swiftជា​រៀង​រហូត​ បើទោះ​បី​ជា​ខ្ញុំ​ក្លាយ​ជា​មេធាវី​ក៏​ដោយ»។

​អ្វីដែល​នាង​កោត​សរសើរ​កញ្ញា Taylor Swift បំផុត​នោះ​គឺអំពើ​ល្អ។

កញ្ញា​ Lui បាន​និយាយ​ថា៖ «កញ្ញា Taylor Swift ​តែង​តែ​ល្អ​ជាមួយ​ក្រុមការងារ​ អ្នក​គាំទ្រ និង​មនុស្ស​រាល់គ្នា។ គាត់​ចិត្តល្អ​និង​ជាមនុស្ស​ដាក់ខ្លួន។ នេះ​ជា​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​នៅ​លើ​ពិភពលោក​គួរ​ធ្វើ។ គាត់​គឺ​ជា តារា​ដ៏ល្បីឈ្មោះ​មួយរូប ប៉ុន្តែ​គាត់​មិនដែល​មាន​ភាព​គំរោះគំរើយ​ដោយសារ​តែ​ភាព​ល្បីល្បាញ​របស់​គាត់ទេ។ គាត់បាន​ប្រើ​ភាព​ល្បីល្បាញ​របស់​គាត់ដើម្បី​ធ្វើ​រឿង​ល្អ»។ ​

លោក Men Ratiee អាយុ ២៣​ឆ្នាំ និស្សិត​ផ្នែក​គមនាគមន៍​ពី​ក្រុង​បាងកក បាន​ស្គាល់​ Taylor Swift តាមរយៈ​ការ​ផ្សាយ​ព័ត៌មាន​កាល​ពី​ឆ្នាំ ២០១៤ នៅ​ពេល​ការ​ប្រគុំ​តន្រ្តី​របស់​តារាចម្រៀង​រូប​នេះនៅ​ប្រទេសថៃត្រូវ​បាន​លុប​ចោល​ ក្រោយ​មាន​រដ្ឋប្រហារ។

បទចម្រៀង​របស់​កញ្ញា Taylor Swift ដែល​លោក​ពេញចិត្ត​មាន​ចំណង​ជើង​ថា «Shake It Off» ពីព្រោះ​វា​ធ្វើ​ឱ្យ​លោក​មាន​អារម្មណ៍​ល្អ។

លោក​បាន​ថ្លែង​ថា៖ «កញ្ញា Taylor Swift ​គឺ​អ្នកដែល​ជំរុញ​ទឹកចិត្តម្នាក់។ ខ្ញុំ​រៀន​អង់គ្លេស​ពី​បទចម្រៀង​របស់​គាត់។ ខ្ញុំ​ច្រៀង​បទចម្រៀង​ទាំង​នោះ។ ​គាត់​ជា​ស្រ្តី​ម្នាក់ដែល​ជំរុញ​ចិត្ត​ខ្ញុំ​ ពីព្រោះគាត់​ជាមនុស្ស​ល្អ។ ជីវិត​របស់​គាត់គឺ​អស្ចារ្យ​ណាស់»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG