ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តារាចម្រៀង Raye ជាប់កំណត់ត្រានៅពិធីប្រគល់ពានរង្វាន់ BRIT Awards


តារាចម្រៀង​និង​អ្នក​និពន្ធ​បទចម្រៀងអ្នកនាង Raye ថ្លែងពេល​ឈ្នះ​ពានរង្វាន់ BRIT ឆ្នាំ២០២៤ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។
តារាចម្រៀង​និង​អ្នក​និពន្ធ​បទចម្រៀងអ្នកនាង Raye ថ្លែងពេល​ឈ្នះ​ពានរង្វាន់ BRIT ឆ្នាំ២០២៤ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

អ្នកនាង Raye ដែល​ជា​តារាចម្រៀង​និង​អ្នក​និពន្ធ​បទចម្រៀង គឺ​ជាអ្នក​ទទួល​ជ័យលាភី​ធំ​ជាង​គេ​កាលពី​ថ្ងៃ​សៅរ៍ ទី២ ខែ​មីនា ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ BRIT Awards ដែល​ជា​ពិធី​ធំបំផុត​មួយ​នៅ​ក្នុង​វិស័យ​តន្រ្តី​នៅ​អង់គ្លេស ដោយ​អ្នកនាង​បាន​ជាប់​កំណត់ត្រា​ជាអ្នក​ទទួល​បាន​ពានង្វាន់​ច្រើនគេ​ជាង​បង្អស់ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​មួយ​នេះ។

អ្នកនាង Raye បាន​ឈ្នះ​ពានរង្វាន់​ចំនួន​ប្រាំមួយ រួម​មាន​ពានរង្វាន់​សិល្បករ​ប្រចាំ​ឆ្នាំ ពានរង្វាន់​អាល់ប៊ុម​ចម្រៀង​ប្រចាំ​ឆ្នាំ​ក្រោម​ចំណង​ជើង​ថា «My 21st Century Blue» និងពានរង្វាន់​បទចម្រៀង​ប្រចាំ​ឆ្នាំ​ក្រោម​ចំណងជើង​ថា «Escapism»។

សិល្បការនី​វ័យ​ ២៦ ​ឆ្នាំ​រូប​នេះ​ក៏​ទទួល​បាន​ជោគជ័យ​នៅ​ក្នុងផ្នែក​តន្រ្តី R&B និងបាន​ជាប់​ឈ្មោះ​ជា​សិល្បករ​ថ្មី​ដ៏​ល្អ​បំផុត។ ការ​ជាប់​ជា​បេក្ខភាពលើ​ផ្នែក​ផ្សេងៗ​ចំនួន​ប្រាំពីរ​របស់​អ្នកនាង Raye ​បាន​បំបែក​កំណត់ត្រា​ការ​ជាប់​បេក្ខភាព​ច្រើន​បំផុត​សម្រាប់​សិល្បករ​ទោល​នៅ​ក្នុង​ពេល​មួយ​ឆ្នាំ​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​រៀបចំ British Phonographic Industry (BPI) ដែល​ជា​ក្រុម​អ្នក​រៀបចំ​ពិធី​ប្រចាំ​ឆ្នាំ​នេះ។

​អ្នកនាង Raye ដែល​បាន​ចែកផ្លូវ​ជាមួយ​ផលិតកម្ម​របស់​អ្នកនាង កាលពី​ឆ្នាំ ២០២១ ដើម្បី​មក​ធ្វើការ​ជា​សិល្បករ​ឯករាជ្យ បន្ទាប់ពី​អ្នកនាង​បាន​និយាយ​ថា ផលិតកម្ម​បាន​ឃាត់​ទុក​អាល់ប៊ុម​ចម្រៀង​ដំបូង​របស់​អ្នកនាង​នោះ បាន​ធ្វើ​ពិធី​អបអរ នៅ​ពេល​អ្នកនាង​បាន​ឈ្នះ​ពាន​រង្វាន់​អ្នកនិពន្ធ​បទម្រៀង​ប្រចាំ​ឆ្នាំ BRITs Songwriter of the Year។ អ្នកនាង​គឺជា​ស្រ្តី​ដំបូង​គេ​ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ ចាប់តាំងពី​ពានរង្វាន់​នេះ​ត្រូវបាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០២២។

ក្នុង​អំឡុងពេល​ទទួល​ពានរង្វាន់​អាល់ប៊ុម​ចម្រៀង​ប្រចាំ​ឆ្នាំ​ អ្នកនាង Raye មាន​ភាពរំជួលចិត្ត​និង​ស្រក់​ទឹកភ្នែក។ អ្នកនាង​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «អ្នក​មិន​ដឹង​ថា ពាន​រង្វាន់​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ខ្ញុំ​នោះ​ទេ»។ អ្នកនាង​បាន​ថ្លែង​ដូចនេះ ស្រប​ពេល​ដែល​នៅ​ឈរជិត​ជីដូន។ អ្នកនាង​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ «ការ​បន់ស្រន់» របស់​ជីដូន​អ្នកនាង​ផងដែរ។

អ្នកនាង​បាន​បន្ត​ថា៖ «ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​អាល់ប៊ុម​ចម្រៀង​នេះ។ ខ្ញុំ​ស្រឡាញ់​តន្រ្តី។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ការ​ក្លាយ​ជា​សិល្បករ ហើយ​ឥឡូវ​នេះ​ ខ្ញុំ​ជា​សិល្បករ​ម្នាក់​ដែល​ឈ្នះ​ពាន​រង្វាន់​អាល់ប៊ុម​ចម្រៀង​ប្រចាំ​ឆ្នាំ»។

ក្រុម​ចម្រៀង Jungle បាន​ឈ្នះ​ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំ​ឆ្នាំ ស្របពេល​ក្រុម​ចម្រៀង​រ៉ុក Bring Me the Horizon បាន​ឈ្នះ​ពានរង្វាន់​នៅ​ក្នុង​ផ្នែក​តន្រ្តី Alternative/rock ដោយ​យក​ឈ្នះ​លើ​ក្រុម​ចម្រៀង​ Blur និង​ក្រុម​ចម្រៀង​ The Rolling Stones។

ក្រុម​ចម្រៀង Blur បាន​ជាប់​បេក្ខភាព​ចំនួន​បី ប៉ុន្តែ​មិនបាន​ឈ្នះ​ពានរង្វាន់​ណា​មួយ​នោះ​ទេ។

តារា​ចម្រៀង Dua Lipa ដែល​បាន​ជាប់​បេក្ខភាព​លើ​ផ្នែក​ចំនួន​បី បាន​ឈ្នះ​ពាន​រង្វាន់​ផ្នែក​ចម្រៀង​ប៉ុប។

ក្រុម​អ្នក​រៀបចំ British Phonographic Industry បាន​និយាយ​ថា ជាង​ពាក់កណ្តាល ឬ​ ៥៥​ភាគរយ​នៃ​ការ​តែងតាំង​បេក្ខភាព​គឺ​មាន​រួម​បញ្ចូល​ស្រ្តី ដែល​ជា​សិល្បករ​ទោល ឬ​ជា​ផ្នែក​នៃ​ក្រុម​ចម្រៀងស្រ្តី​សុទ្ធ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG