ភាពយន្ត 'Return to Seoul' ឬ «វិលវិញសេអ៊ូល» របស់ផលិតករភាពយន្តខ្មែរបារាំងលោក ជូ ដាវី (Davy Chou) ត្រូវបានជ្រើសយកឲ្យតំណាងប្រទេសកម្ពុជា នៅក្នុងកម្មវិធីពានរង្វាន់ភាពយន្ត Academy Awards ឬ Oscarលើកទី ៩៥ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនផលិតកម្មភាពយន្ត Anti Archive នៅលើបណ្តាញសង្គម។
ភាពយន្តនេះត្រូវបានដាក់បញ្ចូលក្នុងប្រភេទភាពយន្តអន្តរជាតិខ្នាតធំ ដែលមានប្រទេសប្រមាណ ៩០ មកពីជុំវិញពិភពលោកផ្សេងទៀត ចូលរួមប្រកួតយកពានរង្វាន់ Oscar សម្រាប់ភាពយន្តអន្តរជាតិខ្នាតធំ ឆ្នាំ ២០២៣។ នៅខែធ្នូខាងមុខនេះ គណៈកម្មការវិនិច្ឆ័យនឹងបោះឆ្នោតជ្រើសយកភាពយន្តតែមួយចំនួនប៉ុណ្ណោះ ហើយក្រោយមក ភាពយន្តចំនួន ៥ នឹងត្រូវបានជ្រើសយកក្នុងជុំផ្តាច់ព្រ័ត្រ ហើយភាពយន្តតែមួយគត់ នឹងត្រូវប្រកាសជ័យលាភីពានរង្វាន់អូស្ការសម្រាប់ភាពយន្តអន្តរជាតិខ្នាតធំ នៅខែមីនា នាឆ្នាំក្រោយនេះ។
ភាពយន្ត 'Return to Seoul' ឬ «វិលវិញសេអ៊ូល» នេះ ទើបតែបានឈ្នះពានរង្វាន់ Audience Award នៅមហោស្រព Hamptons International Film Festival នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅនេះ ហើយក៏បានឈ្នះពានរង្វាន់ Top Jury Prize នៅមហោស្រពភាពយន្តអន្តរជាតិ Athens International Film Festival នៅប្រទេសក្រិក កាលពីខែមេសាផងដែរ។ កាលពីខែឧសភាកន្លងទៅភាពយន្តរបស់លោក ជូ ដាវី នេះ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមចាក់បញ្ចាំងជាអន្តរជាតិនៅមហោស្រពភាពយន្ត Cannes Film Festival លំដាប់ពិភពលោកដ៏ល្បីល្បាញ។
ទាំងនេះគឺជាសមិទ្ធិផលដ៏គួរឲ្យស្ងប់ស្ងែងសម្រាប់លោក ជូ ដាវី ដែលជាផលិតករភាពយន្តវ័យក្មេងដ៏ឆ្នើម ដែលបានតំណាងឲ្យកម្ពុជា និងដែលកំពុងតែធ្វើកិច្ចការជាច្រើន ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងវិស័យភាពយន្តរបស់ប្រទេសកម្ពុជាផងដែរ។
លោក ជូ ដាវី បានចំណាយពេលជាងបីឆ្នាំនិពន្ធសាច់រឿងនេះឡើង ដែលផ្តោតលើដំណើរឈ្វេងយល់ពីអត្តសញ្ញាណនិងដើមកំណើតរបស់ស្ត្រីជនជាតិបារាំងដើមកំណើតកូរ៉េខាងត្បូងម្នាក់។ នេះជារឿងរ៉ាវដែលរូបលោកខ្លួនឯងផ្ទាល់បានឆ្លងកាត់ ក្នុងជីវិតជាកូនរបស់ឪពុកម្តាយដែលជាជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសបារាំង។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយ The Upcoming លោក ជូ ដាវី បានឲ្យដឹងថា លោកបានផុសគំនិតផ្តួចផ្តើមនិពន្ធនិងផលិតភាពយន្តនេះ ដោយសារបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់មិត្តភក្តិរបស់លោកម្នាក់ ដែលបានកើតនៅប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានជ្រើសយកធ្វើជាកូនចិញ្ចឹមរបស់គ្រួសារមួយនៅប្រទេសបារាំង។
លោកបានរៀបរាប់ថា មិត្តភក្តិរបស់លោកមានភាពស្ទាក់ស្ទើរក្នុងការជួបជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន នៅពេលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសកំណើតរបស់ខ្លួន ក៏ប៉ុន្តែបានសម្រេចជួបឪពុកនិងជីដូនបង្កើត។ លោក ជូ ដាវី បានបញ្ជាក់ទៀតថា លោកបានធ្វើដំណើរជាមួយមិត្តភក្តិរបស់លោកទៅជួបឪពុកនិងជីដូនបង្កើតនោះ ហើយបានកត់សម្គាល់ឃើញបទពិសោធន៍ដ៏ស្មុគស្មាញនិងពិសេសមួយ គ្រាដែលមិត្តភក្តិរបស់លោកបានព្យាយាមឈ្វេងយល់ពីគ្រួសារបង្កើតរបស់ខ្លួននៅប្រទេសកូរ៉េខាងត្បូង។
ហើយបទពិសោធន៍ដ៏ស្មុគស្មាញ ដែលលាយលំដោយមនោសញ្ចេតនាជាច្រើន បានជំរុញឲ្យលោកនិពន្ធភាពយន្ត 'Return to Seoul' ឬ «វិលវិញសេអ៊ូល» នេះឡើង។
នៅខែវិច្ឆិកាខាងមុខនេះ ភាពយន្ត 'Return to Seoul' ឬ «វិលវិញសេអ៊ូល» នឹងចាក់បញ្ចាំងនៅប្រទេសកម្ពុជា ឲ្យប្រជាជនខ្មែរបានទស្សនាផងដែរ។
ភាពយន្តនេះត្រូវបានគ្រប់គ្រងផលិតដោយក្រុមហ៊ុន Aurora Films នៅប្រទេសបារាំង ដោយសហការជាមួយក្រុមហ៊ុន Anti Archive នៅប្រទេសកម្ពុជា ក្រុមហ៊ុន Vandertastic Films នៅប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុន Frakas Pictures នៅប្រទេសបែលហ្សិក៕