ការរាតត្បាតនៃវីរុសកូវីដ១៩ បានបង្ខំឲ្យបុគ្គលិកការិយាល័យជាច្រើនធ្វើការងាររបស់ពួកគេពីផ្ទះ។ ពួកគេកំពុងប្រើបច្ចេកវិទ្យាយ៉ាងច្រើនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសហការីរបស់ពួកគេ និងដើម្បីបំពេញការងាររបស់ពួកគេឲ្យបានចប់សព្វគ្រប់។ ប៉ុន្តែ ដើម្បីឲ្យក្រុមការងារធ្វើការពីចម្ងាយដាច់ពីគ្នាឲ្យបានដូចប្រក្រតី គឺមិនងាយស្រួលនោះទេ។
ទីក្រុងសាន់ហ្វ្រាន់ ស៊ីស្កូ ក្នុងពេលឥឡូវនេះ គឺទទេ។ អ្នកធ្វើការដែលអាចធ្វើបាន គឺកំពុងតែធ្វើការពីផ្ទះ ដើម្បីចៀសវាងការឆ្លងវីរុសកូវីដ១៩ បន្ទាប់ពីមានបទបញ្ជារបស់រដ្ឋាភិបាលឲ្យបិទទីក្រុងនេះ។
ក៏ប៉ុន្តែ មានបច្ចេកវិទ្យាច្រើន ដែលអាចឲ្យពួកគេប្រើប្រាស់ដើម្បីបំពេញការងាររបស់ពួកគេបាន។
នៅឯក្រុមហ៊ុន Range ដែលជាក្រុមហ៊ុនsoftwareមួយ បានបង្កើតកម្មវិធីដើម្បីឲ្យក្រុមការងារអាចទំនាក់ទំនងគ្នា ហើយបុគ្គលិកក្រុមហ៊ុនខ្លួនឯងក៏កំពុងព្យាយាមធ្វើយ៉ាងណាអាចបំពេញការងារពីផ្ទះបាន។
ក៏ប៉ុន្តែ លោក Braden Kowitz ដែលជាសហស្ថាបនិកក្រុមហ៊ុន Rangeនេះ ថ្លែងថា មានបញ្ហាប្រឈមជាច្រើន។ លោកបានថ្លែងក្នុងសម្តីដើមថា៖ «រឿងមួយក្នុងចំណោមរឿងមួយចំនួន ដែលខ្ញុំបានកត់សម្គាល់នៅពេលដែលមនុស្សធ្វើការពីផ្ទះ គឺថាពួកគេហាក់ដូចជាមានទំនោរក្នុងការផ្តាច់ទាំងការទាក់ទងគ្នាទូទៅ និងទំនាក់ទំនងផ្នែកវប្បធម៌»។
ដើម្បីជួយនិយោជិកអំពីបញ្ហានេះ នៅក្រុមហ៊ុន Range បានចាប់ផ្តើមធ្វើការត្រួតពិនិត្យជារៀងរាល់ថ្ងៃ ដូច្នេះទាំងប្រធាន ទាំងបុគ្គលិកដឹងអំពីផែនការរបស់គ្នាទៅវិញទៅមក។ ពួកគេ បន្ថែមសញ្ញា emojis ដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ។ ហើយពួកគេ បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាតាមរយៈការជជែកគ្នាតាមវីដេអូ។
អ្នកនាង Jennifer Dennard គឺជាស្ថាបនិកម្នាក់ទៀតនៃក្រុមហ៊ុន Range ដែលបានសិក្សាអំពីក្រុមការងារ។ អ្នកនាង បានថ្លែងក្នុងសម្តីដើមថា៖ «តាមការសិក្សាមួយរបស់យើង គឺថាវាពិតជាអាចជួយបានច្រើនក្នុងការដែលយើងនិយាយអំពីការងារផង និងអំពីរឿងផ្សេងៗផង ដូចជាការសួរសុខទុក្ខគ្នាជាដើម»។
មានបញ្ហាដែលអ្នកធ្វើការជាច្រើនកំពុងប្រឈមមុខនោះ គឺនៅពេលប្រជុំតាមរយៈវីដេអូ តើអ្នកសម្រេចថា អ្នកណាគួរនិយាយមុន? ក្រុមហ៊ុន Range បានរកឃើញវិធីមួយ។
អ្នកនាង Jennifer Dennard បានពន្យល់អំពីវិធីនោះក្នុងសម្តីដើមថា៖ «យើងពិតជាមានវិធី។ អ្វីដែលយើងប្រើនោះ មើលទៅដូចជារង្វង់មូលដែលមានសញ្ញាព្រួញ នៅពេលដែលយើងបង្វិលវា វានឹងចង្អុលទៅមនុស្សណាម្នាក់។ ការធ្វើដូចនេះ អាចជួយឲ្យសមាជិកម្នាក់ៗ មានឱកាសបាននិយាយស្មើៗគ្នា ដូច្នេះ គឺមិនមែនអ្នកណាអាចនិយាយឮជាងគេ និងមានអ៊ីនធឺណិតមានល្បឿនលឿនជាងគេអាចនិយាយបានច្រើនជាងគេនោះទេ»។
ការប្រើតិចនិចបច្ចេកទេស និងវិធីដូចក្រុមហ៊ុន Range បានប្រើនេះហើយ ដែលជួយមនុស្សឲ្យរកវិធីដើម្បីរក្សាប្រតិបត្តិការការងារក្នុងអំឡុងពេលមានជំងឺរាតត្បាតដូចសព្វថ្ងៃនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់