ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ​ សន្ទនា​ជា​មួយ​លោក​ ស៊ី ​ជីនពីង ពេល​អាមេរិក​នាំ​មុខ​ពិភព​លោក​លើ​ករណី​ឆ្លង​មេរោក​កូរ៉ូណា


រូបឯកសារ៖ ប្រធានាធិបតី​ចិន ស៊ី ជីនពីង (ស្ដាំ) ចាប់​ដៃ​ជាមួយប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ មុន​កិច្ច​ប្រជុំ​ទ្វេភាគី កាល​ពី​ឆ្នាំ ២០១៩ នៅ​ប្រទេស​ជប៉ុន។
រូបឯកសារ៖ ប្រធានាធិបតី​ចិន ស៊ី ជីនពីង (ស្ដាំ) ចាប់​ដៃ​ជាមួយប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ មុន​កិច្ច​ប្រជុំ​ទ្វេភាគី កាល​ពី​ឆ្នាំ ២០១៩ នៅ​ប្រទេស​ជប៉ុន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ ​បាន​ចុះ​ផ្សាយ​នៅ​លើ ​Twitter​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា «ខ្ញុំ​ទើប​តែ​បញ្ចប់​ការ​សន្ទនា​យ៉ាង​ល្អ​ជាមួយ​ប្រធានា​ធិបតី​ចិន​ លោក ស៊ី ជីនពីង។ ​យើង​បាន​ពិភាក្សា​គ្នា​ដ៏​លម្អិត​ពី​មេរោគ​កូរ៉ូណា​ដែល​កំពុង​រាត​ត្បាត​ផ្នែក​ធំៗ​របស់​ផែន​ដី​យើង។ ចិន បាន​ជួប​ប្រទះ​យ៉ាង​ច្រើន​និង​បាន​យល់​ដឹង​យ៉ាង​ខ្លាំង​ពី​មេរោគ​នេះ។ យើង​ នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា។ ដោយ​ការ​គោរព​គ្នា​បំផុត»។

ពាក្យ​សម្តី​ក្នុង​ Twitter ​នេះ​ មាន​ភាព​ខុស​គ្នា​ពី​កំណត់​សម្គាល់​ដោយ​ការ​បន្តុះ​បង្អាប់​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ប្រធានា​ធិបតី​អំពី​ប្រទេស​ចិន​នៅ​ក្នុង​សន្និ​សីទ​កាសែត​ដែល​លោក​ប្រធានាធិបតី​ ជារឿ​យៗ​ បាន​ហៅ​មេរោគ​នោះ​ថា​ជា​«វីរុស​ចិន»។ សហរដ្ឋ​អាមេរិក ​ឥឡូវ​នេះ​ មាន​ចំនួន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក ហើយ​សភា​អាមេរិក​ ជិត​ចាត់​វិធានការ​បញ្ចេញ​ប្រាក់​ជំនួយ​សេដ្ឋ​កិច្ច​សម្រាប់​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ​ហើយ។

រហូត​មក​ដល់​យប់​ថ្ងៃ​ព្រហស្បតិ៍​ ការ​កត់​ត្រាដោយ​មជ្ឈមណ្ឌល​សុខាភិបាល​របស់​សាកលវិទ្យាល័យ ​Johns Hopkins​ រក​ឃើញ​ជាង​៨​ម៉ឺន​៥​ពាន់​ករណី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បន្ទាប់​មក​ចិន​មាន​ជាង​៨​ម៉ឺន​១​ពាន់​ករណី និង​អ៊ីតាលី ប្រហែល​៨ម៉ឺន​៥រយ​ករណី។

រដ្ឋ​ញូយ៉ក ​ជា​កន្លែង​ផ្ទុះ​ដ៏​ខ្លាំង​ជាង​គេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ទីក្រុង​ញូវយ៉ក​ ជា​ចំណុច​ក្តៅ។មាន​ជាង​២ម៉ឺន​១ពាន់​ករណី​នៅ​ក្នុង​ទីក្រុង​ដ៏​ធំ​បង្អស់​របស់​អាមេរិក​នេះ ដោយ​ពួក​មន្រ្តី ​និយាយ​ថា ​ចំនួន​ឆ្លង​ កើន​ឡើង​យ៉ាង​ហោច​ណាស់​៣ពាន់​ករណី​ក្នុង​មួយ​ថ្ងៃ។

នៅ​ថ្ងៃសុក្រ​នេះ ​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ មាន​គម្រោង​អនុម័ត​កម្ម​វិធី​ជួយ​ សេដ្ឋកិច្ច​ដែល​មាន​ទឹក​ប្រាក់​២លាន​លាន​ដុល្លារ​ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​កាល​ពី​យប់​ថ្ងៃ​ពុធ ហើយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ថា លោក​ នឹង​ចុះ​ហត្ថលេខា​លើ​កម្មវិធី​ជួយ​សេដ្ឋកិច្ច​នោះ។​

សេចក្តី​ព្រាង​ច្បាប់​នោះ​ នឹង​ផ្តល់​ប្រាក់​ដោយ​ផ្ទាល់​ទៅ​ឲ្យ​បុគ្គល​ដែល​បាន​បាត់​ការងារ​ហើយ​ពាណិជ្ជកម្ម​របស់​ពួក​គេ​បាន​ត្រូវ​បង្ខំ​បិទ​ទ្វារ​ពីព្រោះ​តែ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​នេះ៕

XS
SM
MD
LG