នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson បានធ្វើតេស្តមានមេរោគកូវីដ១៩ វិជ្ជមាន។ នេះតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តី។
ក្នុងការប្រកាសតាមវីដេអូកាលពីថ្ងៃសុក្រម្សិលមិញនៅលើប្រព័ន្ធ Twitter លោក Johnson បាននិយាយថា «លោក បានក្តៅខ្លួនហើយក្អកមិនចេះអស់ដែលលោកបានពណ៌នាថា «ជារោគសញ្ញា»ស្រាលនៃមេរោគនោះ។
លោកនាយករដ្ឋមន្រ្តី បាននិយាយទៀតថា លោកកំពុងធ្វើការពីផ្ទះ ហើយ«បានស្ថិតនៅដាច់ពីគេ»ដែលលោកបាននិយាយថា ជាការត្រឹមត្រូវដែលត្រូវធ្វើ។
លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា «គ្មានការងឿងឆ្ងល់ឡើយថា ខ្ញុំអាចបន្តធ្វើការបាន។ អរគុណអាគមគាថានៃបច្ចេកវិទ្យាទំនើប ដែលនាំឲ្យមានការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណានេះ»។
ក្រៅពីការថ្លែងអំណរគុណដល់សេវាកម្មសុខភាពជាតិ លោកនាយករដ្ឋមន្រ្តី Johnson ក៏បានថ្លែងអំណរគុណពលរដ្ឋ៦សែននាក់ដែលបានស្ម័គ្រចិត្តចូលរួម ការខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសការពារពលរដ្ឋផ្សេងទៀតកុំឲ្យមានផលវិបាកដោយសារមេរោគកូរ៉ូណានេះ។
កាលពីព្រឹកថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានការសន្ទនាយ៉ាងល្អជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង។លោកប្រធានាធិបតី ត្រាំ បានចុះផ្សាយតាម Twitter ថា «ខ្ញុំទើបតែបញ្ចប់ការសន្ទនាដ៏ល្អជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ យើង បានពិភាក្សាយ៉ាងលម្អិតអំពីមេរោគកូរ៉ូណាដែលកំពុងរាតត្បាតផ្នែកដ៏ធំនានារបស់ផែនដីយើង។ ចិន បានឆ្លងកាត់បញ្ហានេះជាច្រើនហើយបានយល់យ៉ាងខ្លាំងពីមេរោគនេះ។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។យើងគោរពគ្នាទៅវិញទៅមកយ៉ាងខ្លាំង»។
កាលពីពេលមុន ចិន ជាទីកន្លែងផ្ទុះយ៉ាងខ្លាំងនូវមេរោគកូរ៉ូណា ក៏ប៉ុន្តែ ឥឡូវនេះសហរដ្ឋអាមេរិក មានករណីមេរោគនោះច្រើនជាងចិន។
មានសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ថា ឯកអគ្គរដ្ឋទូតរបស់ប្រទេស៩ប្រចាំនៅអង្គការសហប្រជាជាតិ រួមមានចិន គុយបា អ៊ីរ៉ង់ នីការ៉ាហ្គា កូរ៉េខាងជើង រុស្ស៊ី ស៊ីរី និងវ៉េណេស៊ុយអេឡា កំពុងស្នើសុំឲ្យលោកអគ្គលេខាអង្គការសហប្រជាជាតិ Antonio Gutteres គៀបសង្កត់សហរដ្ឋអាមេរិកឲ្យលុបចោលការដាក់ទណ្ឌកម្មដែលពួកគេ អាចប្រយុទ្ធប្រកបដោយប្រសិទ្ធិភាពប្រឆាំងនឹងមេរោគកូរ៉ូណា។ ឯកអគ្គរដ្ឋទូតទាំងនោះ បានចោទប្រកាន់សហរដ្ឋអាមេរិកពីការយកការរាលដាលជាសាកលនៃមេរោគកូរ៉ូណាជារឿងនយោបាយ៕