ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​រំកិល​ទៅ​មុខ តើគោលការណ៍​មិន​​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​អាស៊ាន​នៅ​មាន​សារៈសំខាន់​ឬ​ទេ?


ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ​កៅអី​សម្រាប់ប្រទេស​មីយ៉ាន់ម៉ា មិនមានអ្នកអង្គុយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ​កៅអី​សម្រាប់ប្រទេស​មីយ៉ាន់ម៉ា មិនមានអ្នកអង្គុយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ចាប់តាំង​ពី​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត​ចេញ​ពី​អំណាច​កាល​ពី​ថ្ងៃ​ទី១​ ខែ​កុម្ភៈ ឆ្នាំ​២០២១​មក សមាគម​អាស៊ាន​បាន​ព្យាយាម​ដោះស្រាយ​វិបត្តិ​នានា​នៅ​ក្នុង​ប្រទេស​នេះ។ សមាគម​នេះ​បាន​បង្កើត​ជា​គោលការណ៍​ព្រមព្រៀង​៥​ចំណុច​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ ការ​បញ្ឈប់​អំពើ​ហិង្សា ការ​អនុវត្ត​កិច្ចពិភាក្សា​ប្រកប​ដោយ​លក្ខណៈ​រួមបញ្ចូល ការ​ចាត់តាំង​ប្រេសិត​ពិសេស និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ទៅកាន់​មីយ៉ាន់ម៉ា។​

ប៉ុន្តែ​ដោយសារ​មីយ៉ាន់ម៉ា​មិន​ទាន់​បាន​អនុវត្ត​ចំណុច​ណា​មួយ​នៅ​ក្នុងកិច្ចព្រមព្រៀងនេះ អាស៊ាន​បាន​ប្រកាន់​ជំហរ​មួយតាមរយៈ​ការ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ប្រទេស​ថៃ​បានព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​រវាង​អាស៊ាន​និង​មីយ៉ាន់ម៉ា ដោយ​រៀបចំ​ជា​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​មួយ​ជាមួយ​តំណាង​ពី​មីយ៉ាន់ម៉ា។ យ៉ាងណាក្តី មាន​តែ​រដ្ឋមន្រ្តី​ការបរទេស​ថៃ​លោក Don Pramudwinai និង​រដ្ឋមន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា​លោក Than Swe ប៉ុណ្ណោះ​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ។

អ្នក​ជំនាញ៖ គោលការណ៍​មិន​ជ្រៀតជ្រៀត​កិច្ចការ​ផ្ទៃ​ក្នុង​មាន​ភាព​មិន​ដាច់​ខាត

លោក Pandu Prayoga អ្នក​ជំនាញ​ពី​ទីភ្នាក់ងារ​ស្រាវជ្រាវ​និង​នវានុវត្តន៍​ជាតិ​ឥណ្ឌូណេស៊ី (BRIN) បាន​និយាយ​កាល​ពី​ថ្ងៃ​ទី៧ ខែ​កក្កដា​ថា ការ​មិន​អើពើ​របស់​មីយ៉ាន់ម៉ា​ចំពោះ​គោលការណ៍​ព្រមព្រៀង​ប្រាំ​ចំណុចបាន​បង្ក​ការ​ប៉ះពាល់​មិន​ត្រឹម​តែ​មក​លើ​ការ​ជឿទុក​ចិត្ត​លើ​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំង​មក​លើ​កេរ្តិ៍ឈ្មោះ​របស់​សមាគម​នេះ​នៅ​ឆាក​អន្តរជាតិ​ផង​ដែរ។ លោក​បាន​បន្ត​ថា និន្នាការ​បច្ចុប្បន្ន​នេះ​មិន​អំណោយ​ផល​ដល់​ សមាគម​អាស៊ាន​ ខណៈ​ប្លុក​នេះកំពុង​ផ្តោត​លើ​ការ​ពង្រឹង​មជ្ឈភាព​របស់​ខ្លួន ស្រប​ពេល​មាន​ការ​ប្រជែង​អំណាច​នៅ​លើ​សាកលលោក។

តើ​មីយ៉ាន់ម៉ា​កំពុង​ជ្រក​ការពារ​ខ្លួន​ក្រោម​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អាស៊ាន​ឬ? គោលការណ៍​នេះចែងថា​ សមាជិក​ប្លុក​នេះ​មិន​អាច​លូកដៃ​ដោយ​ផ្ទាល់ចូល​ក្នុង​រឿង​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក​ដទៃ​ទៀត​នោះ​ទេ។ ប៉ុន្តែ​លោក​ Pandu បាន​លើកឡើង​ថា គោលការណ៍​នេះ​មិន​គួរ​បង្ក​ជា​ចំណោទ​មក​លើ​គោលការណ៍​មូលដ្ឋាន​ដទៃ​ទៀត​ រួម​មាន ការ​ប្រកាន់ខ្ជាប់​ទៅ​នឹង​សិទ្ធិមនុស្ស​ និង​សាមគ្គីភាព​នោះទេ។ លោក​បាន​បន្ថែម​ថា គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គឺ​ មាន​ភាព​មិន​ដាច់ខាត​នោះ​ទេ។

លោក​ Pandu ដែល​តាមដាន​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​ប្រចាំ​ទី​ភ្នាក់ងារ​ស្រាវជ្រាវ​និង​នវានុវត្តន៍​ជាតិ​ឥណ្ឌូណេស៊ី (BRIN) បានថ្លែង​ថា៖ «គោលការណ៍​មិន​លូកដៃ​រឿង​ផ្ទៃ​ក្នុងមាន​ប្រវត្តិ​ជា​យូរ​មក​ហើយនៅ​អាស៊ាន ហើយ​វា​បាន​បង្ហាញ​ថា គោលការណ៍​នេះមាន​ឥទ្ធិពល​ក្នុង​បរិបទបូរណភាពនិង​ឯករាជ្យភាព​ជាតិ។ គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​មិន​ត្រឹម​តែ​ជា​គោលការណ៍​របស់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​គោលការណ៍​ទទួល​ស្គាល់​ជា​សាកល​មួយ។ យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ករណី​មីយ៉ាន់ម៉ា គោលការណ៍​នេះ​គួរ​តែ​ត្រូវ​យក​មក​ពិនិត្យ​និង​កែ​សម្រួលទៅ​តាម​ស្ថានភាព»។

គោលការណ៍​ «ទំនួលខុសត្រូវ​ដើម្បី​ការពារ»

​នៅ​ក្នុង​បទសម្ភាសន៍​ដោយ​ឡែក​មួយ អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិប្រចាំ​សាកលវិទ្យាល័យ University of Diponegoro នៅ​ខេត្ត Central Java (ជ្វា​កណ្តាល) ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី លោក Mohamad Rosyidin បាន​និយាយ​ថា សមាជិក​អាស៊ាន​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះបង់​ចោល​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង។ លោក​បាន​បន្ត​ថា ថៃ​បាន​ស្នើ​សុំ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​លើ​គោលការណ៍​នេះ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​នោះ​ទេ។

លោក​ Rosyidin បាន​លើកឡើង​ថា គោលការណ៍​នេះ​គួរ​មាន​មក​ជាមួយ​នឹង​លក្ខខណ្ឌ​តិចតួច​ ជាជាង​និយ័តកម្ម​ដាច់ខាត។

លោក​ក៏​បាន​អះអាង​ថា អាស៊ាន​គួរ​អនុវត្ត​នូវ​គោលការណ៍​ «ទំនួលខុសត្រូវ​ដើម្បី​ការពារ» (Responsibility to Protect ឬ R2P) ដែល​អនុញ្ញាត​ឱ្យ​ប្រទេស អង្គការ​ក្នុង​តំបន់ និង​ភាគី​ខាងក្រៅ​ដទៃ​ទៀត ធ្វើ​អន្តរាគមន៍​ នៅ​ពេលឧក្រិដ្ឋកម្ម​សង្រ្គាម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​មនុស្សជាតិ​បាន​កើត​ឡើង ដូចជា នៅ​មីយ៉ាន់ម៉ា​ជា​ដើម។

​លោក Rosyidin បាន​សង្កត់​ថា ការ​អនុវត្ត​គោលការណ៍​ទំនួលខុសត្រូវ​ដើម្បី​ការពារ​គឺ​មិនមែន​សំដៅ​តែលើ​ការ​ដាក់​ពង្រាយ​កងកម្លាំង​យោធា​ទៅ​កាន់​ប្រទេស​ជាក់លាក់​ណា​មួយ​នោះ​ទេ ពីព្រោះ​សង្រ្គាម​គឺ​ជា​ជម្រើស​ចុងក្រោយ។ លោក​បាន​កត់​សម្គាល់​ថា យោង​តាម​បទដ្ឋាន ភាគី​ដទៃ​ទៀត​មិន​គួរ​នៅ​ស្ងៀម នៅ​ពេល​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​កើតឡើង​នោះ​ទេ។

លោក​ Rosyidin បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​កំពុង​កើត​ឡើង​នៅ​មីយ៉ាន់ម៉ា​បាន​បង្ក​ជា​មន្ទិល​លើ​សារៈសំខាន់​នៃ​គោលជំហរ​មិន​លូកដៃ​របស់​អាស៊ាន។ ខ្ញុំ​ជឿ​ថា គោលការណ៍​មិន​លូកដៃក្នុង​រឿង​ផ្ទៃ​ក្នុង​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​ចំណោម​បណ្តា​ប្រទេសសមាជិក​អាស៊ាន​ជា​លទ្ធផល​នៃ​ប្រវត្តិទទួល​រងអាណានិគម។ តែ​សម្រាប់​ពេល​នេះ គោលការណ៍​នេះ​ត្រូវតែ​មាន​ការ​កែសម្រួល​ឡើង​វិញ»។

​ឥណ្ឌូណេស៊ី៖ កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​ធម្មនុញ្ញ​អាស៊ាន​ត្រូវ​បាន​ពិភាក្សា

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​លោក Teuku Faizasyah បាន​សង្កត់​ធ្ងន់​ថា គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងគឺ​មិន​មាន​តែ​សម្រាប់​អាស៊ាន​នោះ​ទេ ដោយសារ​តែ​គោលការណ៍​នេះ​ត្រូវ​បាន​ចែង​ឡើង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ លោក​បាន​និយាយ​ថា អាស៊ាន​មាន​ការ​បើក​ចំហ​ក្នុង​ការ​ពិភាក្សាពី​បញ្ហា​នានា ដែល​សមាជិក​របស់​ខ្លួន​កំពុងប្រឈមមុខ។

​លោក​បាន​បន្ថែម​ថា គំនិត​ក្នុង​ការ​ពង្រឹង​ធម្មនុញ្ញ​អាស៊ាន ដូច​ដែល​អ្នក​ជំនាញ​មួយ​ចំនួន​បាន​ជំរុញ​ឡើង​គឺ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន។ លោក​បាន​បន្ថែម​ថា មាន​កិច្ចពិភាក្សា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ឋានៈ​របស់​ប្រទេស​មួយ នៅ​ពេល​ប្រទេស​នេះ​បាន​បំពាន​គោលការណ៍​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន។

លោក Faizasyah បាន​ថ្លែង​ថា៖ «មក​ទល់​ពេល​នេះ យើង​បាន​ដាក់​បម្រាម​លើ​មន្រ្តី​តំណាង​ឱ្យ​របប​សឹកក្នុង​ការ​តំណាង​ឱ្យ​មីយ៉ាន់ម៉ា​នៅកិច្ចប្រជុំ​អាស៊ាន​ ប៉ុន្តែ​ការ​ធ្វើ​ដូច​នេះ​គឺ ​មិន​មាន​ដាក់​បញ្ចូល​ក្នុង​ធម្មនុញ្ញ​ពី​មុនមក​នោះ​ទេ។ នា​ពេល​បច្ចុប្បន្ន មន្រ្តី​ជាន់ខ្ពស់​កំពុង​ពិភាក្សា​ពី​និយ័តកម្ម​នេះ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG